en     km
en     km

ឯកអគ្គរដ្ឋទូតអូស្ដ្រាលី គាំទ្រឱ្យស្ដ្រីកម្ពុជាទៅទទួលសេវាសុខភាពផ្លូវភេទ និងបន្ដពូជនៅគ្លីនិកម៉ារីស្ដូប

Share

ខណៈគ្លីនិកអង្គការម៉ារីស្ដូប ជាស្ថាប័នមួយនៅកម្ពុជា ដែលចូលរួមលើកកម្ពស់សេវាថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្ដពូជស្ដ្រី មានសុវត្ថិភាព និងគ្រប់ជ្រុងជ្រោយ លោកឯកអគ្គរដ្ឋទូតអូស្ដ្រាលី គាំទ្រឱ្យស្ដ្រីកម្ពុជាទៅទទួលសេវាសុខភាពផ្លូវភេទ និងបន្ដពូជនៅគ្លីនិកនេះ។ លោកឯកអគ្គរដ្ឋទូត ចាស្ទីន វ៉ាយអេត ថា គ្លីនិកអង្គការម៉ារីស្ដូបបាន គាំទ្រដល់ស្ដ្រីគ្រប់រូបក្នុងការធ្វើការសម្រេចចិត្តចំពោះជីវិតរបស់ពួកគេ រួមទាំងសិទ្ធិសម្រេចក្នុងការមានផ្ទៃពោះផងដែរ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ឯកអគ្គរដ្ឋទូតអូស្ដ្រាលីប្រចាំប្រទេសកម្ពុជា លោក ចាស្ទីន វ៉ាយអេត បានលើកឡើងថា ភាគីអូស្ដ្រាលីគាំទ្រដល់ស្ដ្រីគ្រប់រូបឱ្យទៅទទួលសេវាថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្ដពូជ នៅគ្លីនិកអង្គការម៉ារីស្ដូបអន្ដរជាតិកម្ពុជា។ ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតបែបនេះ ធ្វើឡើងបន្ទាប់ពីលោកបានចុះទៅធ្វើទស្សនកិច្ចនៅអង្គការម៉ារីស្ដូប នាខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

លោក ចាស្ទីន វ៉ាយអេត បានបញ្ជាក់ថា ហេតុផលដែលភាគីអូស្ដ្រាលីគាំទ្រឱ្យស្ដ្រីកម្ពុជា ទៅទទួលសេវាសុខភាពនៅអង្គការម៉ារីស្ដូប ដោយសារគ្លីនិកនេះគាំទ្រដល់ស្ដ្រីគ្រប់រូបក្នុងការធ្វើការសម្រេចចិត្តចំពោះជីវិតរបស់ពួកគេ រួមទាំងសិទ្ធិសម្រេចក្នុងការមានផ្ទៃពោះផងដែរ។

ផ្អែកតាមសេចក្ដីថ្លែងការណ៍របស់អង្គការម៉ារីស្ដូបថា គ្លីនិកអង្គការម៉ារីស្ដូប គឺជាស្ថាប័ននាំមុខគេមួយនៅកម្ពុជា ផ្នែកមធ្យោបាយពន្យារកំណើត ការរៀបចំផែនការគ្រួសារ និងសេវារំលូតដោយសុវត្ថិភាពដោយផ្ដល់នូវសេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយសម្រាប់ស្ដ្រីគ្រប់វ័យ។

ជាមួយគ្នា រដ្ឋាភិបាលអូស្ដ្រាលី កំពុងឧបត្ថម្ភថវិកាគាំទ្រដល់គម្រោងចំនួន២ ដែលអនុវត្តដោយអង្គការនេះផ្ទាល់។ គម្រោងទី១ គឺជាការឆ្លើយតបតាមរយៈការផ្ដល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្ដពូជសំខាន់ៗ និងសិទ្ធិ និងយន្ដការថ្មីក្នុងការផ្ដល់សេវាសេវាសុខភាព ហៅកាត់ថា (RESPOND)។ ចំណែកគម្រោងទី២ គឺជាកិច្ចសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្ដ្រាលី ហៅកាត់ថា (ANCP)។

