en     km
en     km

ស្ត្រីជនជាតិដើមភាគតិចព្រៅនៅរតនគិរីចាប់យកការដាំបន្លែលក្ខណៈគ្រួសារដើម្បីជួយសម្រួលជីវភាព

Share

នៅតំបន់សហគមន៍ជនជាតិដើមភាគតិចព្រៅ ក្នុងភូមិផាវ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី បានចាប់យកមុខរបរដាំបន្លែជាលក្ខណៈគ្រួសារ ដើម្បីជួយទ្រទ្រង់ជីវភាព កាត់បន្ថយការចំណាយ និងបង្កើតចំណូល ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។

ជនជាតិដើមភាគតិចព្រៅ ក្នុងភូមិផាវ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី បានចាប់យកមុខរបរ ដាំបន្លែជាលក្ខណៈគ្រួសារដូចជា ត្រកួន ស្ពៃចង្កឹះ ស្ពៃជើងទាជាដើម ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់ ​​ កាត់បន្ថយការចំណាយ និងបង្កើនចំណូល ជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែការដាំដុះនោះក៏ជួបប្រទះនូវឧបសគ្គខ្លះដែរ ដោយហេតុថា ពួកគេនៅខ្វះខាតទាំងបច្ចេកទេស និងសម្ភារ។

អ្នកស្រី ធិន បុប្ផា អាយុ២៧ឆ្នាំ  ជាកសិករមួយរូប រស់នៅភូមិផាវ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី បានប្រាប់វិទ្យុស្រ្តីថា   គាត់បានចាប់យកមុខរបរដាំដំណាំបន្តិចបន្តួចជាលក្ខណៈគ្រួសារ ដូចជា ត្រកួន ស្ពៃចង្កឹះ ស្ពៃជើងទាជាដើម ដើម្បីលក់ដូររកចំណូលប្រចាំថ្ងៃ ជួយទ្រទ្រង់ជីវភាព ។ អ្នកស្រី បុប្ផា ថា គាត់បានចាប់ផ្តើមដាំដំណាំគ្រួសារនេះ រយៈពេល៣ឆ្នាំហើយ បើទោះជាការដាំបន្លែនេះ មានការលំបាកសម្រាប់គាត់ក៏ដោយគាត់នៅតែបន្តការដាំដែរ។

«​នៅពេលដែលបងកំពុងដាំហ្នឹងមានផលលំបាកដូចជា ខ្វះខាតប្រភពទឹកស្រោចបន្លែ និងសម្ភារដាំដំណាំបងនៅមានការខ្វះខាត មានសត្វល្អិតមកស៊ីដំណាំអី ព្រោះអីយើងប្រើជីធម្មជាតិពិបាក វាអត់ល្អដូចជីគីមីគេ សម្ភារៈដែលខ្វះខាតមានច្រើនដូចជា សំណាញ់ព័ទ្ធជុំវិញ ព្រោះអីមានមាន់ចូលកាយ ធុងដាក់ទឹក ធុងដាក់ជី ធុងស្រោច ចបកាប់អីអត់មានព្រោះអីភាគតិចយើងដាំលក្ខណៈគ្រួសារយើងប្រើតែធុងតូចអត់គ្រប់គ្រាន់ និងខ្វះខាតពូជដំណាំ ទិញពីផ្សារហ្នឹងវាមិនសូវល្អ »។

អ្នកស្រីបន្តថា  ការដាំបន្លែនេះអាចជួយកាត់បន្ថយការចំណាយទៅលើការទិញបន្លែពីខាងក្រៅ ទទួលបានសុខភាពល្អពីការបរិភោគបន្លែធម្មជាតិ ហើយអាចទទួលបានចំណូលប្រចាំថ្ងៃ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់ទៀតផង។

«នៅពេលដែលបងបានទទួលផលពីការដាំដំណាំតាំងពីកន្លងមករហូតដល់សព្វថ្ងៃនេះ វាជួយដល់គ្រួសារ ជួយគ្រួសារបងកាត់បន្ថយការចំណាយថវិកាទិញមកខាងក្រៅ ទិញមកពីផ្សារប្រើរបស់គីមី ហើយមានអត្ថប្រយោជន៍ដល់គ្រួសារ បងធ្វើឱ្យគ្រួសារបងមានសុខភាពល្អ ព្រោះអីបងបានហូបបន្លែធម្មជាតិដាំខ្លួនឯង។ ពេលមានអ្នកទិញអ៊ីចឹងវាអាចជួយជាថវិកាបន្តិចបន្តួចសមនឹងទទួលត្រឡប់មកវិញក្នុងការចំណាយទិញសាំងសម្រាប់បូមទឹកស្រោចដំណាំបន្តទៀត»។

ដោយឡែក លោកស្រី សិវ អែន ជាកសិកររស់នៅក្នុងភូមិឃុំខាងលើដែរបានប្រាប់វិទ្យុស្ត្រីថា ការចាប់ផ្តើមរបរដាំបន្លែនេះមានផលលំបាកខ្លះសម្រាប់គាត់ ព្រោះមិនដឹងពីការគ្រប់គ្រងនិងរបៀបជ្រើសរើសទីតាំងដីដាំ។  តែទោះយ៉ាងណាអ្នកស្រីនៅតែបន្តក្នុងការដាំដំណាំនេះ ព្រោះអាចបរិភោគបន្លែធម្មជាតិដាំដោយខ្លួនឯង កាត់បន្ថយការចំណាយ និងផ្តល់កម្រៃខ្លះៗបន្ថែម ដែលអាចជួយសម្រួលដល់ជីវភាពគ្រួសារ។

«ដំបូងឃើញថាពិបាកសំខាន់ទឹកវាឆ្ងាយ បន្ទាប់មកយើងដាំដំបូងយើងអត់ចេះ អ៊ីចឹងទៅដំណាំយើងវាអត់សូវស្អាត ខ្ញុំឃើញរាល់ថ្ងៃតាំងពីខ្ញុំចេះធ្វើដំណាំមានប្រយោជន៍ទី១អត់ទិញនៅផ្សារ ខ្ញុំដាំហូបខ្លួនឯងហើយនិងលក់ខ្លះឃើញលទ្ធផលមានចំណូលក្នុងមួយថ្ងៃៗ​ ពេលខ្លះមួយថ្ងៃបានពីរម៉ឺនទៅបីម៉ឺន»។

ទោះយ៉ាងណា ការដាំដំណាំជាលក្ខណៈគ្រួសារនៅតំបន់ជនបទរបស់ជនជាតិដើមភាគតិចព្រៅ ហាក់ពុំសូវមានអ្នកដាំច្រើននៅឡើយទេ ព្រោះពួកគេនៅខ្វះចំណេះដឹង បច្ចេកទេស​កសិកម្ម សម្ភារ មធ្យោបាយ និងទីផ្សារ ជាហេតុធ្វើឱ្យពួកគេ មិនសូវទទួលបានផល ហើយច្រើនប្រឈមនឹងការខាតបង់៕

   

អត្ថបទខ្លីសរសេរដោយ កញ្ញា ទៀ រតនា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

ព័ត៌មានទាក់ទង

Image