en     km
en     km

ការរើសជំនាញរៀនក្រោយចប់បាក់ឌុបនៅតែជាបញ្ហាប្រឈម ចំពោះយុវជនទូទៅ

Share

យុវជន ជាទូទៅមិនថាគាត់កំពុងរៀននៅថ្នាក់វិទ្យាល័យ ឬមួយចូលដល់សាកលវិទ្យាល័យហើយនោះទេ ច្បាស់ណាស់គឺពួកគាត់មានបញ្ហាគ្រប់ៗគ្នា។ នោះគឺបញ្ហាពាក់ព័ន្ធនឹងជំនាញសិក្សា។ ការរើសជំនាញរៀន មិនមែនជាភាពងាយស្រួលនោះទេ ព្រោះពេលខ្លះអាចសម្រេចចិត្តដោយមួយឆាវ ហើយស្រឡាញ់និងរៀនតែមួយឆាវក៏ថាបាន តែពេលខ្លះមានការសម្រេចចិត្តតាមគ្នា ឬធ្វើតាមចិត្តអ្នកផ្ទះក៏មាន។ បញ្ហាទាំងនេះ ត្រូវបានកើតឡើងជាបន្តបន្ទាប់ រហូតមកដល់ពេលបច្ចុប្បន្ន តែទោះជាយ៉ាងណាវាតែងមានដំណោះស្រាយ គ្រាន់តែថា របៀបដោះស្រាយគឺមានតាមជំហាន តាមដំណាក់ការ និងតាមស្ថានការណ៍ដែលបុគ្គលនីមួយៗបានជួប។ យុវជន និងអ្នកជំនាញដែលវិទ្យុស្ត្រីបានជួបសម្ភាស បានចែករំលែកខ្លះៗពីក្ដីកង្វល់របស់ពួកគេ លើបញ្ហានេះ គួបផ្សំនិងដំណោះស្រាយផងដែរ។

(កញ្ញា សួ សុវណ្ណិកា​ រាយការណ៍)

យុវតី អ៊ុន ស៊ុនអ៊ីន ជាសិស្សថ្នាក់ទី១២ថ្មីនៃវិទ្យាល័យចំរើនផល នៅរាជធានីភ្នំពេញ ។ ស៊ុនអ៊ីន បានប្រាប់វិទ្យុស្រ្តីថា ពេលដែលរៀនប្រឡងចប់ទី១២ ស៊ុនអ៊ីនជ្រើសជំនាញITដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ។ ដោយសារតែស៊ុនអ៊ីន សង្កេតឃើញថា បច្ចុប្បន្ន បច្ចេកវិទ្យាកំពុងវាយលុកក្នុងពិភពលោក ហើយជាជំនាញមួយដែលជឿនលឿនក្នុងវិស័យហ្នឹងផងដែរ។

ស៊ុនអ៊ីនបានបន្តប្រាប់វិទ្យុស្រ្តីថា៖

« ប្រសិនបើខ្ញុំរើសជំនាញខុស ខ្ញុំគិតថាអ្វិដែលខ្ញុំត្រូវធ្វើគឺ គិតសិន ថាហេតុអ្វីបានជាយើងមិនស្រឡាញ់ជំនាញនឹង អុីចឹងប្រសិនបើការផ្លាស់ប្ដូរជំនាញទៅ យើងគិតថាវាអាចខាតពេល អុីចឹងយើងធ្វើម៉េចចបកមកស្វែងយល់ពីជំនាញហ្នឹង ហើយកែប្រែនៅកន្លែងណាដែលយើងមិនពេញចិត្ត ធ្វើឱ្យយើងពេញចិត្តវិញ តែបើសិនជាយើងគិតថាពេលយើងដូរជំនាញហើយ វាផ្ដល់នូវអត្ថប្រយោជន៍ធំ ទោះខាតពេល ខាតប៉ុន្មានឆ្នាំប៉ុណ្ណាក៏ដោយ ក៏យើងគិតថាយើងដូរទៅមិនទាន់ហួសពេល  គឺខ្ញុំនឹងដូរ ។»

