en     km
en     km

បញ្ហាគ្រោះថ្នាក់ចរាចរណ៍៖ លោក ស សុខា ចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំឈានចូលបន្ទាត់ក្រហម

Share

 

លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានថា ប្រសិនបើស្ថានភាពគ្រោះថ្នាក់ចរាចណ៍មិនត្រូវបានដោះស្រាយជាដុំកំភួនទេនោះ គោលដៅទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ របស់កម្ពុជា ក៏ទំនងនឹងមិនអាចសម្រេចបានជោគជ័យនោះដែរ ហើយកម្ពុជា នឹងបន្តខាតបង់ទាំងធនធានមនុស្ស និងថវិកា ជារៀងរាល់ឆ្នាំដោយសារបញ្ហាមួយនេះ។ លោក គីម​ ចាន់ចាវ រាយការណ៍

 

លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទាញចំណាប់អារម្មណ៍អង្គសន្និបាតបូកសរុបការងាររដ្ឋបាលខេត្តរតនគិរី និងមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃពុធ ឱ្យចាប់អារម្មណ៍ពីកំណើនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយបានចាត់ទុកឆ្នាំ២០២៤ នេះ ថាជាឆ្នាំនៃការឈានចូលបន្ទាប់ក្រហមហើយ។

ផ្អែកលើតួលេខគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២៣ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន១៩៥២នាក់ លោករដ្ឋមន្រ្តី បានទាញការព្យាករណ៍ជាមុនថា ប្រសិនបើនៅឆ្នាំ២០២៤ នេះ គ្រប់ភាគីពាក់ព័ន្ធមិនបានបង្កើនសកម្មភាព ជាពិសេសការគោរព និងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនទេនោះ អត្រាអ្នកស្លាប់ដោយឃាតករលើដងផ្លូវមួយនេះ នឹងបន្តកើនឡើងលើសពីចំនួន២០០០នាក់ពុំខានឡើយ។

អត្រាប្រជាពលរដ្ឋស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងហក់ឡើងក្នុងអត្រាខ្ពស់គួរឱ្យព្រួយបារម្ភ បើធៀបនឹងអត្រាស្លាប់ដោយសារជំងឺអេដស៍ និងស្លាប់ដោយសារមីន។ នេះមិនរាប់បញ្ចូលប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការ ដែលក្លាយជាបន្ទុកទំនួលខុសត្រូវមើលថែ និងផ្គត់ផ្គង់ការឧត្ថម្ភគាំទ្រផ្សេងៗរបស់គ្រួសារ និងរាជរដ្ឋាភិបាល។

ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស សុខា ក៏បានព្រលយជាមុនដែរថា ប្រសិនបើស្ថានភាពគ្រោះថ្នាក់ចរាចណ៍មិនត្រូវបានដោះស្រាយជាដុំកំភួនទេនោះ គោលដៅទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ របស់កម្ពុជា ក៏ទំនងនឹងមិនអាចសម្រេចបានជោគជ័យនោះដែរ ហើយកម្ពុជា នឹងបន្តខាតបង់ទាំងធនធានមនុស្ស និងថវិកា ជារៀងរាល់ឆ្នាំដោយសារបញ្ហាមួយនេះ។

ជាដំណោះស្រាយលើបញ្ហានេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី(AIP) អះអាងថា ដើម្បីទប់ស្កាត់កំណើនគ្រោះថា្នក់ចរាចរណ៍ ត្រូវពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងត្រូវធានាការអនុវត្តច្បាប់ឱ្យមានតម្លាភាព ដូចជាការ ការពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ និងករណីពេញនិយមបច្ចុប្បន្នលើគ្រោះថ្នាក់ចរាចរណ៍គឺការបើកបរក្នុងស្ថានភាពស្រវឹង។

ទន្ទឹមនឹងការថ្លែងអំពីការត្រៀមលក្ខណៈដាក់ចេញវិធីសាស្រ្តថ្មីៗដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លោក ស សុខា បានជំរុញអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បង្កើនការយកចិត្តទុកដាក់រឹតបន្តឹងការអនុវត្តច្បាប់ ហើយជាមួយគ្នានេះ មាតា បិតា អាណាព្យាបាល និងស្ថាប័នសាធារណៈ និងឯកជនទាំងអស់ ត្រូវចូលរួមជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន៕

 

 

Share

ព័ត៌មានទាក់ទង

Image