រូបភាព៖ CMAC
ភ្នំពេញ៖ ព្រះមហាក្សត្រី សម្តេចព្រះបរមនាថ នរោត្តមសីហនុ មុនិនាថ ប្រទានទឹកប្រាក់ចំនួន ៥ ម៉ឹនដុល្លាសហរដ្ឋអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងគោលបំណងប្រើប្រាស់ក្នុងបុព្វហេតុរបស់ខ្លួន។ នេះបើតាមការឱ្យដឹងតាមរយៈបណ្តាញសង្គម លោក ហេង រតនា។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ឱ្យដឹងថាចំនួនទឹកប្រាក់ដែលជាការប្រទានពីហព្រះមហាក្សត្រីខ្មែរ ជាអំណោយដែលរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសបានបង្ហាញពីព្រះរាជហឬទ័យទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងដោះមីនទាំងអស់របស់អង្គភាពCMAC ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម រហូតសម្រេចឱ្យបាននូវបេសកម្ម«កម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥»។
យ៉ាងណាមិញបើតាមលោក ហេង រតនា ដដែល នេះមិនមែនជាលើទីមួយឡើយដែល មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាទទួលបាននូវព្រះរាជអំណោយពីសំណាកព្រះមហាក្សត្រី ព្រមទាំងព្រះមហាក្សត្រ។ កន្លងមកក៏ធ្លាប់ទទួលបានជាថវិកា និងសម្ភារផ្សេងៗដែលជារបស់របរសំខាន់ៗក្នុងសកម្មភាពកំចាត់មីនផងដែរ តាមរយៈព្រះរាជអំណោយ ពីព្រះបរមរាជរាំង៕