យុវជន ស៊ុន លីដា អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ ដែលបានបន្តការសិក្សានៅសាកលវិទ្យាល័យឯកជនមួយនៅរាជធានីភ្នំពេញ។ យុវជនរូបនេះបានលើកឡើងពីគុណវិបិត្តមួយចំនួន ក្នុងករណីរើសជំនាញខុស ប្រាប់វិទ្យុស្រ្តីថា កាលណាយើងរើសជំនាញខុស គុណវិបិត្ត ដែលប្រឈមរួមមាន រៀនមិនចប់ ពិបាកក្នុងការរៀន​(ព្រោះរៀនទាំងខ្លួន មិនស្រឡាញ់ មិនចូលចិត្ត) មានការបាក់ទឹកចិត្ត(ព្រោះមានការគិតច្រើនពីការសិក្សា ធ្វើយ៉ាងណារៀនទាន់គេ) និងមួយទៀតគឺពិបាករកការងារធ្វើ (នេះបើស្ថិតក្នុងករណី ពួកគាត់តស៊ូរៀនដល់ចប់ មានន័យថារៀនឱ្យតែបានចប់)។

លីដា បានណែនាំដល់សិស្សប្អូនជំនាន់ក្រោយ គួរ សាកសួរនាំពីសិស្សច្បង ដែលជាអ្នកកំពុងចូលរៀនៅសាកលវិទ្យាល័យ ឬរៀនចប់សាកលវិទ្យាល័យ ។

«ពេលដែលយើងរើសជំនាញអ្វីមួយ យើងទៅសួរបទពិសោធន៍សិស្សច្បងមុនៗ ដើម្បីឲ្យគាត់ផ្ដល់Advice(ដំបូន្មាន)អោយល្អតាស។ ហើយផលវិជ្ជមាន ទី១-គឺទទួលបានបទពិសោធន៍ពីគាត់ ហើយពេលខ្លះយើងមិនដឹងថាខ្លួនឯងស្រឡាញ់អ្វីទេ មានន័យថា យើងទៅសួរពួកគាត់ ព្រោះពួកគាត់ស្គាល់ ពួកគាត់ដើរមុនយើង។ ពេលយើងចង់រៀនជំនាញហ្នឹង យើងគ្រាន់តែResearch(ការស្រាវជ្រាវ)ដោយខ្លួនឯង យើងមិនបានដឹងអស់ទេ សិស្សច្បងរបស់យើងគាត់អាចដឹងច្រើនជាងយើង អ‌៊ីចឹងយើងអាចទៅសួរគាត់ ពេលដែលយើងឆ្ងល់អ្វីមួយ យើងអាចទៅសួរបទពិសោធន៍ពួកគាត់បាន។ »

ងាកមក កញ្ញា សេង ហ្គេចលី ជាអ្នកនិពន្ធនិងជាអ្នកផលិតមាតិកាអប់រំម្នាក់នៅក្នុងបណ្ដាញសង្គម ក៏បានលើកពីបញ្ហាដែលកញ្ញាបានជួប កាលពីនៅជាសិស្សនិស្សិតផងដែរ។ កញ្ញាបាននិយាយថា«នៅពេលដែលកញ្ញារៀនចប់ទី១២ភ្លាម គឺកញ្ញាមិនដឹងអ្វីច្រើនពីសង្គមខាងក្រៅនោះទេ ព្រោះពេលមកដល់ភ្នំពេញ កញ្ញាស្ដាប់តាមម៉ាក់ប៉ា  មិនចេញទៅក្រៅ ដើរលេងផ្ដេសផ្ដាសទេ គឺចេញពីផ្ទះទៅសាលា និងចេញពីសាលាទៅផ្ទះ»។ 

កញ្ញាក៏បានបន្ថែមទៀតថា «ចប់បាក់ឌុបភ្លាម គឺជ្រើសរើសជំនាញរៀនដែលខ្លួនមិនស្រឡាញ់ហើយចូលរៀននៅសកលគឺរៀនជំនាញដែលខ្លួនមិនស្រឡាញ់ ដោយសារតែយើងអត់ស្គាល់ខ្លួនឯង អ៊ីចឹងអាចនិយាយបានថា ការរៀននឹងគឺយើងអត់មានគោលដៅ អត់មានផែនការអីទាល់តែសោះ។ ជាលិទ្ធផល ការរៀននៅសាកលវិទ្យាល័យគឺបរាជ័យ ។»

