ភ្នំពេញ៖ ក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះបន្ទាន់ យុវជនការពារបរិស្ថានពីរនាក់បងប្អូន នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នេះ ដោយអាការៈសន្លប់ធំ បន្ទាប់ពីត្រូវបានអាជ្ញាធរឡាវដោះលែងមកវិញ។
យុវជនទាំងពីរនាក់បងប្អូននោះ ត្រូវបានអាជ្ញាធរឡាវចាប់ខ្លួន ដោយសារពួកគេចូលទៅថតរូបភាពពីការសាងសង់វារីអគ្គីសនីដនសាហុង ដោយគ្មានការអនុញ្ញាត ក្រោយមកអាជ្ញាធរឡាវ បានដោះលែងមកវិញកាលពីរសៀលថ្ងៃទី២៤ ខែមករា។ នេះបើតាមការឱ្យដឹងពី កញ្ញា យ៉ែម ដាលីស សកម្មជនការពារបរិស្ថានដែលនៅជាប់ផ្ទាល់ជាមួយយុវជនទាំងពីរ។
WMC មិនទាន់អាចទាក់ទងខាងមន្ទីរពេទ្យ ដើម្បីសាកសួរពីមូលហេតុនៃការសន្លប់របស់យុវជនទាំងពីរនោះ បាននៅឡើយនៅថ្ងៃនេះ។ សូមបញ្ជាក់ថា សកម្មជនការពារបរិស្ថានដែលត្រូវជាបងប្អូនបង្កើតនឹងគ្នានោះ មានឈ្មោះ លោក ជុំ ហួត និងលោក ជុំ ហួរ។
សូមរំឭកថា លោក ជុំ ហួត និងលោក ជុំ ហួរ ត្រូវបានអាជ្ញាធរឡាវឃាត់ខ្លួននៅរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៦ ខណៈសកម្មជនបរិស្ថានទាំងនោះ ព្យាយាមថតរូបពីស្ថានភាពទំនប់វារីអគ្គិសនីដនសាហុង៕