អាជ្ញាធរចុះពន្លត់អគ្គិភ័យនៅរោងចក្រយីដា កាលពីថ្ងៃទី១៨មករា ២០២៤។ រូបពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
អគ្គិភ័យបានឆាបឆេះ រោងចក្រកាត់ដេរ ឈ្មោះ«យីដាហ្គាមិន» នៅកៀនស្វាយ បណ្ដាលឱ្យកម្មករម្នាក់ស្លាប់ ហើយ២០នាក់ទៀត បានរងរបួស។ រោងចក្រយីដា (មេនូហ្វេកធីរើ ខូ អិលធីឌី)Yi Da Manufacturer Co;Ltd ត្រូវបានអគ្គិភ័យឆាបឆេះនៅថ្ងៃទី១៨ មករា ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ អាជ្ញាធរ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់១៥គ្រឿង។ ក្នុងករណីអគ្គិភ័យនេះបណ្តាលអោយខូចខាតអគារ០១កន្លែង និងសម្ភារៈខាងក្នុងអគារជាច្រើន និងមានកម្មការិនី០១នាក់បានស្លាប់ ឈ្មោះ សុខ ឆវី ដែលជាប្រធានផ្នែកម្នាក់ក្នុងរោងចក្រយីដា អាយុ៣៣ឆ្នាំ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
អាជ្ញាធរចុះពន្លត់អគ្គិភ័យនៅរោងចក្រយីដា កាលពីថ្ងៃទី១៨មករា ២០២៤។ រូបពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
បើតាមទិន្នន័យពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រៅពីកម្មការិនី សុខ ឆវី បានបាត់បង់ជីវិត ក្នុងករណីអគ្គិភ័យនេះ មានកម្មករ២០នាក់ទៀត រងរបួស ក្នុងនោះមាន១៧នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ។ បើទោះបីជាអគ្គិភ័យខាងលើ ត្រូវពន្លត់បាន១០០% នៅថ្ងៃដដែល ប៉ុន្តែមូលហេតុនៃអគ្គិភ័យមិនទាន់ត្រូវបានគេបង្ហាញឱ្យដឹងនៅឡើយទេ។
អាជ្ញាធរចុះពន្លត់អគ្គិភ័យនៅរោងចក្រយីដា កាលពីថ្ងៃទី១៨មករា ២០២៤។ រូបពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
ទោះយ៉ាងណាក្រសួងការងារបញ្ជាក់ថា នឹងរៀបចំដឹកនាំកិច្ចប្រជុំអន្ដរក្រសួងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការ និងយុទ្ធនាការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រោះអគ្គិភ័យដែលអាចកើតមានឡើងនៅតាមសហគ្រាស គ្រឹះស្ថានជាយថាហេតុ៕