អ្នកបង្កើតមាតិកាអប់រំរូបនេះបានបន្តទៀតថា ខ្លួនបានផ្លាស់ប្តូរនៅចំណុចមួយចំនួនរួមមាន ការអានសៀវភៅ ផ្លាស់ប្ដូរសកម្មភាពមួយចំនួន និងទម្លាប់ខ្លះៗ ក្រោយពីកញ្ញា បានចូលរួមសិក្ខាសាលា ដែលបានលើកឡើងពី «ការជ្រើសរើសជំនាញរៀន នៅសាកលវិទ្យាល័យ» ដើម្បីជាគន្លឹះក្នុងការចូលរៀនសាកលម្ដងទៀត កាលពី៨ឆ្នាំមុន។ មិនយូរប៉ុន្មាន កញ្ញាបានត្រឡប់ទៅរៀនវិញម្ដងទៀត ដោយបាននិយាយថា ការរៀនជាផ្នែកមួយនៃជីវិតរបស់កញ្ញា ដោយមិនចាំបាច់ឱ្យអ្នកណាមកប្រាប់ទេ កញ្ញាចង់ស្វែងយល់ដោយខ្លួនឯង ដោយមានការរៀបចំគោលដៅ និងផែនការច្បាស់លាស់ និងបានរកឃើញជំនាញដែលខ្លួនឯងស្រឡាញ់និងចូលចិត្ត គឺជំនាញចិត្តវិទ្យា។

លោក ង៉ែត សុខឡា ជាអគ្គនាយកនៃវិទ្យាស្ថានមគ្គុទេសក៍នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា មានប្រសាសន៍ថា «ជំនាញទាំងអស់ ល្អទាំងអស់ ស្រុកខ្មែរ ព្រោះជាប្រទេសកំពុងអភិវឌ្ឍ ឱ្យតែជំនាញដែលយើងចេះ គឺចេះឱ្យប្រាកដ។» មូលហេតុដែលលោកលើកឡើងនៅឃ្លាមួយនេះ ព្រោះកាលពី១៥ឆ្នាំមុន ក្រោយលោកបានបញ្ចប់ថ្នាក់ទី១២ លោកពិបាកចិត្តមិនដឹងរៀនជំនាញអ្វីនៅសាកលវិទ្យាល័យនោះទេ  ដោយមានការច្របូកច្របល់ចិត្តរវាងមិត្តភក្តិផង និងគ្រួសារផង។ ស្របពេលនោះដែរ លោកបានចូលរួមសិក្ខាសាលាមួយដែលស្ដីពី«ការរើសជំនាញរៀន នៅសាកលវិទ្យាល័យ» ដែលធ្វើឱ្យលោកសម្រេចចិត្តចូលរួម កុំឱ្យមានចិត្តស្ទាក់ស្ទើរក្នុងការរើសជំនាញរៀន។ពេលលោកចូលរួមក្នុងសិក្ខាសាលា វាគ្មិនបានបង្ហាញនៅចំណុចទាំងនេះ ដែលលោកយកទៅអនុវត្តទៅត្រូវនិងទទួលបានផលច្រើន មានដូចជា ការសិក្សាស្រាវជ្រាវពីមុខជំនាញឱ្យបានច្បាស់ ទៅមើលជំនាញនោះ អានសៀវភៅ សួរសំណូរទៅរាមច្បង ឬលោកគ្រូ-អ្នកគ្រូ និងចុងក្រោយគឺការស្គាល់ខ្លួនឯង ។

