en     km
en     km

🟢ម្ចាស់ហ្វេសប៊ុកលាក់មុខឈ្មោះ Chivann Pen ជាអ្នកណា?

Share

ផ្ទៀងផ្ទាត់៖ ម្ចាស់គណនីហ្វេសប៊ុកលាក់មុខដែលដាក់ឈ្មោះថា Chivann Pen ហៅតាប្រមឹក ដែលបានបង្ហោះសារចោទមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល២រូបជុំវិញករណីកិបកេងប្រាក់រាប់លានដុល្លារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយតុលាការកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់។ សាធារណជនមួយចំនួនកំពុងតាមដានចង់ដឹងថាម្ចាស់ហ្វេសប៊ុកលាក់មុខឈ្មោះ ដែលចោទប្រកាន់មិនសំចៃមាត់នេះជានរណា? សូមតាមដានសេចក្ដីរាយការណ៍របស់លោក គីម ចាន់ចាវ ដោយមត្រី!

ការឃាត់ខ្លួននេះបន្ទាប់ពី កន្លងទៅ គណនីហ្វេសប៊ុកឈ្មោះ Chivann Pen ហៅតាប្រមឹក បានបង្ហោះសារលើកឡើងអំពីការកិបកេងប្រាក់ដោយ លោក ព្រាប កុល និង លោក យ៉ង់ សាំង កុមារ។ ការហ៊ានអះអាងបែបនេះ ដោយសំអាងលើភស្តុតាងមួយចំនួនរួមមាន លំហូរសាច់ប្រាក់ក្នុងប្រព័ន្ធធនាគារ វីដេអូនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលផ្តល់ដោយអ្នកវិនិយោគ និងសមាជិកនៃក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនCIC ។

ក៏ប៉ុន្តែព័ត៌មាននៃការលើកឡើងទាំងអស់​នោះត្រូវបានសាម៉ីខ្លួនទាំងពីរនាក់ បានចេញមុខបដិសេធ និងបញ្ជាក់ថាជាការប្រឌិតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់បុគ្គលទាំងពីរនាក់។ លោកព្រាប កុល បានបដិសេធ ដោយចាត់ទុកការលើកឡើងនេះជារឿងមិនពិត​ និងបានស្នើឱ្យបុគ្គលឈ្មោះ Chivann Pen លុបសំណេររបស់ខ្លួនចេញ និងសុំទោសលោកជាសាធារណៈ។ តែម្ចាស់គណនីហ្វេសប៊ុកមួយនេះ មិនព្រមធ្វើតាមសំណើ ទើបលោកព្រាប កុល ឱ្យមេធាវីដាក់ពាក្យបណ្តឹងតែម្តង។ លោក ព្រាប កុល និងលោក យ៉ង សាំងកុមារ គឺជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលទើបនឹងងាកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាអំឡុងឆ្នាំកាលពីជាង១ឆ្នាំមុន បន្ទាប់ពីពួកគេបានធ្វើការសង្គមស៊ីវិល និងធ្វើនយោបាយរិះគន់យ៉ាងចាស់ដៃលើរដ្ឋាភិបាលនៃគណបក្សប្រជាជននេះ។

សារលើហ្វេសប៊ុកឈ្មោះChivann Pen ហៅតាប្រមឹក បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ទើបជំរុញឱ្យមានប្រតិកម្មរបស់លោក ព្រាប កុល និងលោក យ៉ង់ សាំងកុមារ ដ្បិតថាបានរិះគន់និងចោទប្រកាន់យ៉ាងចាស់ដៃលើអ្នកទាំងពីរ ថាបានកិបកេងលុយអស់រាប់សិបលានដុល្លារ ពីមូនិធិរបស់ក្រុមហ៊ុន ខេមបូឌាន អ៊ីនវេសស្ទ័រ ខេបភីថល ផាតនើរ (CIC)។ ក្នុងនោះលោក យ៉ង សាំងកុមារ កិបកេងអស់៣០លានដុល្លារ ចំណែកលោក ព្រាប កុល កិបកេង៨០លានដុល្លារ។ នេះបើតាមហ្វេសប៊ុកឈ្មោះChivann Pen ហៅតាប្រមឹក។

