យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា អ្នកកាសែតស្រ្តីអ៊ីរ៉ង់ពីរនាក់ ត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគារនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានរាយការណ៍ពីការស្លាប់របស់សកម្មជន Mahsa Amini។ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ តុលាការសម្រេចដោះលែងអ្នកទាំងពីរឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នសិន។
អ្នកកាសែតជាស្រ្តីអ៊ីរ៉ង់ទាំងពីររូបនេះ មានឈ្មោះថា Niloofar Hamedi និងអ្នកកាសែតម្នាក់ទៀតមានឈ្មោះថា Elaheh Mohammadi ត្រូវបានប៉ូលិសអ៊ីរ៉ង់ចាប់ឃាត់ខ្លួន និងដាក់ពន្ធនាគារកាលពីឆ្នាំ២០២២ នៅអំឡុងពេលផ្ទុះការតវ៉ាទាមទារសិទ្ធិសេរីភាពឱ្យសកម្មជនសិទ្ធិមនុស្ស Mahsa Amini។ បន្ទាប់ពីកាត់ទោសអស់រយៈពេលជិត២ឆ្នាំ ទីបំផុតអ្នកកាសែតស្រ្តីទាំងពីរនាក់នេះ ត្រូវតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។
ជុំវិញករណីនេះ យោងតាមសារព័ត៌មាន RSF និងអង្គការសហប្រជាជាតិបង្ហាញថា លោកស្រី Hamedi ត្រូវប៉ូលិសអ៊ីរ៉ង់ចាប់ខ្លួនបន្ទាប់ពីបានទៅសួរសុខទុក្ខសកម្មជន Amini នៅក្នុងមន្ទីរពេទ្យដើម្បីរាយការណ៍អំពីស្ថានភាពសុខភាពរបស់សកម្មជនជាស្រ្តីរូបនេះ។ លោកស្រី Hamedi ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំក្នុងបទចោទប្រកាន់ថាសហការជាមួយរដ្ឋាភិបាលអរិភាពរបស់សហរដ្ឋអាមេរិក, ឃុបឃិតគ្នាប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខរបស់ប្រទេស និងការឃោសនាអកុសលប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។
ចំណែក លោកស្រី Mohammadi ត្រូវប៉ូលិសអ៊ីរ៉ង់ចាប់ខ្លួនបន្ទាប់ពីរាយការណ៍អំពីពិធីបុណ្យសពរបស់ Amini។ ក្នុងនោះ តុលាការកាត់ទោសអ៊ីរ៉ង់កាត់ទោសលោកស្រី Mohammadi ឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទស្រដៀងគ្នានឹងលោកស្រី Hamedi ដោយចោទប្រកាន់ថាបានសហការជាមួយរដ្ឋាភិបាលអរិភាពរបស់សហរដ្ឋអាមេរិក និងឃោសនាប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។
ដោយឡែក កាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ តុលាការសម្រេចដោះលែងអ្នកកាសែតស្រ្តីទាំងពីរនាក់នេះ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន និងរងចាំសាលក្រមលើបណ្តឹងឧទ្ធរណ៍ជាបន្ត។ ជាមួយគ្នានេះ ស្រ្តីអ្នកសារព័ត៌មានទាំងពីរ ត្រូវបង់ប្រាក់ធានាចំនួនជិត ២០ម៉ឺនដុល្លារអាមេរិកក្នុងម្នាក់ ដើម្បីអាចចាកចេញពីពន្ធនាគារបាន ក៏ប៉ុន្តែពួកគេមិនអនុញ្ញាតឱ្យចាកចេញ ឬរត់គេចទៅនៅក្រៅប្រទេសនៅអំឡុងពេលនេះបានឡើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់ប្រទេសអ៊ីរ៉ង់។
ប្រជាពលរដ្ឋនៅអ៊ីរ៉ង់ជាច្រើន បានចូលរួមអបអរសាទរសម្រាប់ដំណឹងមួយនេះ និងបានបង្ហោះសារព្រោងព្រាតនៅតាមបណ្តាញសង្គម X ដែលពីមុនគេស្គាល់ថាជា Twitter។ ទន្ទឹមគ្នានេះ ឪពុករបស់សកម្មជន Amini ក៏បានចូលរួមរីករាយសាទរចំពោះការវិលត្រឡប់មកជីវភាពធម្មតារបស់អ្នកកាសែតជាស្រ្តីទាំងពីរនាក់នេះផងដែរ៕
ប្រភព៖ CNN ចុះថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