លោកហ៊ុន សែន បានស្នើឲ្យរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ចន ឃែរី (John Kerry) បើកទីផ្សារផលិតផលកម្ពុជា ឲ្យបានទូលំទូលាយ ដើម្បីប្រជាពលរដ្ឋ និងពាណិជ្ជករខ្មែរ កាន់តែមានភាពងាយស្រួលក្នុងការនាំចេញផលលិតផលពីកម្ពុជា ទៅទីផ្សារសហរដ្ឋអាមេរិក។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងនៅក្នុងជំនួបរវាងសម្តេច ជាមួយនឹងលោក ចន ឃែរី រយៈពេលជាង ១ម៉ោង នៅវិមានសន្តិភាព កាលពីថ្ងៃទី ២៦ខែមករា។
លោកនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃ ពុធ នេះទៀតថា ក្រៅពីស្នើឲ្យមានការបើកទូលាយទៅទីផ្សារផលិតផលពីកម្ពុជា ទៅសហរដ្ឋអាមេរិក លោកក៏បានបញ្ជាក់អំពីគោលជំហរកម្ពុជា ក្នុងការរួមដៃសហការជាមួយអាមេរិកដើម្បីទប់ស្កាត់អំពីភេរកម្ម ក៏ដូចជាជំហរកម្ពុជាគាំទ្រដំណោះស្រាយបញ្ហា លើការចរចាពិភាក្សាដែលនាំមកនូវសន្តិភាពសម្រាប់តំបន់ទាំងមូលផងដែរ។
ក្រៅតែពីចំនុចទាំងពីរខាងលើនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា កិច្ចជំនួបនេះ គឺបានផ្តល់នូវផលប្រយោជន៍យ៉ាងសំខាន់ក្នុងការទំនាក់ទំនងរវាងកម្ពុជា ជាមួយនឹងសហរដ្ឋអាមេរិក និងរវាងអាស៊ានជាមួយសហរដ្ឋអាមេរិកផងដែរ៕