ភ្នំពេញ៖ ពលរដ្ឋប្រមាណ៥០នាក់ ដែលភាគច្រើនជាស្រ្តីមកពីសហគមន៍ខុសៗគ្នាចំនួន៣ ខេត្តត្បូងឃ្មុំ ឡើងទៅសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដោយមានកាន់បដាភ្ជាប់ជាមួយខ្លឹមសារក្នុងគោលបំណងទទូចឱ្យតុលាការទម្លាក់បទចោទប្រកាន់លើពួកគេ។ លើសពីនេះប្រជាសហគមន៍ទាំងនោះក៏ស្នើឱ្យមានការគិតគូរស្វែងរកដំណោះស្រាយជុំវិញករណីដីធ្លីដ៏រុំារ៉ៃ ដោយពួកគេអះអាងថាខ្លួនកំពុងតែរងគ្រោះ ហើយប្រឈមនឹងជីវភាពដោយសារតែបញ្ហានេះ។ ពួកគេចង់ឃើញការអន្តរាគមន៍ពីសំណាក់រដ្ឋាភិបាលអាណត្តិថ្មី ដោយជំរុញឱ្យមានការដោះស្រាយជាក់លាក់។
ប្រជាសហគមន៍ចំនួន ៣ ភូមិ រួមមាន ភូមិកំប្រើស ភូមិត្រពាំងព្រីងនិង ភូមិស្រែប្រាំង ដែលស្ថិតក្នុង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាំគ្នាកាន់បដា ថតនៅមុខសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដែលពួកគេស្នើសុំឱ្យតុលាការ ទម្លាក់បទចោទទៅលើ សមាជិកសហគមន៍របស់ពួកគេ។ ជនជាប់ចោទទាំង៤រូបនោះ រួមមាន លោកស្រី ឃឹមសុខជា លោកវឿន វឿ លោកចក់ ជ័យ លោក ពុំពេជ្រ និងសមាជិកផ្សេងទៀត ដែលតុលាការបានចោទពីបទ «ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស» ពាក់ព័ន្ធនឹងការតវ៉ា កុំឱ្យក្រុមហ៊ុនចិនចូលឈូសឆាយដីដែលកំពុងមានជម្លោះ ដែលប្រព្រឹត្តនៅចំណុចទួលពពែល ស្ថិតក្នុងភូមិសែប្រាំង ឃុំត្រពាំងព្រីង ស្រុកដំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែមិថុនាឆ្នាំ ២០២០។
យ៉ាងណាមិញ ពួកគេក៏បានទទូចនឹងស្នើសុំ ដល់រដ្ឋាភិបាលអាណត្តិថ្មី អន្តរាគមន៍ដោយធ្វើយ៉ាងណាពន្លឿនដល់អាជ្ញាធរពាក់ពន្ធដោះស្រាយបញ្ហាដីធ្លីដែលពួកគេបាត់បង់ ដោយនៅអំឡុងខែមិថុនា ឆ្នាំ២០២១ តុលាការខេត្តត្បូងឃ្មុំ កាត់ក្តីឱ្យពលរដ្ឋឃុំត្រពាំងព្រីង ស្រុកតំបែរខេត្តត្បូងឃ្មុំ ចាញ់ក្ដីក្រុមហ៊ុនចិន ហាម៉ីនី វីន អ៊ិនវេសមេន (Hamenivent Investment) ហើយពួកគេអះអាងថាតាំងពីបាត់បង់ដីធ្លីទាំងនោះមក បណ្តាលឱ្យប្រជាពលរដ្ឋចំណាកស្រុកកាន់តែច្រើន ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុនិងឯកជនកាន់តែកើនឡើង ហើយកន្លងមក តំណាងសហគមន៍ខ្លះ ក៏ធ្លាប់បាន ជាប់ពន្ធនាគារ ដោយសារបញ្ហាដីធ្លីដែរ៕