ទន្ទឹមនឹងនេះ លោកបានបង្ហាញពីវិធីក្នុងការរើសជំនាញរៀនឱ្យបានត្រឹមត្រូវ និងវិធីក្នុងការស្គាល់ខ្លួនឯង។ ក្នុងការរើសជំនាញរៀនរួមមាន ទី១-ទាក់ទងនឹងការស្រាវជ្រាវ គឺសិក្សាស្រាវជ្រាវឱ្យបានច្បាស់ដែលយើងចង់រៀន ពីសាកលវិទ្យាល័យដែលយើងចង់រៀនដោយផ្ទាល់។ ទី២-សួរសំណួរទៅរាមច្បងឬលោកគ្រូ-អ្នកគ្រូ គឺមានន័យថា ពួកគាត់ដើរមុន គាត់ដឹងច្រើន។ និងទី៣-បង្កើតផែនទីជីវិតខ្លួនឯង ហើយដើរត្រូវតែច្បាស់ថា ការរើសជំនាញនោះគឺផ្តោតលើឆន្ទ:យើងផ្តាល់ អត់មានផ្ដោតឥទ្ធិពលទៅខាងណាទេ ដោយផ្អែកលើភាពខ្លាំងរបស់យើង។ រីឯ ចង់ស្គាល់ខ្លួនឯង ទី១-ហាត់ដើរម្នាក់ឯង៖ ដើរទៅណាក៏បាន មិនមានអ្នកណាមានឥទ្ធិពលមកលើយើងទេ ចង់ទិញអ្វីក៏បាន។ទី២-ប្រៀបធៀប៖ ប្រៀបធៀបមិត្តរបស់យើង អ្នកដែលយើងបាត់មុខមិនបាន គាត់ចូលចិត្តអ្វី មិនចូលចិត្តអ្វី យើងក៏ស្ថិតក្នុងស្ថានការណ៍នោះដែរ។ និងទី៣-ចូលរួមការងារស្ម័គ្រចិត្ត៖ស្ម័គ្រចិត្តឱ្យបានច្រើន រៀនឱ្យបានច្រើនពីការងារទាំងនោះ យើងនឹងដឹងថា ខ្លួនចូលចិត្ត ខ្លាំងលើអ្វី ហើយជារឿងដែលយើងអាចស្គាល់ខ្លូនឯងកាន់តែច្បាស់។

កញ្ញា សេងហ្គេចលី បានបន្តក្នុងន័យលើកទឹកចិត្តថា៖

«ជីវិតជាដំណើរ វាជារឿងនៅវែងឆ្ងាយ វាអត់ចប់នៅត្រឹមហ្នឹងទេ ទោះជាយើងធ្លាប់រើសជំនាញរៀនខុសយ៉ាងមិចក៏ដោយ បើសិនជាខ្ញុំគិតត្រឡប់ទៅវិញ បើខ្ញុំមិនរើសជំនាញរៀនខុស ខ្ញុំក៏មិនអាចមកដល់ថ្ងៃនេះបានទេ ខ្ញុំប្រហែលជាក្លាចទៅជាអ្នករៀនជំនាញគណនីចប់ ខ្ញុំមានគ្រួសារ ខ្ញុំរៀបការ ខ្ញុំមានកូន១ កូន២ បើតាមតែម៉ាក់ខ្ញុំ បើតាមតែគ្រួសារហ្នឹង។ប៉ុន្តែយើងជម្នះការគិតហ្នឹង ហើយមកដល់ពេលនេះបាន  វាហាក់បីដូចជាដំណើរមួយ ពេលខ្លះវាធ្លាក់ ប៉ុន្តែពេលវាឡើងទៅដល់កន្លែងណាមួយ យើងចាប់ផ្ដើមមើលឃើញអ្វីៗនឹងស្អាតខុសពីការគិត ហើយវាបាននាំខ្ញុំឱ្យរកឃើញពីសក្ដានុពលពីខាងក្នុងរបស់ខ្លួន ដោយខ្ញុំមិនដែរគិតទេថា ខ្ញុំអាចមកឈរនិយាយលើឆាក អាចនិយាយ ធ្វើវីដេអូ លើកទឹកចិត្តយុវជនបានទេ ប៉ុន្តែដោយសារឧបសគ្គទាំងអស់នេះបានធ្វើអោយខ្ញុំមានថ្ងែនេះ។»

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បានចង្អុលផ្លូវ ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដោយជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ ទី១ គឺជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត ទី២ ជ្រើសរើសទៅតាមតម្រូវការទីផ្សារការងារ  គឺត្រូវស្វែងរកព័ត៌មានពីតម្រូវការទីផ្សារការងារនៅក្នុងស្រុកនិងក្រៅស្រុកតាមរយៈក្រសួងអប់រំ ឬក៏ក្រសួងការងារ​ ឬអាចរកតាមប្រព័ន្ធអ៊ិនធឺណេតក៏បាន។ ស្របគ្នានេះដែរ លោកក៏បានពញ្ញាក់សិស្សានុសិស្សថា បើរៀនតាមចំណង់ គឺរៀនឆាប់ចេះ ប៉ុន្តែបើរៀនខុសចំណង់ គឺពិបាករៀន ហើយត្រូវខំ១គុណនឹង២ ប៉ុន្តែងាយរកការងារធ្វើជាង៕

អត្ថបទ៖សួ សុវណ្ណិកា

Share

ព័ត៌មានទាក់ទង

Image