en     km
en     km

ក្រសួងបរិស្ថាន៖ ការដុតប្លាស្ទិកបង្កជាផ្សែងពុលប៉ះពាល់ដល់សុខភាពឈានដល់ការកើតជំងឺផ្លូវដង្ហើម និងជំងឺមហារីក

Share

ក្រសួងបរិស្ថានបន្តផ្សព្វផ្សាយឱ្យសាធារណជន ពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍នានា គប្បីកុំដុតសំណងសំរាមប្លាស្ទិក ដើម្បីបញ្ចៀសការបំភាយឧស្ម័នពុលទៅកាន់បរិយាកាសដែលនាំឱ្យប៉ះពាល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។ ជាមួយគ្នានេះ ក្រុមហ៊ុនផលិតក្រដាសអនាម័យមួយដែលជាឧស្សាហកម្មរបស់កូនខ្មែរ បានកែច្នៃការវេចខ្ចប់ពីការប្រើប្រាស់ប្លាស្ទិកទៅជាការប្រើប្រអប់ទុកដាក់ជំនួសវិញ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

ឃ្លា «មិនត្រូវដុតសំរាម ប្លាស្ទិកនោះទេ» ជាឃ្លាមួយខ្លី តែមានអត្ថន័យ និងខ្លឹមសារជ្រាលជ្រៅដែលក្រសួងបរិស្ថានចង់ពន្លេចឱ្យសាធារណជន ពិសេសបណ្តាប្រជាពលរដ្ឋនៅតាមសហគមន៍និងនៅតាមតំបន់មួយចំនួនយល់ដឹងបន្ថែមពីបញ្ហាដែលនឹងកើតមានឡើង នៅបន្ទាប់ពី​សំណងប្លាស្ទិកត្រូវបានដុតបំផ្លាញនៅក្នុងអណ្តាតភ្លើង ហើយបំភាយចេញទៅកាន់បរិយាកាស។

តាមការសិក្សាស្រាវជ្រាវបង្ហាញថា ផ្សែងពុលពីការដុតប្លាស្ទិក អាចបង្កជាការគំរាមកំហែងដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ក្នុងនោះអាចបង្កជាបញ្ហាផ្លូវដង្ហើម ឬអាចឈានដល់ការកើតជំងឺមហារីកផងដែរ។ នេះបើយោងតាមក្រសួងបរិស្ថានចុះផ្សាយនៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

ក្រសួងបរិស្ថានបញ្ជាក់ទៀតថា នៅពេលដុតសំរាមប្លាស្ទិក សារធាតុគីមីដែលមានគ្រោះថា្នក់ទាំងឡាយដែលមានដូចជា ឧស្ម័នកាបូនិក(CO2) ឌីអុកស៊ីន(Dioxins) និងហ្វូរ៉ង់(Furans) នឹងបំភាយចេញទៅកាន់បរិយាកាស ដែលជះផលប៉ះពាល់ជាច្រើន។ ក្នុងនោះ ក្រសួងអះអាងថា ការបំភាយឧស្ម័នពុលពីការដុតប្លាស្ទិកទំាងនេះ បានរួមចំណែកធ្វើឱ្យមានបំរែបំរួលអាកាសធាតុផងដែរ។

ដោយគិតគូពីបញ្ហានេះ ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានផ្តួចផ្តើចគម្រោង «ផ្តើមចេញពីអ្នក» ដែលជាគោលនយោបាយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរោងចក្រ-សហគ្រាស និងនៅក្នុងប្រទេសកម្ពុជា។ គម្រោង «ផ្តើមចេញពីអ្នក» នេះ ធ្វើឡើងក្នុងទិសដៅប្រើប្រាស់ប្រអប់ជ័រក្នុងការវេចខ្ចប់កងក្រដាសសម្រាប់ប្រើប្រាស់ក្នុងបន្ទប់ទឹក ជំនួសឱ្យការប្រើថង់ប្លាស្ទិកដើម្បីវេចខ្ចប់។

លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់ វិទ្យុស្រ្តីថា គម្រោង «ផ្តើមចេញពីអ្នក» នេះ មានចក្ខុវិស័យធ្វើយ៉ាងណាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពក្នុងនាមជាក្រុមហ៊ុននៅក្នុងស្រុក និងជាស្នាដៃរបស់កូនខ្មែរ។ លោកបន្តទៀតថា ក្រៅពីរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រុមហ៊ុនផលិតក្រដាសអនាម័យ MG PACIFIC COMPANY LIMITED ចង់បញ្ជៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងអស់ពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញ។

លោក តាំង សុបិន បញ្ជាក់ទៀតថា ដ្បិតក្រុមហ៊ុន MG ជាក្រុមហ៊ុនផលិតក្រដាសអនាម័យនៅក្នុងស្រុក តែក្រុមហ៊ុនចង់ពង្រឹងសក្តានុពលក្នុងនាមជាអាជីវករ និងអ្នកផលិត ពិសេសក្នុងនាមជារោងចក្រមួយបង្កើតឡើងដោយជនជាតិខ្មែរផ្ទាល់។ លើសពីនេះ លោកថា អ្នកប្រើប្រាស់ និងអាជីវករទាំងឡាយនឹងទទួលបានសេវាកម្មដឹកជញ្ជូនដល់ទីតាំង ដោយមិនចាំបាច់ធ្វើដំណើរមកយកទៅតាំងក្រុមហ៊ុនផ្ទាល់នោះទេ។

សូមជម្រាបថា ក្រសួងបរិស្ថានជំរុញឱ្យប្រជាពលរដ្ឋខ្មែរបន្តអនុវត្តនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យបានជាប្រចាំ ដោយប្រើពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «លាហើយប្លាស្ទិក»។ យុទ្ធនាការនេះ បានអនុវត្តក្នុងរាជធានី/ខេត្តចំនួន ១៣  ដែលមានដូចជាខេត្តបន្ទាយមានជ័យ  កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ភ្នំពេញ ព្រៃវែង រតនគិរី ព្រះសីហនុ ស្វាយរៀង កែប ប៉ៃលិន និងខេត្តត្បូងឃ្មុំ។

ក្នុងនោះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការណ៍ដែលយើងទាំងអស់គ្នា ជាពិសេសសិស្សានុសិស្ស និងយុវជន ចូលរួមអនុវត្តនូវយុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក» ឱ្យបានទៀងទាត់ នោះនឹងក្លាយជាទម្លាប់ល្អ ដែលធ្វើឱ្យយើងកាត់បន្ថយ រហូតដល់ឈានទៅឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត៕

 

Share

ព័ត៌មានទាក់ទង

Image