en     km
en     km

ក្រសួងបរិស្ថានណែនាំកុំឱ្យដុតព្រៃ វាលស្មៅ និងសំណល់កសិកម្ម ដើម្បីទប់ស្កាត់និងកាត់បន្ថយខ្យល់ពុល

Share

ក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយណែនាំឱ្យប្រជាពលរដ្ឋកុំដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គន់ជញ្ជ្រាំង សំរាម សំណល់រឹង និងការដុតផ្សេងៗនៅទីចំហ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។

ការណែនាំរបស់ក្រសួងបរិស្ថាន ធ្វើឡើងក្រោយរបបខ្យល់មូសុងកំពុងបក់ពីទិសខាងជើងមកទិសខាងត្បូងនារដូវនេះ។ ក្រសួងបរិស្ថានថា ក្រសួងបាននិងកំពុងតាមដានលើគុណភាពខ្យល់ ដោយប្រើឧបករណ៍ ណិងស្ថានីយ៍ត្រួតពិនិត្យគុណភាពខ្យល់បំពាក់នៅទូទាំងប្រទេសចំនួន៥១ទីតាំង។ ក្រោយការតាមដានក្រសួងរកឃើញថា គុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរក្នុងកម្រិតភាគល្អិតនិចល PM2.5។ តែយ៉ាងណានៅទីក្រុងបាងកក ប្រទេសថៃឯណោះវិញ ឥទ្ធិពលខ្យល់ពុលកំពុងគ្របបណ្ដប់ពេញទីក្រុង។

ផ្អែកតាមបាងកកប៉ុស្ដិ៍ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា អាជ្ញាធរថៃបានតម្រូវឱ្យប្រជាពលរដ្ឋធ្វើការពីផ្ទះមួយរយៈ ដើម្បីការបញ្ចៀសឥទ្ធិពលខ្យល់ពុល។ សារព័ត៌មាននេះបញ្ជាក់ថា ក្រុមអ្នកជំនាញធ្លាប់បានលើកពីឥទ្ធិពលខ្យល់ពុលក្នុងទីក្រុងរបស់ខ្លួន បណ្ដាលមកពីការដុតចំបើងតាមវាលស្រែនៅក្នុងប្រទេសកម្ពុជារបស់កសិករខ្មែរ។

ជាមួយគ្នា បញ្ហាប្រឈមនេះ ក៏ត្រូវបាននាយករដ្ឋមន្ដ្រីថៃ លោក សេដ្ឋា ថាវិស៊ីន ត្រៀបលើកយកមកជជែកជាមួយភាគីកម្ពុជាដែរ ខណៈសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈខាងមុខ។ នេះបើយោងតាមការចុះផ្សាយពីបាងកកប៉ុស្ដិ៍ដដែល។

សម្រាប់ក្រសួងបរិស្ថានកម្ពុជា ថាដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុក្នុងរដូវប្រាំង ក្រសួងជំរុញឱ្យអនុវត្តវិធានការណែនាំដូចខាងលើ តាមរយៈការទប់ស្កាត់សកម្មភាពដុតរានព្រៃ ដុតវាលស្មៅ ដុតសំណល់កសិកម្មនានា ជាពិសេសទប់ស្កាត់ការដុតឆេះទីលានចាក់សំរាម។

ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃឆ្នាំ២០២៤ផងដែរ ដោយបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ភ្លើងឆេះព្រៃបានបង្កឱ្យមានបញ្ហាបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារ ធ្វើឱ្យខូចខាតសេដ្ឋកិច្ច និងបរិស្ថាន។

យ៉ាងណា បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ក្នុងមួយឆ្នាំខ្យល់ពុលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៧លាននាក់៕

Share

ព័ត៌មានទាក់ទង

Image