តាមរយៈគម្រោងទាំងពីរនេះ អង្គការម៉ារីស្ដូបអន្ដរជាតិបានផ្ដល់ការប្រឹក្សាជូនស្ដ្រីគ្រប់វ័យ គឺចាប់ពីស្ដ្រីមានរដូវរហូតដល់វ័យអស់រដូវ ក្នុងនោះមានក្មេងជំទង់ យុវជន ស្ដ្រីមានពិការភាព និងក្រុមជនដែលត្រូវការការគាំទ្រផ្សេងៗ។

គម្រោងទាំងពីរខាងលើនេះដែរ មានគោលបំណងបង្កើនលទ្ធភាពឱ្យស្ដ្រីទៅទទួលសេវាសុខភាពផ្លូវភេទ និងសុខភាពបន្ដពូជ ដែលមានគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយ ដោយរួមបញ្ជូលទាំងការផែនការគ្រួសារជូនដល់គ្រប់ស្ដ្រីក្នុងវ័យបន្ដពូជ ប្រកបដោយសមភាព។ នេះបើយោងតាមអង្គការម៉ារីស្ដូបដដែល។

សូមបញ្ជាក់ថា ក្នុងគម្រោង RESPOND អង្គការម៉ារីស្ដូបបានទទួលភាពជោគជ័យក្នុងពីឆ្នាំ២០២១សម្រាប់ការសាកល្បងសេវាថែទាំវេជ្ជសាស្ដ្រពីចម្ងាយ(Telemedicine) ហើយដោយសារលទ្ធផលវិជ្ជមាននេះដែរ បានធ្វើឱ្យអង្គការម៉ារីស្ដូបបពង្រីកសេវាថែទាំវេជ្ជសាស្ដ្ររបស់ខ្លួនទូទាំងប្រទេស។ ទន្ទឹមគ្នា ចំពោះគម្រោង ANCPវិញ អង្គការម៉ារីស្ដូបថា ក៏មានការគាំទ្រដែរ ធ្វើឱ្យអង្គការនេះបាន បើកគ្លីនិកថ្មីចំនួន២ទៀតនៅក្នុងតំបន់ដែលស្ដ្រីកំពុងប្រឈមនឹងឧបសគ្គក្នុងការទៅទទួលសេវាសុខភាពផ្លូវភេទ និងបន្ដពូជ។ គ្លីនិចទាំងពីរមានទីតាំងស្ថិតនៅខណ្ឌសែន សុខ រាជធានីភ្នំពេញ និងមួយទៀតនៅក្រុងប៉ោយប៉ែត។

អង្គការម៉ារីស្ដូបថា គម្រោងទាំងពីរនេះ ក៏បានរួមចំណែកដល់ការលើកកម្ពស់ដល់ការផ្ដល់សេវាសុខភាពផ្លូវភេទ និងសេវាសម្រាប់ជនរងគ្រោះដោយអំពើហិង្សាយែនឌ័រ រួមទាំងការពង្រឹងសេវាថែទាំវេជ្ជសាស្ដ្រពីចម្ងាយ និងប្រព័ន្ធលើកលែងថ្លៃសេវាដែលលុបបំបាត់ឧបសគ្គផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមជនដែលត្រូវការការគាំទ្រផងដែរ។

យ៉ាងណាចំពោះដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋអូស្ដ្រាលី នៅគ្លីនិកអង្គការម៉ារីស្ដូប ត្រូវបានអង្គការនេះវាយតម្លៃថា ជាសក្ខីកម្មមួយចំពោះកិច្ចសហប្រតិបត្តិការរវាងអូស្ដ្រាលី និងអង្គការ និងជាការប្ដេជ្ញាចិត្តរូមគ្នាចំពោះការគាំទ្រដល់ការមកទទួលបានសេវាថែទាំសុខភាពផ្លូវភេទ និងបន្ដពូជគ្រប់ជ្រុងជ្រោយ៕

…………………….

សម្រាប់ជំនួយក្នុងការប្រឹក្សា និងការមកទទួលសេវាថែទាំសុខភាពផ្លូវភេទបន្ដពូជ សូមផ្ញើសារហ្វេសប៊ុកទៅកាន់ Marie Stopes Cambodia និងទំនាក់ទំនងទៅកាន់លេខទូរសព្ទ 012999002 / 098999102 រៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច។ បន្ថែមពីនេះ ក៏អាចផ្ញើសារតាមរយៈLINE, Viber, WhatsAPP, WeChat, Telegram 093 24 08 23។

#CSurge
#ANCP
#WomensRights4Health
#AustralianAid

Share

ព័ត៌មានទាក់ទង

Image