en     km
en     km

ពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង​ គ្រោង​តវ៉ា​នៅ​មុខក្រសួង​សាធារណការ​នា​ថ្ងៃ​ទី​២៨​ មក​រា​

Share

រូបតំណាងពលរដ្ឋនៅសហគមន៍ផ្លូវដែក
រូបតំណាងពលរដ្ឋនៅសហគមន៍ផ្លូវដែក

ពលរដ្ឋ​សហគមន៍​ចំនួន​ ៨​ នៅ​អម​សងខាង​ផ្លូវ​រថភ្លើង​គ្រោង​នឹង​ធ្វើការ​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​នៅ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​ បើក​វេទិកាសាធារណៈ​ ផ្តល់​ព័ត៌មាន​លម្អិត​ស្តី​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ ព្រោះ​ពួក​គេ​ព្រួយបារម្ភ​ថា​ ការ​អភិវឌ្ឍ​ដោយ​មិន​ជូនដំណឹង​ដល់​ពលរដ្ឋ​ជា​មុន​ នឹង​អាច​បង្ក​ឱ្យ​ពួក​គេ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ​។​

​លោក​ នូ​ សា​រិ​ន​ ជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ បាន​ប្រាប់​វិទ្យុ​ស្រី្ត​ FM​ 102​ នៃ​ WMC​ ថា​ ការ​ស្នើ​សុំ​ឱ្យ​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ បើក​វេទិកាសាធារណៈ​នេះ​ គឺជា​លើក​ទី​ ២​ ហើយ​ តែ​មក​ដល់​ពេល​នេះ​ក្រសួង​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​ឡើយ​។​

​សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​ ៥​ ខែមករា​ ឆ្នាំ​២០១៦​  ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ ៥​ មក​រា​  ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ពី​គម្រោង​សាងសង់​ផ្លូវអាកាស​ និង​ផ្លូវ​ក្រោម​ដី​ចំនួន​ ៤​ បន្ថែម​ទៀត​ ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្នុង​នោះ​ក៏​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដែល​ត​ភ្ជាប់​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ មក​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​។​ ដោយសារ​តែ​មាន​គម្រោង​សាងសង់​របស់​រដ្ឋាភិបាល​នេះ​ហើយ​ ទើប​ប្រជាពលរដ្ឋ​បារម្ភ​ពី​ការ​បណ្តេញចេញ​លំនៅ​ដ្ឋា​ន​ដូច​ពលរដ្ឋ​សហគមន៍​បឹង​កក់​ និង​បុរី​កីឡា​។​

​សូម​រំឭក​ថា​ កាលពី​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​នេះ​ តំណាង​សហគមន៍​ផ្លូវ​រថភ្លើង​ទាំង​ ៨​ មាន​គ្នា​ប្រមាណ​ ១០០​ នាក់​ បាន​លើកគ្នា​មក​តវ៉ា​នៅ​មុខក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​រួច​ម្តង​ហើយ​ ដើម្បី​ឱ្យ​ក្រសួង​បើក​ជា​វេទិកាសាធារណៈ​ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដល់​ប្រជាពលរដ្ឋ​៕

Share

ព័ត៌មានទាក់ទង

Image