en     km
en     km

Miss Global រកឃើញម្ចាស់ឈ្នះម្កុដថ្មី ក្រោយបេក្ខនារី២រូបត្រូវបានដកសិទ្ធិពាក់ព័ន្ធគោលនយោបាយចិនមួយ ដែលកម្ពុជាទទួលស្គាល់

Share

ក្រោយប្រកួតគ្នាជាងកន្លះខែលើទឹកដីកម្ពុជាផង និងវៀតណាមផង កម្មវិធីប្រកួតសម្រស់Miss Globalបានស្វែងរកឃើញម្ចាស់ម្កុដថ្មីហើយកាលពីយប់ថ្ងៃទី១៨ ខែមករា។ តែយ៉ាងណា កម្មវិធីនេះបានដកសិទ្ធិពីបេក្ខភាព២រូប ដែលមកពីតៃវ៉ាន់ និងទីបេ ដោយសារគោលនយោបាយចិនមួយ ដែលកម្ពុជាប្រកាសទទួលស្គាល់សាធារណប្រជាមានិតចិន ថាជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កាលពីរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កម្មវិធីប្រកួតសម្រស់ពិភពលោក Miss Global បានរកឃើញម្ចាស់ម្កុដថ្មីលើទឹកដីកម្ពុជា គឺបានទៅលើបវរកញ្ញាមកពីប្រទេសភើតូរីកូ កញ្ញា Ashly Meledez។ ការទទួលបានម្កុដរបស់កញ្ញា Meledez ធ្វើឡើងក្រោយការប្រកួតគ្នាយ៉ាងស្វឹតស្វាញជាមួយបវរកញ្ញាដទៃទៀតចំនួន៨២រូប ជុំវិញពិភពលោក តាំងពីដើមខែមករា ឆ្នាំ២០២៤។

មុននិងការចាប់ផ្ដើមកម្មវិធីដំបូង បេក្ខភាព២រូប មកពីទីបេ និងតៃវ៉ាន់ ត្រូវបានអ្នករៀបចំកម្មវិធីដកសិទ្ធិរបស់ពួកគេក្នុងការប្រកួតកម្មវិធីពិភពលោកមួយនេះ ដោយសារគោលនយោបាយចិនមួយ ដែលកម្ពុជាប្ដេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ទទួលស្គាល់ថា  មានតែសាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល។

កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ដូច្នេះ ក្នុងការប្រកាន់ខ្ជាប់គោលជំហរបស់កម្ពុជា ក្នុងគោលនយោបាយចិនមួយ ក្រោយមានការវិវត្តន៍ថ្មីៗនៅកោះតៃវ៉ាន់ ដែលជាដែនដីមួយទាមទារផ្ដាច់ខ្លួនចេញពីប្រទេសចិន។

អ្នករៀបចំកម្មវិធី Miss Global កម្ពុជា លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានប្រាប់សារវិទ្យុអាស៊ីសេរី ដែលផ្សាយពីក្រៅស្រុក កាលពីថ្ងៃទី១១ ខែមករា ថាក្រោម​គោល​នយោបាយ​ចិន​មួយ ​មន្ត្រី​រដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ​ដក​បេក្ខនារី២​រូប គឺ​បេក្ខនារី​មក​ពី​ទីបេ និង​តៃវ៉ាន់ មិន​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ពិភពលោក​​នេះទេ។

ជាមួយគ្នា ការផ្សាយផ្ទាល់ក្នុងថ្ងៃពាក់ឈៀងឱ្យបវរកញ្ញាតំណាងប្រទេស ឬតំបន់របស់ខ្លួនក៏ត្រូវបានលុបចោលផងដែរ និងបង្ហោះឡើងវិញ ក្រោយកាត់បេក្ខភាពទាំងពីរចេញ។

បេក្ខនារីម្នាក់មកពីតៃវ៉ាន់ ត្រូវបានសម្របសម្រួលឱ្យចូលប្រកួតឡើងវិញ បន្ទាប់ពីនាងបានប្ដូរពាក្យថាមកពីតៃវ៉ាន់ ទៅជាឈ្មោះដែនកោះមួយក្នុងប្រទេសចិន។ ចំណែកបវរកញ្ញាម្នាក់ទៀតមកពីទីបេ នៅតែមិនអាចចូលរួមប្រកួតដណ្ដើមម្កុដពីកម្មវិធី Miss Global បានដដែល។ នេះបើតាមការលើកឡើងពីលោក អ៊ិន សុភិន។

Evoto

កញ្ញា ទិនស៊ីន ផាលដុន បវរកញ្ញា ទីបេ បានប្រាប់សារព័ត៌មានក្រៅស្រុកខាងលើថា អ្នក​រៀបចំ​កម្មវិធី​មួយ​រូប​បាន​ប្រាប់​កញ្ញា​ថា រដ្ឋាភិបាល​ចិន​បាន​ដាក់​សម្ពាធ​ទៅ​លើ​នាយករដ្ឋមន្ត្រី​កម្ពុជា ទើប​អ្នក​រៀបចំ​កម្មវិធី​ឱ្យ​បញ្ឈប់​មិន​ឱ្យ​កញ្ញា​បន្ត​ចូលរួម​ប្រកួត។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មិនទាន់អាចឆ្លើយតបក្នុងរឿងរ៉ាវនេះបានទេ ដោយលោកបញ្ជាក់ថា មិនទាន់បានក្ដោបសាច់រឿងនេះ។

គួរជម្រាបថា បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៨២ នៅលើពិភពលោកដោយឈរលើមូលដ្ឋាន នៃគោលការណ៍ចិនតែមួយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ កូនប្រទេសមួយចំនួនតូចដែលបានបង្កើតទំនាក់ទំនងផ្លូវទូត ជាមួយអាជ្ញាធរតៃវ៉ាន់ក៏បាននាំគ្នាផ្តាច់ទំនាក់ទំនងផ្លូវការ ជាមួយតៃវ៉ាន់ និងងាកទៅបង្កើត ទំនាក់ទំនងផ្លូវទូតជាមួយ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។

ជាក់ស្ដែង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រដ្ឋាភិបាលនៃប្រទេសណូរូ បានប្រកាសថានឹងផ្តាច់ ទំនាក់ទំនងផ្លូវទូត ជាមួយតំបន់តៃវ៉ាន់ និងស្តារទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិនឡើងវិញ ហើយប្រទេសចិនក៏បានបង្ហាញពីការកោតសរសើរ និងស្វាគមន៍ផងដែរ។

ក្នុងនាមកម្ពុជាជាមិត្តដែកថែបជាមួយចិន អ្នកវិភាគនយោបាយបានលើកឡើងថា ការប្រកាសគាំទ្រគោលនយោបាយចិនមួយ របស់កម្ពុជា ដើម្បីរក្សាទំនាក់ទំនងល្អជាមួយចិន ក្នុងផលប្រយោជន៍សេដ្ឋកិច្ច ការទូត និងនយោបាយ៕

Share

ព័ត៌មានទាក់ទង

Image