en     km
en     km

ស្នងការភ្នំពេញច្រានចោលការលើកឡើងរបស់បក្សភ្លើងទៀនជុំវិញការចាប់ខ្លួនប្រធានស្ដីទីបក្ស ថាគ្មានហេតុផល និងមូលដ្ឋានច្បាស់លាស់

Share

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលក្រុងភ្នំពេញបានចេញមុខមកបដិសេធ ចំពោះការលើកឡើងថាការចាប់ខ្លួនប្រធានស្ដីទីគណបក្សភ្លើងទៀន ជារូបភាពគំរាមកំហែង បំបាក់ស្មារតីពលរដ្ឋមិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយបក្សខ្លួន ជាហេតុផលដែលគ្មានមូលដ្ឋានច្បាស់លាស់។ អ្នកនាំពាក្យស្នងការថា ការឃាត់ខ្លួនមន្ដ្រីបក្សប្រឆាំងរូបនេះ ក្រោមហេតុផលបន្លំឯកសារស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ ដោយសាម៉ីខ្លួនមិនបានដឹងមុន មិនពាក់ព័ន្ធនយោបាយនោះទេ។  តែយ៉ាងណា ការចាប់ខ្លួននេះ ធ្វើឡើងមុនការបោះឆ្នោតអសកលនាខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ធ្វើឱ្យគណបក្សភ្លើងទៀន ចាត់ទុកទង្វើនេះ នាំឱ្យមានបរិយាកាសនយោបាយអាប់អួរមុនបោះឆ្នោត។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រោយគណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ខ្លួនប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្សខ្លួន នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយគ្មានបង្ហាញដីកាពីតុលាការ នៅថ្ងៃនេះអ្នកនាំពាក្យស្នងការដ្ឋាននគរបាលក្រុងភ្នំពេញបានចេញមុខបដិសេធ និងច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់គណបក្សភ្លើងទៀន ដោយសំអាងថា ការចោទរបស់គណបក្សភ្លើងទៀន គ្មានហេតុផល និងគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។

ផ្អែកតាមសេចក្ដីថ្លែងការណ៍ពីគណបក្សភ្លើងទៀន បានចាត់ទុកការចាប់ខ្លួន លោក ខឹម ចាន់វណ្ណៈ ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិ គឺជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឲ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងជាការធ្វើឱ្យបរិយាកាសនយោបាយ មុនការបោះឆ្នោតអសកលក្នុងឆ្នាំ២០២៤នេះ រឹតតែមានភាពអាប់អួរថែមទៀត។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា តាមក្រមនីតិវីធីព្រហ្មទណ្ឌ ការចាប់ខ្លួនអាចធ្វើបានដោយហេតុផលពីរយ៉ាង បើជាបទល្មើសមិនជាក់ស្ដែង អាជ្ញាធរត្រូវបង្ហាញដីកាពីតុលាការ និងបញ្ជាក់ពីមូលហេតុច្បាស់លាស់។ តែបើជាបទល្មើសជាក់ស្ដែងមិនចាំបាច់ដីកាទេ តែត្រូវបង្ហាញហេតុផលឱ្យគ្រួសារជនដែលបានចាប់បានដឹង មិនដូច្នេះទេ ជាការរំលោភនីតិវិធីច្បាប់ និងរំលោភលើសិទ្ធិរបស់ជនដែលបានចាប់។

ដូចការលើកឡើងពីមន្ដ្រីជាន់ខ្ពស់លីកាដូ រូបភាពនៃការធ្វើទុក្ខបុកម្នេញលើមន្ដ្រីបក្សប្រឆាំងតែងតែកើតមានមុនការបោះឆ្នោតនានាក្នុងប្រទេសកម្ពុជា។ ដ្បិតថានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ កម្ពុជានឹងមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ផង និងនៅHumanRight-ថ្ងៃទី២៦ ខែឧសភា ក៏មានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ផងនោះ ការចាប់ខ្លួនមន្ដ្រីបក្សប្រឆាំងហាក់មានសកម្មភាពឡើងវិញ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Right Watch កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានចេញរបាយការណ៍ប្រចាំឆ្នាំ២០២៤ ដោយលើកពីបរិយាយកាសនយោបាយនៅកម្ពុជាថានៅតែមានការរារាំងមិនឱ្យគណបក្សប្រឆាំងចូលរួមក្នុងដំណើរការបោះឆ្នោត និងប្រើប្រព័ន្ធតុលាការយាយីដល់អ្នករិះគន់ជាដើម។ Human Right Watch ថាកម្ពុជាមិនបានប្ដូរការដឹកនាំដែលគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ ទោះបីមានការប្ដូរមេដឹកនាំថ្មីក៏ដោយ។

លោក អំ សំអាត បន្ដថា ក្នុងនាមកម្ពុជា ជាប្រទេសគោរពគោលការណ៍ប្រជាធិបតេយ្យ គួរតែប្រកាន់ខ្ជាប់គោលការណ៍នេះ និងអនុវត្តតាមផងដែរ ព្រមទាំងបើកចំហឱ្យគណបក្សនយោបាយទាំងអស់ប្រកួតប្រជែងគ្នាដោយស្មើភាព។

ទាក់ទិនបញ្ហានេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលក្រុងភ្នំពេញបានប្រាប់វិទ្យុស្ដ្រីថា ការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ដោយសារលោកបានបន្លំឯកសារស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ ដើម្បីចុះឈ្មោះបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់ផ្សារថ្មី របស់គណបក្សភ្លើងទៀន ដោយគ្មានការអនុញ្ញាតពីសាម៉ីខ្លួន។

យ៉ាងណាតាមរយៈលិខិតថ្លែងការណ៍របស់គណបក្សភ្លើងទៀនចុះផ្សាយម្សិលមិញ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចដោះលែងលោក ខឹម ចាន់វណ្ណៈ ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព មកលើថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជនគណបក្ស ភ្លើងទៀន ដើម្បីធានាបរិយាកាសល្អប្រសើរ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ខាងមុខ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

តែបែបនេះក្ដី អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បញ្ជាក់ថា ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់ការគម្រាមកំហែង ធ្វើទុក្ខបុកម្នេញលើសកម្មជនមិននយោបាយណាមួយឡើយ។  ជាមួយគ្នានៅថ្ងៃនេះ ក៏ឃើញមានការចេញដីកាពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ផងដែរ ក្នុងការបង្កប់ឱ្យចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ។

សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋានក្រុងភ្នំពេញបញ្ជាក់ថា នៅថ្ងៃនេះ លោក ខឹម ចាន់វណ្ណៈត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការតាមនីតិវិធីផងដែរ៕

Share

ព័ត៌មានទាក់ទង

Image