ជនជាតិចិនដែលធ្វើចំណាកស្រុកដោយគ្មានទិដ្ឋាការទៅរស់នៅសហរដ្ឋអាមេរិកមួយចំនួន កំពុងក្លាយជាជនរងគ្រោះលើបញ្ហាកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរផ្លូវភេទ។
(កញ្ញា សៃ ចន្ធី រាយការណ៍)
យោងតាមមន្ត្រីអនុវត្តច្បាប់កំពូលរបស់រដ្ឋ Oklahoma នៃសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ថា ជនជាតិចិនចំណាកស្រុកកំពុងរងគ្រោះលើករណីកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរផ្លូវភេទ។ មន្រ្តីអនុវត្តច្បាប់បញ្ជាក់ថា ភាគច្រើនកើតឡើងនៅកន្លែងកសិដ្ឋានដាំកញ្ឆាខុសច្បាប់ ដែលគ្រប់គ្រងដោយក្រុមជនជាតិម៉ិចស៊ិក (Mexico) និងក្រុមជនជាតិចិនដែលរស់នៅរដ្ឋ Oklahoma នៃសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Bangkok post ចុះផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។
លោក Gentner Drummond អគ្គមេធាវីរបស់រដ្ឋ Oklahoma បាននិយាយ និងបង្ហាញភស្តុតាងចំពោះមុខគណៈកម្មាធិការសន្តិសុខមាតុភូមិអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោនថា ការផ្សាយពាណិជ្ជកម្មជាភាសាចិនកុកងឺ គឺជាការផ្តល់ជូនយ៉ាងងាយស្រួលសម្រាប់អ្នករកការងារជាអ្នកស៉្បាម៉ាស្សា ដល់អ្នកអាចស៊ូទ្រាំនឹងការលំបាក ខណៈភាគច្រើនជនជាតិចិន ត្រូវបានបង្ខំឱ្យធ្វើការនៅកសិដ្ឋានកញ្ឆាទៅវិញ។
យ៉ាងណាមិញ លោក Drummond បានចូលរួមក្នុងសវនាការលើកដំបូងរបស់ក្រុមសាធារណរដ្ឋសម្រាប់មន្ត្រីព្រំដែនកំពូលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ពីការស្តីបន្ទោសរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក Alejandro Mayorkas ជុំវិញលំហូរចូលនៃជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែន ម៉ិកស៊ិក-អាមេរិក ដោយលោកបានយល់ស្របជាមួយសមាជិកគណបក្សសាធារណរដ្ឋដែលនិយាយថា រដ្ឋាភិបាលសហព័ន្ធមិនបានធ្វើឱ្យបានពេញលេញក្នុងការគ្រប់គ្រងលំហូរចូលនៃជនចំណាកស្រុកនោះទេ។
ទន្ទឹមគ្នានេះ លោក Drummond បាននិយាយថា មានករណីជាច្រើនកំពុងកើតមាន និងបន្តកើនឡើងជាបន្តបន្ទាប់ចំពោះករណីដាំដុះកញ្ឆាខុសច្បាប់ និងកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅក្នុងរដ្ឋអូក្លាហូម៉ា ពីការជួញដូរកម្លាំងពលកម្មលើជនចំណាកស្រុកដែលគ្មានទិដ្ឋការ ជាពិសេសនៅក្នុងប្រតិបត្តិការដែលគ្រប់គ្រងដោយជនជាតិចិន។
លោក Drummond បានបន្តថា អ្នកស៊ើបអង្កេតស្ត្រីជនជាតិចិនពីរនាក់ កំពុងអនុវត្តដីកាស្វែងរកករណីដែលពាក់ព័ន្ធនឹងសកម្មភាពគ្រឿងញៀនខុសច្បាប់ដោយជនជាតិចិន។ បន្ថែមពីនេះ ស្ត្រីទាំងពីរនេះ មិននិយាយភាសាអង់គ្លេសទេ ខណៈរស់នៅសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែមកហើយ។
សូមជម្រាបថា ការិយាល័យគ្រឿងញៀនអូក្លាហូម៉ាបាននិយាយនៅពេលនោះថា ជិត ៨០ភាគរយនៃកសិដ្ឋានចំនួន ២០០កន្លែង ដែលបិទទ្វារនៅចន្លោះឆ្នាំ២០២០-២០២២ ជាកម្មសិទ្ធិរបស់ជនជាតិចិន។ លោក Drummond បានផ្តល់ភស្ដុតាងកាលពីថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៤ និងបញ្ជាក់ថា សំណុំរឿងភាគច្រើនជាឧក្រិដ្ឋកម្មរវាងប្រទេសពីរ ដែលមានភាពស្មុគស្មាញជាង ៥០ករណី។ ក្រុមការងារឧក្រិដ្ឋកម្មកំពុងរៀបចំស៊ើបអង្កេត។
សូមរំលឹកថា អំឡុងពេល លោក Donald Trump កាន់តំណែងជាប្រធានាធិបតីពីឆ្នាំ២០១៧-២០២១ ក្នុងនោះឆ្នាំ២០១៩ មានការចាប់ខ្លួនជនចំណាកស្រុកច្រើនបំផុតចំនួន ៨៥២០០០នាក់។ យោងតាមទិន្នន័យគយ និងការការពារព្រំដែនអាមេរិក អាជ្ញាធរអាមេរិកបានជួបប្រទះនឹងជនជាតិចិនជាង ២៤,000នាក់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ក្នុងរយៈពេល 1១២ខែដែលបញ្ចប់នៅខែតុលា ឆ្នាំ២០២៣។ ក៏ប៉ុន្តែទិន្នន័យនេះបង្ហាញថា មានតែជនជាតិចិនប្រហែល ២,000នាក់ប៉ុណ្ណោះ ដែលបានមកព្រំដែនភាគខាងត្បូងកាលពីឆ្នាំមុន៕
ប្រភព៖ Bangkok post ចុះថ្ងៃព្រហស្បត្តិ ទី១១ ខែមករា ឆ្នាំ២០២៤