en     km
en     km

លោក ថេង សាវឿន និងក្រុមការងារត្រូវសាលាដំបូងខេត្តរតនគិរីផ្តន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំពីបទរួមគំនិតក្បត់

Share

នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ សាលាដំបូងខេត្តរតនគិរី បានប្រកាសសាលក្រមផ្តន្ទាទោសបុគ្គលិកចំនួន៣រូបដែលកំពុងបម្រើការនៅក្នុងសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia)ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំពីបទចោទប្រកាន់ថា «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តែយ៉ាងណា ទោសទាំងនេះត្រូវបានព្យួរ។ នេះបើយោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ថេង សាវឿន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

ការប្រកាសសាលក្រមនេះ ធ្វើឡើងនៅបន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តរតនគិរីបានបើកសវនាការកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ នៅក្នុងនោះ លោក ថេង សាវឿន បញ្ជាក់ថា សាលាដំបូងខេត្តរតនគិរីបានចោទ លោក ថាន់ ហាច មន្រ្តីសម្របសម្រួលសហគមន៍ CCFC Cambodia, លោក ថេង សារឿន ប្រធានសមាគម CCFC Cambodia, និងលោក ញ៉ិល ភាព មន្រ្តីជាន់ខ្ពស់ CCFC Cambodia ថាបានប្រព្រឹត្តិបទល្មើសនៅក្នុងសិក្ខាសាលាកសាងសមត្ថភាពដល់បុគ្គលិកសមាគមយោងតាមមាត្រា៤៥៣ និងមាត្រា៤៩៥។

លោក ថេង សាវឿន បាននិយាយថា លោកនិងក្រុមការងារបានចុះទៅខេត្តរតនគិរីកាលពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣ ដើម្បីទៅធ្វើសិក្ខាសិលាបណ្តុះបណ្តាលសមត្ថភាពបុគ្គលិកតែប៉ុណ្ណោះ ដោយមិនមានគំនិត ឬចេតនាបង្កើតជាសកម្មភាពពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ជាតិអ្វីដូចដែលសាលាដំបូងបានចោទប្រកាន់នោះឡើយ។

ក្នុងនោះ លោកបានទទួលស្គាល់កំហុសថា បានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យមួយចំនួនដែលខុសពីរបៀបវារៈ ក៏ប៉ុន្តែស្ថិតនៅក្នុងបន្ទប់បិទជិតប៉ុណ្ណោះ។ លោកនិយាយបែបនេះនៅក្នុងសារបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ហើយបានព្យាយាមសំណូមពរឱ្យចៅក្រមពិចារណា និងពិនិត្យមើលអង្គហេតុ ព្រមទាំងទម្លាក់ចោលបទប្រកាន់លើរូបលោកផងដែរ។

ជាមួយគ្នានេះ លោកអះអាងថា លោកនឹងដាក់ពាក្យបណ្ដឹងទៅតាមនីតីវិធីផ្លូវច្បាប់ទៅកាន់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំដើម្បីជំទាស់ទៅនឹងសាលក្រមសាលាដំបូងខេត្តរតនគិរី ក្រោមមូលហេតុថាជារឿងអយុត្តិធម៌សម្រាប់រូបលោក។ ទោះជាយ៉ាងណា លោកបានប្ដេជា្ញចិត្តថា នឹងបន្តកិច្ចការងារអប់រំ និងជួយសង្គមជាតិនេះជាមួយនឹងសមាជិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia) ពិសេសនឹងធ្វើការតស៊ូមតិទាមទារយុត្តិធម៌តាមនីតីវិធីច្បាប់ដែលមានចែងក្នុងប្រទេសកម្ពុជា ដោយមិនរត់ចោលប្រជាកសិករខ្មែរនោះឡើយ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង