ក្នុងរយៈពេល៣សប្ដាហ៍ នាខែមករា ឆ្នាំ២០២៤ ល្បែងស៊ីសងចំនួន៤៣ ទីតាំង ក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងចាប់បញ្ជូនជនសង្ស័យចំនួន ៧២នាក់ ទៅតុលាការ។ នេះបើតាមការឱ្យដឹងពីហ្វេសប៊ុក លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ( សុខៈ)បានបញ្ជាក់ថា ក្នុងចំណោម ទីតាំងដែលបង្ក្រាប សមត្ថកិច្ចក៏បានចាត់វិធានការរដ្ឋបាលទៅលើការបង្ក្រាប១៧ ទីតាំងផងដែរ ដែលកើតឡើងនៅ៤ រាជធានី-ខេត្ត និងចាត់នីតិវិធីអប់រំ ណែនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ចំនួន៣០នាក់។
នៅតាមសហគមន៍ គេសង្កេតឃើញថា ល្បែងឡូតូអនឡាញ ហាក់មានសន្ទុះកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។ ក្រៅពីនេះ នៅមានល្បែងកន្ទុយលេខ ជល់មាន ល្បែងបៀរ និងអាប៉ោងជាដើម។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបន្ថែមថា ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយ ពីលើបញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា។
តាមច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង អ្នកប្រព្រឹត្តនឹងត្រូវផាកពិន័យជាប្រាក់ពី ១ម៉ឺនរៀល ដល់ ៥ម៉ឺនរៀល ឬដាក់ពន្ធនាគារពីមួយសប្ដាហ៍ទៅមួយខែ។ ដោយឡែនម្ចាស់ទីតាំង ឬអ្នកចាត់ចែងរៀបចំល្បែងស៊ីសងនឹងត្រូវផាកពិន័យជាទឹកប្រាក់ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់ពន្ធនាគារពីមួយឆ្នាំដល់៥ឆ្នាំ។
យ៉ាងណា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃអះអាងថា ក្រសួងបានកំពុងធ្វើវិសោធកម្មកម្មច្បាប់ល្បែងស៊ីសងថ្មី ជំនួសច្បាប់ចាស់ដែលប្រើតាំងពីឆ្នាំ១៩៩៦ ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាក្នុងសម័យឌីជីថល។
លោក ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបញ្ជាក់ថា ការធ្វើវិសោធកម្មច្បាប់នេះ គឺធ្វើយ៉ាងណាឱ្យច្បាប់នេះមានសង្គតិភាពជាមួយនឹងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នឹងដើម្បីធានាឱ្យការបង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព។
តែកន្លងមានមានសង្គមស៊ីវិលជាច្រើន បានស្នើឱ្យក្រសួងឃ្លាំមើលប្រសិទ្ធភាពក្រុមការងារមូលដ្ឋាន ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងសហគមន៍ ជាជាងធ្វើវិសោធកម្មច្បាប់ថ្មី តែមិនអនុវត្តឱ្យបានត្រឹមត្រូវ ៕