ក្រសួងមហាផ្ទៃបានសម្រេចលុបឈ្មោះមន្ត្រីពន្ធនាគារចំនួន៥រូប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចេញពីក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមូលហេតុប្រើប្រាស់សារធាតុញៀន។ នេះបើយោងតាមប្រកាសចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។
មន្ត្រីពន្ធនាគារទាំង៥នាក់ ដែលត្រូវលុបចេញក្របខ័ណ្ឌពេលនេះ រួមមាន លោកវរអគ្គានុរក្សថ្នាក់លេខ២ ផុន វណ្ណៈ មានតួនាទីជាអនុប្រធានការិយាល័យសន្តិសុខពន្ធនាគារ នៃមណ្ឌលអប់រំកែប្រែទី១ លោវរអគ្គានុរក្សថ្នាក់លេខ៣ ហូ សុជាតិ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី១ លោកវរអគ្គានុរក្សថ្នាក់លេខ៣ គន់ ដារ៉ា មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល លោកអនុរក្សថ្នាក់លេខ២ កេង ស៊ីឌុន មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល និងលោកអនុរក្សថ្នាក់លេខ៣ ខ្ចៅ សិរីរ័ត្ន មន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ។
គិតមកដល់ពេលនេះមានមន្ត្រីនគរបាលជាតិប្រមាណជាង៨០នាក់ហើយ ដែលត្រូវបានរងការដាក់វិន័យក្រោមរូបភាពដកចេញពីតំណែង បន្ថយឋានន្តរសក្តិ និងរហូតត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញថា ជាប់ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន និងមួយចំនួនទៀត ប្រព្រឹត្តិល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