en     km
en     km

បារាំងបង្កើតប្រវត្តិសាស្រ្តតែងតាំងនាយករដ្ឋមន្រ្តីវ័យក្មេងបំផុត និងជាអ្នកគាំទ្រក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

Share

កាលពីថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ លោករដ្ឋមន្រ្តីក្រសួងអប់រំបារាំងម្នាក់ ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីបារាំងដំបូងបង្អស់ដែលមានអាយុក្មេងជាងគេ និងជាអ្នកនយោបាយមួយរូបគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTIQ+)។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

រដ្ឋមន្រ្តីក្រសួងអប់រំបារាំង លោក Gabriel Attal បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តក្នុងសភាបារាំងជាលើកដំបូងដោយបានកាន់ងតំណែងជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត ដែលមិនធ្លាប់មាននៅក្នុងអាណត្តិមុនៗនៃប្រទេសបារាំង។ ជាងនេះទៀត លោក Attal ក៏ជាអ្នកស្រឡាញ់ភេទដូចគ្នាដំបូងគេបង្អស់ដែលបានបម្រើការនៅក្នុងមុខតំណែងនេះផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

លោក Gabriel Attal មានវ័យ ៣៤ឆ្នាំ និងជាបុគ្គលដែលល្បីល្បាញមួយរូបនៅក្នុងគណបក្សកាន់អំណាច Renaissance របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron។ លោក Attal បានបម្រើការក្នុងជួររដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០១៨ ដោយដំបូងមានតំណែងជាអនុរដ្ឋមន្រ្តីក្រសួងអប់រំ និងយុវជនសម្រាប់ជាតិ រួចបន្តក្លាយជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលនៅឆ្នាំ២០២០​។

ភាពជោគជ័យរបស់យុវជនដ៏ឆ្នើមនេះ បាននាំឱ្យគេក្លាយជារដ្ឋមន្ត្រី​ក្រសួង​សកម្មភាព​សាធារណៈ និង​គណនេយ្យ​ឆ្នាំ​២០២២ និងបន្តក្លាយជារដ្ឋមន្រ្តីក្រសួងអប់រំ និងយុវជនសម្រាប់ជាតិនៅ ឆ្នាំ២០២៣។ ជាចុងក្រោយ លោកក៏បានក្លាយជានាយករដ្ឋមន្រ្តីដែលលេចធ្លោ និងវ័យក្មេងបំផុតនៅក្នុងប្រទេសបារាំងកាលពីថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

ជាមួយគ្នានេះ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានបង្ហោះសារលើបណ្តាញសង្គម X ដែលគេស្គាល់ថាជា Twitter ថា លោកមានមោទកភាព និងជឿជាក់លើសមត្ថភាពនិងភាពឈ្លាសវៃរបស់នាយករដ្ឋមន្រ្តីទើបឡើងកាន់តំណែងរូបនេះ។ លោកបញ្ជាក់ដែរថា អាយុមិនមែនជាកត្តារារាំងនូវជោគវាសនា ឬកំណត់ពីភាពចេះដឹងរបស់នរណាឡើយ។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្រ្តីថ្មីរូបនេះ ក៏បានបង្ហោះសារដាច់ដោយឡែកមួយទៀត ដោយបានថ្លែងអំណរគុណដល់ លោក Macron ដែលដាក់សេចក្តីទុកចិត្តមកលើខ្លួន ហើយលោកក៏បានបេ្តជ្ញាដែរថា នឹងបន្តពង្រឹងសង្គមជាតិរបស់ប្រទេសបារាំងឱ្យកាន់តែមានសក្តានុពល។

ដោយឡែក លោកស្រី Marine Le Pen ជាស្រ្តីនយោបាយមួយរូបបានចោទជាសំណួរថា តើប្រទេសបារាំងអាចរំពឹងអ្វីខ្លះពីនាយករដ្ឋមន្រ្តីទី៤ដែលមានវ័យក្មេងមួយនេះ រួមជាមួយនឹងរដ្ឋាភិបាលទី៥ ដែលកាន់តំណែងអស់រយៈពេល ៧ឆ្នាំដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Macron? លោកស្រីថា បារាំងមិនទទួលបានអ្វីនោះឡើយ។ ជាងនេះ លោកស្រីអំពាវនាវឱ្យមានការបោះឆ្នោតជំនួសវិញ។

សូមជម្រាបថា នៅក្រោមប្រព័ន្ធនយោបាយរបស់បារាំង នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយប្រធានាធិបតី ក្នុងតួនាទីជាសភាអ្នកសម្រេចសេចក្តី និងទទួលបន្ទុកអនុវត្តគោលនយោបាយក្នុងស្រុក ជាពិសេសវិធានការសេដ្ឋកិច្ច។ ប្រធានាធិបតីបារាំងមានអំណាចច្រើនលើគោលនយោបាយការបរទេស និងកិច្ចការអឺរ៉ុប ហើយជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធនៃប្រទេសផងដែរ៕

ប្រភព៖ CNN ចុះថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤

Share

ព័ត៌មានទាក់ទង

Image