en     km
en     km

ក្រសួងកសិកម្មហាមមិនឱ្យលែងត្រីមានប្រភពពីបរទេសចូលទឹកធម្មជាតិ ដែលអាចប៉ះពាល់ពូជសត្វក្នុងស្រុក

Share

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសហាមមិនឱ្យលែងត្រី ដែលមានប្រភពដើមកំណើតមកពីក្រៅប្រទេសចូលក្នុងដែនទឹកធម្មជាតិ ព្រោះវាអាចនាំឱ្យប៉ះពាល់ដល់ពូជសត្វក្នុងស្រុក។ ក្រសួងបញ្ជាក់ថា វារីសត្វ ឬប្រភេទត្រី មានដើមកំណើតពីក្រៅប្រទេសមួយចំនួន ជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន បើប្រភេទត្រីទាំងនោះមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ វានឹងស៊ីត្រីក្នុងធម្មជាតិ និងអាចដណ្ដើមទីជម្រកត្រីក្នុងស្រុកជាដើម។

ការហាមប្រាមរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មដូច្នេះ បន្ទាប់ពីមានបណ្ដាញសង្គម Tik Tok មួយបានបង្ហោះការលែងត្រីរ៉ស់យក្សមួយក្បាល ចូលដែនទឹកធម្មជាតិបឹងទន្លេសាប កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ហើយត្រីនោះមានប្រភពមកពីព្រៃអាម៉ាហ្សូន។

រដ្ឋបាលជលផលនៃក្រសួងកសិកម្មថា បើសិនប្រជាពលរដ្ឋមានបំណងលែងត្រី ឬវារីសត្វមានប្រភពពីក្រៅប្រទេស គួរទាក់ទងមន្ដ្រីជំនាញជលផលជាមុនសិន។

កាលពីពេលកន្លងទៅ ក៏មានការភ្ញាក់ផ្អើលមួយដែរ អំពីការនាំចូលត្រីពីរ៉ាន់ញ៉ា ដែលជាប្រភេទត្រីមានដើមកំណើតនៅបរទេស និងមានលក្ខណៈកាចសាហាវ ដោយស៊ីសាច់ឆៅជាអាហារ។ កាលនោះរដ្ឋបាលជលផលដដែលបានចុះបង្ក្រាប និងធ្វើលិខិតសន្យាជាមួយម្ចាស់អាជីវកម្មឱ្យឈប់នាំចូលត្រីប្រភេទនេះ ព្រោះ វាអាចធ្វើឱ្យប៉ះពាល់ប្រភេទត្រីធម្មជាតិដ៏ទៃទៀត មនុស្ស សត្វ និងបរិស្ថាន។

ផ្ទុយទៅវិញ រដ្ឋបាលជលផលលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ពិសេសអ្នកនេសាទចូលរួមលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វដូចជាត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្ដើកហ្លួង អណ្ដើកសមុទ្រ ផ្សោតសមុទ្រវិញ ព្រោះសកម្មភាពនេះជាការចូលរួមការពារនូវធនធានជលផល និងទទួលបានគាំទ្រ និងសាទរពីមហាជន៕

Share

ព័ត៌មានទាក់ទង

Image