ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ថា ការដឹកនាំនៅប្រទេសកម្ពុជា រយៈពេល ជិត ៤០ ឆ្នាំមកនេះ មិនឃើញមានការរីកចម្រើនណាមួយគួរឱ្យកត់សម្គាល់ គឺមានតែធ្វើឱ្យប្រជាពលរដ្ឋកាន់តែក្រីក្រៗ ដែលដឹកនាំតាមបែបផ្ដាច់ការរបស់រដ្ឋាភិបាល។ នេះបើតាមការ សរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី នៅថ្ងៃទី២៥ ខែមករា។
លោក សម រង្ស៊ី សរសេរទៀតថា ក្នុងរយៈពេល ៣ ខែកន្លងទៅនេះ គណបក្សប្រឆាំង បែបប្រជាធិបតេយ្យដែលទទួលជ័យជម្នះក្នុងការបោះឆ្នោត ក្នុងនោះមាន ៥ ប្រទេសគឺ ប្រទេសភូមា (Myanmar) ប្រទេសវេណេហ្ស៊ុយអេឡា (Venezuela) ប្រទេសអាហ្សង់ទីន (Argentina) ប្រទេសកាណាដា (Canada) និងកោះតៃវ៉ាន់ (Taiwan)។
លោកបន្តថា បន្ទាប់ពីគណបក្សប្រឆាំងជាប់ឆ្នោត បក្សកាន់អំណាចបានផ្ទេរតំណែង និងក្លាយទៅជាគណបក្សប្រឆាំងវិញ។ ប្រធានគណបក្សប្រឆាំងរូបនេះ បន្ថែមថា ការផ្លាស់ប្តូរអ្នកដឹកនាំបែបនេះ ធ្វើឱ្យប្រទេសនីមួយៗមានលក្ខណៈរីកចម្រើនជឿនលឿន។ លោកថា ព្រោះតែគ្មានការផ្លាស់ប្តូរ ទើបកម្ពុជាស្ថិតក្នុងចំណោមប្រទេសអន់ថយ និងក្រីក្រជាងគេនៅលើពិភពលោក។
ទាក់ទងនឹងការលើកឡើងរបស់លោក សមរង្ស៊ី នៅថ្ងៃទី២៦ ខែមករា នេះ នៅក្នុងហ្វេសប៊ុក របស់សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសរសេរថា កម្ពុជាដែលស្ថិតនៅក្រោមការដឹកនាំ របស់លោកពីបាតដៃទទេបានប្រែរូបទៅជាប្រទេសដែលមានការអភិវឌ្ឍគ្រប់វិស័យ មិនដូច ជាការលើឡើងរបស់បុគ្គលមួយចំនួនតូច ដែលមើលមិនឃើញពីការរីកចម្រើននោះទេ។ ដែល ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះ ទំនងជាងចង់ឌឺដងឱ្យលោក សម រង្ស៊ី។
លោក បានសរសេរថា៖ «យើងក្រឡេកមើលទីក្រុងភ្នំពេញសព្វថ្ងៃ ដែលមានកំណើនប្រជា ពលរដ្ឋឡើងជិតដល់ ២ លាននាក់ និងកំណើនលំនៅដ្ឋាន យានយន្តមធ្យោបាយធ្វើដំណើរ គ្រប់ធុន គ្រឹះស្ថានសិក្សាអប់រំគ្រប់កម្រិត និងកំណើនមុខរបរ និងប្រាក់ចំណូលដែលធ្វើឱ្យ ពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរថ្លៃថ្នូរ។ កត្តាទាំងអស់នេះ គឺបានជួយជំរុញសេដ្ឋកិច្ចជាតិឱ្យមានសន្ទុះរីកចម្រើនព្រមគ្នា»។
«ទោះបីទីក្រុងយើងរីកចម្រើនបែបនេះក្តី ក៏ប៉ុន្តែ ចំពោះបុគ្គលមួយចំនួនតូចគឺមិនបានឃើញពីភាពរីកច្រើននេះទេ ព្រោះពួកគេមិនបានឆ្លងកាត់ការតស៊ូលំបាកវេទនា ក្នុងការកសាងទីក្រុងពីក្រោមចំណុចសូន្យរហូតមកទល់ពេលនេះ។ហើយម្យ៉ាងវិញទៀត ពីព្រោះពួកគេក៏មិនដែលបានកសាងទីក្រុងអ្វីដែរ។ ដូច្នេះ គេមិនបានដឹងអំពីការរីកចម្រើពិតប្រាកដមែន។ ខ្ញុំបន្តដឹកនាំ និងខិតខំកសាងទីក្រុង និងប្រទេសជាតិ យើងទាំងមូលឱ្យកាន់តែរីកលូតលាស់លឿនទៅមុខ ជាមួយនឹងការចូលរួមរបស់ជនរួមជាតិ និងយុវជនទូទាំងប្រទេស»៕