en     km
en     km

សង្គមស៊ីវិល៖ ផែនការបង្កើតមណ្ឌលអប់រំអ្នកញៀនថ្នាំនៅបន្ទាយទាហានថៃ អាចប៉ះពាល់ដល់បញ្ហាសិទ្ធិមនុស្ស

Share


រដ្ឋាភិបាលថៃបានផ្តួចផ្តើមគំនិតបើកមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់អ្នកញៀនថ្នាំនៅមជ្ឍមណ្ឌលរ៉ាក់ចៃ ដែលមានទីតាំងនៅក្នុងបន្ទាយទាហានចំនួន ៥២កន្លែងនៅទូទាំងប្រទេសថៃ។ ករណីនេះបានធ្វើឱ្យក្រុមសង្គមស៊ីវិលមានការព្រួយបារម្ភទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សជាខ្លាំង។

(កញ្ញា សៃ ចន្ធី រាយការណ៍)

 

យោងតាមការសរសេរសារបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានលើកឡើងពីបញ្ហាគ្រឿងញៀននៅក្នុងប្រទេស និងផែនការរបស់រដ្ឋាភិបាលសម្រាប់ប្រើប្រាស់នៅក្នុងបរិវេណមជ្ឈមណ្ឌលយោធា ដើម្បីធ្វើកម្មវិធីស្តារនីតិសម្បទាសម្រាប់អ្នកញៀនសារធាតុញៀន។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។

ទាក់ទិននឹងការបង្កើតកម្មវិធីស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន រដ្ឋមន្ត្រីការពារជាតិថៃ លោក Sutin Klungsang បានបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមនេះ ដោយបានសម្រេចថានឹងបង្កើតកម្មវិធីស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលយោធាបន្ថែមទៀត។ លោកបន្តទៀតថា ការបង្កើតមជ្ឈមណ្ឌលនេះឡើង គឺដើម្បីជួយអ្នកញៀនថ្នាំចំនួន ៤៤១៤នាក់ ដែលរស់នៅក្នុងស្រុកចំនួន ៨៥ នៃខេត្តចំនួន ៣០ តាមរយៈជម្រើសនៃការព្យាបាលរយៈពេល ៦០ ដល់ ៩០ថ្ងៃ ឬ ១២០ថ្ងៃ។

ក៏ប៉ុន្តែ វិធីសាស្ត្រស្តារនីតិសម្បទាគ្រឿងញៀនតាមបែបយោធានេះ បានបង្កើនជាក្តីព្រួយបារម្ភសម្រាប់ក្រុមសង្គមស៊ីវិលទៅលើការរំលោភបំពានលើសិទ្ធិមនុស្ស បើទោះបីពួកគេជាជនល្មើសក្នុងបទប្រើប្រាស់គ្រឿងញៀន ឬសារធាតុដែលធ្វើឱ្យញៀនក្តី។

បើយោងតាម លោកស្រី Thissadee Sawangying នាយកបណ្តាញសុខភាព និងឱកាស បាននិយាយថា មជ្ឈមណ្ឌលស្តារនីតិសម្បទាដែលគ្រប់គ្រងដោយយោធានេះ បានបង្កើតឡើងតាំងពីយូរយារណាស់មកហើយ។ លោកស្រីបានបញ្ជាក់ទៀតថា មជ្ឈមណ្ឌលស្តារនីតិសម្បទានេះគេស្គាល់ថាជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនស៊ីវិល ដែលបានបង្កើតជាច្រើនកន្លែងសម្រាប់ជនជាប់ទោសពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយអ្នកដែលត្រូវបានចាប់ខ្លួនពីបទល្មើសនឹងទទួលបានការបណ្តុះបណ្តាលវិន័យ ពិសេសក្រុមទាំងនេះត្រូវក្រុមយោធាជាអ្នកត្រួតពិនិត្យ និងមើលថែទាំដោយផ្ទាល់។

ជាមួយគ្នា លោកស្រីនាយកបណ្តាញសុខភាព និងឱកាសរូបនេះថា មានកង្វល់ចំពោះការធ្វើបាបអ្នកដែលមានជំងឺផ្លូវចិត្ត និងស្ត្រីប្តូរភេទមួយចំនួន ដែលត្រូវបានក្រុមយោធាកេងចំណេញ និងបៀតបៀននៅក្នុងមជ្ឈមណ្ឌល។ លោកស្រីអះអាងថា គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងរបស់យោធានេះ មិនមានការអនុលោមអនុវត្តការព្យាបាលជាសកល និងមិនមានអ្នកជំនាញច្រើននោះទេ។

ជុំវិញករណីនេះដែរ លោកស្រី Thissadee Sawangying ក៏បានជំរុញឱ្យរដ្ឋាភិបាលបង្កើតបញ្ជីលក្ខណៈវិនិច្ឆ័យច្បាស់លាស់សម្រាប់ការចុះឈ្មោះអ្នកញៀនគ្រឿងញៀនទៅក្នុងកម្មវិធី និងអំពាវនាវឱ្យមានតម្លាភាព និងអនុញ្ញាតឱ្យវិស័យស៊ីវិលធ្វើការត្រួតពិនិត្យ។ លោកស្រីថា ត្រូវតែធ្វើឡើងដោយការស្ម័គ្រចិត្ត ដោយផ្អែកលើតម្លៃនៃការកាត់បន្ថយគ្រោះថ្នាក់ជាសកល និងគោលការណ៍សិទ្ធិមនុស្សជាចម្បង។

ជាពិសេស លោកស្រីយល់ថា អ្វីដែលនាយករដ្ឋមន្ត្រីត្រូវធ្វើ គឺការបង្កើនសមត្ថភាពនៃវិស័យវេជ្ជសាស្ត្រក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀន ដូចជាចំណេះដឹង បុគ្គលិក និងធ្វើការជិតស្និទ្ធជាមួយសង្គមស៊ីវិល ដែលវាមិនមែនជាការព្យាបាលដោយប្រើកម្លាំងយោធានោះទេ ពោលគឺមិនត្រូវប្រើប្រាស់អំពើហិង្សា ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬការបៀតបៀនផ្លូវភេទជនល្មើសអ្នកនេះនោះឡើយ។

សូមជម្រាបថា តាមការបញ្ជាក់របស់ លោកស្រី Lai បាននិយាយថា ប្រទេសថៃមានប្រវត្តិនៃអំពើហឹង្សា និងការរំលោភបំពានទាក់ទងនឹងគ្រឿងញៀន ហើយនៅតែបន្តមានមកទល់នឹងបច្ចុប្បន្ន។ លោកស្រីថា ភាគច្រើនប្រព្រឹត្តឡើងដោយយោធា និងអ្នកអនុវត្តច្បាប់។

គួរបញ្ជាក់ថា យោធាមិនមែនជាអ្នកជំនាញផ្នែកសុខភាពនោះទេ ហើយក៏មិនគួរចូលរួមក្នុងការផ្តល់សេវាសុខភាពដល់សាធារណជននោះដែរ ពីព្រោះតួនាទីយោធាត្រូវបានចែងរួចជាស្រេចថា ពួកគេមានកាតព្វកិច្ចអ្វីខ្លះនៅក្នុងជំនាញរៀងៗខ្លួនរបស់ពួកគេ៕

ប្រភព៖ Bangkok Post ចុះថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤

Share

ព័ត៌មានទាក់ទង

Image