មួយរយៈពេលចុងក្រោយនេះ សមត្ថកិច្ចហាក់ដុតដៃដុតជើងក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន នៅតាមខេត្តមួយចំនួនបានរាប់តោនត្រឹមរយៈពេល២-៣ថ្ងៃប៉ុណ្ណោះ។ ជាក់ស្ដែងកាលពីថ្ងៃ២៤ ខែមករា ឆ្នាំ២០២៤ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា ខ្លួនបានចុះបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំនៅខេត្តព្រះសីហនុ បានចំនួន១តោនកន្លះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤កន្លងទៅ។
ផ្អែកតាមមន្ទីរប្រឆាំងគ្រឿងញៀន ជនដែលជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែននោះ គឺជាជនជាតិចិនមានគ្នា ៥នាក់ ក្នុងគោលបំណងនាំយកមេគ្រោះទាំងនេះ ពីប្រទេសឡាវ ឆ្លងកាត់កម្ពុជា ចេញតាមលំហសមុទ្រ ទៅដែនកោះតៃវ៉ាន់ នៅទីតាំង៣កន្លែងផ្សេងៗគ្នា។ ទីតាំងទាំងនោះមាន ទី១ គឺកំពង់ផែកំពេញស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទី២៖ផ្ទះជួលគ្មានលេខ ផ្លូវទំនប់រលក ភូមិ៣ សង្កាត់ លេខ១ ក្រុងព្រះសីហនុ និងទី៣៖ ផ្ទះលេខ១៥៦ ផ្លូវ២៣ បុរីមួយកន្លែង ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
យ៉ាងណា សម្រាប់វត្ថុតាងដែលចាប់យកបានរួមមាន គ្រឿងញៀនប្រភេទកេតាមីន និងគ្រឿងញៀនមេតំហ្វេតាមី ទូកនេសាទចំនួន ២គ្រឿង, រថយន្ត ០១គ្រឿង, ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០៨គ្រឿង។ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងព្រះសីហនុ តាមនីតិវិធី។
ដោយឡែកកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែរ នៅខេត្តព្រះវិហារឯណ្ណោះវិញ សមត្ថកិច្ចក៏ប្រទះឃើញគ្រឿងញៀនជាង១តោនផងដែរ ត្រូវបានប្លុងចោលក្នុងរថយន្ដមួយគ្រឿង នាស្រុកជ័យសែន។ តែសមត្ថកិច្ចមិនទាន់អាចស្វែងរកមេខ្លោងណាម្នាក់ទៅទទួលខុសត្រូវបានភ្លាមៗទេ។ សមត្ថកិច្ចបញ្ជាក់ថាជាការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ មានប្រភពចេញពីប្រទេសឡាវ ដោយឆ្លងកាត់ខេត្តព្រះវិហារ និងឆ្ពោះទៅកាន់គោលដៅផ្សេងៗ។
ដំណាលគ្នានេះដែរ នៅលើហ្វេសប៊ុកមន្ទីរប្រឆាំងគ្រឿងញៀន ក៏បង្ហាញមុខជនជួញដូរ រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនផ្សេងទៀតដែរ ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងភូមិសាស្ដ្រភ្នំពេញ និងកំពង់ស្ពឺ។
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ បានឱ្យដឹង លទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចំនួន៨លើក កន្លងទៅ ចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ ២០២៣ កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួនជាង ៥៥ ៣០៥ករណី ឃាត់ខ្លួនជនសង្ស័យ ១២០ ៣០៧នាក់ ចាប់យកសារធាតុញៀន គ្រប់ប្រភេទទម្ងន់ប្រមាណ ២៧ ៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណជាង ៥២ម៉ឺនគីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារៈនិងវត្ថុតាងជាច្រើនទៀត។
ក្រុមសង្គមស៊ីវិលបានលើកឡើងកាលពីឆ្នាំ២០២៣ថា ដរាបណារដ្ឋាភិបាលនៅតែមិនមានវិធានការច្បាប់ឱ្យបានតឹងរ៉ឹង ទៅលើកម្លាំងប្រដាប់អាវុធ ដែលពាក់ព័ន្ធជាមួយការជួញដូរគ្រឿងញៀននោះទេ នោះចរាចរណ៍គ្រឿងញៀននៅតែអាចបន្តចែកចាយយ៉ាងអនាធិបតេយ្យក្នុងប្រទេស។ យ៉ាងណានៅដើមឆ្នាំ២០២៤ ក្នុងអាណត្តិទី៧នៃនីតិកាលតំណាងរាស្ត្រនេះ មន្ត្រីនៃក្រសួងមហាផ្ទៃមួយចំនួនត្រូវបានបាត់បង់តំណែង ក្រោយរកឃើញថាពាក់ព័ន្ធនឹងករណីគ្រឿងញៀន៕