en     km
en     km

UN៖ ក្រុមតាលីបង់បន្តបំបិទសិទ្ធិសេរីភាពស្រ្តីមិនទាន់រៀបការនៅអាហ្វហ្គានីស្ថាន

Share

ក្រុមតាលីបង់កំពុងចែងច្បាប់រឹតបន្តឹងលើស្រ្តីអាហ្វហ្គានីស្ថាននៅក្នុងវិស័យការងារ ការធ្វើដំណើរ និងការថែទាំសុខភាពជាបន្តបន្ទាប់ ប្រសិនបើស្រ្តីទាំងនេះមិនទាន់រៀបការ ឬមិនមានអាណាព្យាបាលជាបុរសតាមមើលថែនោះទេ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

ជុំវិញបញ្ហាបំបិទសិទ្ធិសេរីភាពរបស់ស្រ្តីអាហ្វហ្គានីស្ថាននេះ មន្ត្រីមួយរូបមកពីក្រសួងសណ្តាប់ធ្នាប់សង្គមរបស់រដ្ឋាភិបាលតាលីបង់ បាននិយាយថា ស្រ្តីគប្បីរៀបការ និងមានគ្រួសារ ដើម្បីអាចរក្សាការងារនៅមណ្ឌលថែទាំសុខភាព ដោយលោកអះអាងថា ការងារនេះមិនសាកសមសម្រាប់ស្រ្តីមិនទាន់រៀបការធ្វើនោះឡើយ។ នេះបើយោងតាមសារព័ត៌មាន​ France24 ចុះផ្សាយនៅថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។

នៅក្នុងរបាយការណ៍ប្រចាំត្រីមាសចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញថា ពួកតាលីបង់កំពុងបង្រ្កាបស្ត្រីអាហ្វហ្គានីស្ថានដែលនៅលីវ ឬមិនមានអាណាព្យាបាលជាបុរសនៅអមជាមួយពួកគេ។ ស្រ្តីចំនួន ៣នាក់ ដែលបម្រើការនៅមជ្ឈមណ្ឌលថែទាំសុខភាព ត្រូវបានអាជ្ញាធរតាលីបង់ចាប់ខ្លួនកាលពីខែតុលា ឆ្នាំ២០២៣ ក្រោមបទចោទប្រកាន់ថា ធ្វើការដោយគ្មានអាណាព្យាបាលជាបុរសនៅក្បែរ និងត្រូវដោះលែងវិញក្រោយសន្យាថា នឹងលែងប្រព្រឹត្តនូវបទល្មើសនេះ។

ទន្ទឺមគ្នានេះ ច្បាប់មួយចំនួនមិនបានដាក់បញ្ចូល និងចែងជាផ្លូវការនោះទេ ក៏ប៉ុន្តែក្រុមតាលីបង់បានបញ្ជាក់ថា ស្ត្រីមិនអាចផ្លាស់ទីឬធ្វើដំណើរបានចម្ងាយជាក់លាក់ណាមួយដោយគ្មានបុរសនៅក្បែរបាននោះឡើយ ពោលគឺត្រូវតែមានបុរសម្នាក់មិនថាជាស្វាមី ឬសមាជិកគ្រួសារ តាមទៅជាមួយដើម្បីរក្សាសុវត្ថិភាព​ស្រ្តីទាំងនេះជាចម្បង។ ជាងនេះ ក្រសួងសណ្តាប់ធ្នាប់សង្គមរបស់រដ្ឋាភិបាលតាលីបង់ ឱ្យដឹងថា ស្រ្តីតម្រូវឱ្យពាក់កន្សែងគ្របបិទបាំងសក់នៅតាមកន្លែងសាធារណៈ ការិយាល័យ និងវិទ្យាស្ថានអប់រំផងដែរ។

ជាមួយគ្នានេះ អង្គការសហប្រជាជាតិបានបន្ថែមទៀតថា កាលពីខែធ្នូ ឆ្នាំ២០២៣ មន្ត្រីតាលីបង់​បានចុះទៅត្រួតពិនិត្យចំណតឡានក្រុងដើម្បីធានាថា ស្ត្រីមិនធ្វើដំណើរផ្លូវឆ្ងាយដោយតម្រូវឱ្យមានអាណាព្យាបាលជាបុរសនៅក្បែរ ហើយបានណែនាំអ្នកបើកបររថយន្តក្រុងទាំងអស់កុំឱ្យស្ត្រីឡើងជិះប្រសិនបើពួកគេមកតែឯកឯង។ ក្រៅពីនេះ អង្គការសហប្រជាជាតិថា ស្ត្រីជាច្រើនត្រូវក្រុមតាលីបង់ចាប់ខ្លួនពីបទទិញថ្នាំពន្យារកំណើត ដោយពួកគេបានល្មើសនឹងច្បាប់ហាមឃាត់របស់ក្រុមតាលីបង់។

ដោយឡែក អ្នកនាំពាក្យរបស់ក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយថា របាយការណ៍របស់អង្គការសហប្រជាជាតិ ភាគច្រើនផ្អែកលើការយល់ច្រឡំ និងចេញមកចោទប្រកាន់ ឬរិះគន់ច្បាប់សាសនាឥស្លាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោកបញ្ជាក់ទៀតថា រដ្ឋាភិបាលឥស្លាមត្រូវគោរពប្រតិបត្តិ និងអនុវត្តគ្រប់ទិដ្ឋភាពទាំងអស់សម្រាប់ទាំងបុរស និងស្ត្រី។ លោកអះអាងថា ប្រសិនបើអង្គការសហប្រជាជាតិរិះគន់ករណីទាំងនេះ ឬចាត់ទុកសេចក្តីសម្រេចរបស់ឥស្លាមថាជាទង្វើប្រឆាំងនឹងសិទ្ធិមនុស្ស នោះវាគឺជាការប្រមាថដល់ជំនឿរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។

សូមរំឮកថា ក្រុមតាលីបង់បានរារាំងស្ត្រីពីជីវិតសាធារណៈ, បញ្ឈប់ក្មេងស្រីមិនឱ្យទៅសាលារៀនលើសពីថ្នាក់ទី៦, បិទហាងកែសម្ផស្ស និងអនុវត្តច្បាប់ស្តីពីរបៀបស្លៀកពាក់របស់ស្រ្តី បើហ៊ានល្មើសនឹងចាប់ខ្លួនដាក់ពន្ធនាគារ ឬកាត់ទោសតាមនីតិវិធី៕

ប្រភព៖ France24 ចុះថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤

Share

ព័ត៌មានទាក់ទង

Image