គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំប្រពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំចុះបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅថ្ងៃ ព្រហស្បត្តិ៍ទី ២៨ មករា ស្អែកនេះ។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋានគ.ជ.ប ព្រមទាំងមានការចូលរួមពីតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័ន អង្គទូត ជំនាញការជប៉ុន ជំនាញការសហភាពអឺរ៉ុប សរុបទាំងអស់មានចំនួន ១៨៥នាក់។
ពិធីបើកកិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងថ្លែងសុន្ទរកថា បូកសរុបលទ្ធផល និងបិទកម្មវិធី ដោយលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប។ កិច្ចប្រជុំនេះមានរយៈពេល១ថ្ងៃ និងរៀបចំឡើងនៅសាលប្រជុំនៅភោជនីយដ្ឋានទន្លេបាសាក់ ២ ក្នុងរាជធានីភ្នំពេញ៕