ក្រោយលេចឮព័ត៌មាននៃការចាប់ខ្លួនម្ចាស់គណនីហ្វេសលាក់មុខដែលតែងរិះគន់បញ្ហាសង្គម ពិសេសពាក់ព័ន្ធវិស័យកសិកម្មរូបនេះ ធ្វើឱ្យសាធារណជនមួយចំនួនឆ្ងល់ថាតើម្ចាស់គណនីដែលផុសសារចោទប្រកាន់បុគ្គលសាធារណៈដែលជាមន្ត្រីរដ្ឋាភិបាលទាំងពីរខាងលើជានរណា? ក្នុងនោះប្រិយមិត្តរបស់វិទ្យុស្ត្រីក៏បានស្នើសុំឱ្យក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាន ស្វែងរកព័ត៌មាននេះផងដែរ។

ក្រោយទទួលបានព័ត៌មាននេះក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានរបស់វិទ្យុស្ត្រីនៅថ្ងៃទី២៤ ខែមករា បានព្យាយាមទាក់ទងសុំការផ្ដល់សម្ភាសន៍ពី លោក សំ វិឆ្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។ ដោយមិនបញ្ជាក់ប្រាប់ពីតួនាទី លោកបានឱ្យថា បុគ្គលឈ្មោះ យ៉ង់ ប៉ាក់ គឺជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chivann Pen ហៅតាប្រមឹក ហើយត្រូវជនរងគ្រោះប្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស៊ើបអង្កេតចាប់ខ្លួន។

«បុរសឈ្មោះ យ៉ង ប៉ាក់ នេះ ត្រូវបានបញ្ជូលទៅតុលាការកាលពីថ្ងៃទី២២ ខែមករា ២០២៤ កន្លងទៅថ្មី ហើយបើយោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចជំនាញ គឺនៅថ្ងៃនេះ បុរសនោះត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យនាំខ្លួន ទៅដាក់ពន្ធនាគារបណ្ដោះអាន្នហើយបាទ»។

ផ្អែកតាមដីកាបញ្ជាឱ្យចូលខ្លួនដែលបង្ហោះដោយ គណនីហ្វេសប៊ុកឈ្មោះ មយូរា ទឹកកក លោក យ៉ង ប៉ាក់​ កើតឆ្នាំ១៩៨០ មុខរបរជា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន AGRIBEE (Cambodia) PLC។ លោក គឺជាម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងផ្នែកធុរកិច្ចបរិយាប័ន្ន នៃកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា កាលពីឆ្នាំ២០២១កន្លងទៅ។ ការឃាត់ខ្លួនលោកនៅពេលនេះគឺពាក់ព័ន្ធ បទចោទចំនួន​ ២ករណី គឺបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។

លោក យ៉ង់ ប៉ាក់ ធ្វើបទបង្ហាញពីការធានារ៉ាប់រងលើដំណាំស្រូវជូនដល់ប្រជាកសិករ កាលពីឆ្នាំ២០១៩។ ប្រភព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ

ក្រុមអ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំងដែលកំពុងផ្ញើរសំឡេងពីក្រៅប្រទេស ក្រុមបញ្ញវន្ត ក្រុមអ្នកតាមដានស្ថានការណ៍សង្គម​ និងពលរដ្ឋផងនោះ ភាគច្រើនសុទ្ធតែបានស្គាល់ហ្វេសប៊ុកឈ្មោះ Chivann Pen ហៅតាប្រមឹក ដែលរិះគន់លើបញ្ហាសង្គម និងចុងក្រោយវាយប្រហារលើរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទាំងពីររូបខាងលើ។ ពួកគេស្គាល់ច្រើនអំពី ហ្វេ សប៊ុកឈ្មោះ Chivann Pen ប៉ុន្តែរូបរាង មុខ មាត់ពិត អាចនឹងមិនមានអ្នកស្គាល់ឡើយ។ រូបភាពមុខមាត់មនុស្សដែលដាក់លើប្រូហ្វាលហ្វេសប៊ុក Chivann Pen ត្រូវបានគេចាត់ទុកថាគ្រាន់តែជារូបភាពតំណាងតែប៉ុណ្ណោះ៕

Share

ព័ត៌មានទាក់ទង

Image