en     km
en     km

ចំណាប់ខ្មាំងជនជាតិអុីស្រាអែលពីរនាក់ ស្លាប់ក្រោមស្នាដៃទាហាននៅប្រទេសខ្លួន

Share

យោងតាមវីដេអូថ្មីមួយដែលទើបនឹងចេញផ្សាយកាលពីថ្ងៃអាទិត្យ​ ទី១៤ ខែមករា ឆ្នាំ២០២៤ បានបង្ហាញឱ្យឃើញថា សាកសពចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលពីររូបត្រូវស្លាប់ក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលមកកាន់តំបន់ហ្គាហ្សា។ ក្នុងនោះ ក្រុមហាម៉ាស់ធ្លាប់បានព្រមានអ៊ីស្រាអែលជាច្រើនសា ជុំវិញបទឈប់បាញ់រវាងក្រុមទាំងពីរ ក៏ប៉ុន្តែអ៊ីស្រាអែលតែងច្រានចោល។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។

ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលដែលបានស្លាប់ទាំងពីរនាក់នេះ មានម្នាក់ឈ្មោះថា Yossi Sharabi និងមានអាយុ ៥៣ឆ្នាំ។ ចំណែកចំណាប់ខ្មាំង ម្នាក់ទៀត គឺ Itai Svirsky មានអាយុ ៣៨ឆ្នាំ។ ក្រៅពីនេះ ចំណាប់ខ្មាំងម្នាក់ផ្សេងទៀត ត្រូវបង្ខំឱ្យអានសំណេរនៅខាងមុខទីតាំងដាក់បង្ហាញសាកសពជនរងគ្រោះ។ នេះបើយោងតាមការបញ្ជាក់ពីក្នុងវីដេអូដែលបានផ្សព្វផ្សាយព្រោងព្រាតនៅតាមបណ្តាញសង្គម។

ជាមួយគ្នានេះ អ្នកនាំពាក្យយោធារបស់អ៊ីស្រាអែល លោក Daniel Hagari ចេញមុខបដិសេធ និងសម្តែងក្តី​ព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងជោគវាសនារបស់ចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវក្រុមហាម៉ាស់ចាប់ខ្លួនចាប់តាំងពីក្រុមហាម៉ាស់លុកលុយអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការស្លាប់របស់ចំណាប់ខ្មាំងខាងលើ មិនមានអ្វីត្រូវជាប់ពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកបាញ់ប្រហាររបស់អ៊ីស្រាអែលនោះឡើយ។ លោក Daniel Hagari អះអាងថា ក្រុមកងកម្លាំងអ៊ីស្រាអែលមិនអាចវាយប្រហារកន្លែងដែលមានចំណាប់ខ្មាំងបាននោះឡើយ ពីព្រោះពួកគេបានកំណត់គោលដៅសម្រាប់បាញ់ប្រហាររួចជាស្រេចនៅមុនពេលចេញប្រតិបត្តិការ។

គួរបញ្ជាក់ដែរថា ក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំងពីអ៊ីស្រាអែលចំនួន ២៤០នាក់ ហើយក្នុងនោះចំណាប់ខ្មាំងជាងពាក់កណ្តាល ត្រូវបានដោះលែងឱ្យវិលទៅស្រុកកំណើតខ្លួនវិញនៅអំឡុងពេលក្រុមទាំងពីរប្រកាសអនុវត្តបទឈប់បាញ់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។ រីឯ អ៊ីស្រាអែលក៏មានចំណាប់ខ្មាំងជនជាតិប៉ាឡេស្ទីនមួយចំនួនដែលកំពុងជាប់ពន្ធនាគារនៅក្នុងទឹកដីអ៊ីស្រាអែលផងដែរ៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤

Share

ព័ត៌មានទាក់ទង

Image