en     km
en     km

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ទាមទារឱ្យទម្លាក់បទចោទ និងដោះលែង លោក នី ណាក់ មានសេរីភាពឡើងវិញ

Share

លោក នី ណាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនឱ្យជាប់ពន្ធធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង»។ រូបភាព​៖ ទំព័រហ្វេសប៊ុក អង្គការឃ្លាំមើលសិទ្ធិមនុស្សកម្ពុជា(Human Rights Watch Cambodia) ។ 

ភ្នំពេញ៖ ជុំវិញការឃុំខ្លួន សកម្មជនហ៊ានបញ្ចេញមតិរិះគន់ក្នុងជួររដ្ឋាភិបាលលោក នី ណាក់ ដែលថ្មីៗនេះលោកនិយាយពីការមើលឃើញនូវភាពអវិជ្ជមានពាក់ព័ន្ធនឹងព័ត៌មានអំពី ការកាត់ដី ឱ្យលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សកម្ពុជា(Human Rights Watch Cambodia) សម្តែងប្រតិកម្មតប និងចាត់ទុកករណីនេះថាជាការរំលោភសិទ្ធិបញ្ចេញមតិធ្ងន់ធ្ងរ ដោយមិនអាចទទួលយកបានឡើយ។ លើសពីនេះក៏មានការទាមទារទម្លាក់ចោលការចោទ និងដោះលែង លោក នី ណាក់ ឱ្យមានសេរីភាពឡើងវិញ។

នៅថ្ងៃទី៧ ខែ មករា ឆ្នាំ២០២៤ លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ចេញមុខប្រតិកម្មតបតាមរយៈសេចក្តីថ្លែងការណ៍ ជុំវិញករណីចាប់ខ្លួនលោក នី ណាក់ ដែលធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនឱ្យជាប់ពន្ធធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង»។

ក្នុងសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយនៅលើហ្វេសប៊ុកផ្លូវការ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សកម្ពុជា សង្កត់ធ្ងន់ថា ករណីលោក នី ណាក់ នៅពេលនេះប្រៀបបានជាឧទាហរណ៍មួយទៀតនៃការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធទៅលើអ្នករិះគន់រដ្ឋាភិបាល ដែលកំពុងអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយសន្តិវិធីតាមរយៈការប្រើប្រាស់បណ្តាញសង្គម។

លោក Phil Robertson ទាមទារទម្លាក់ចោលនូវរាល់ការចោទប្រកាន់លើបុគ្គលដែលហ៊ានរិះគន់ និយាយភាពអវិជ្ជមានក្នុងជួររដ្ឋាភិបាលរូបនេះជាបន្ទាន់ និងដោះលែងឲ្យមានសេរីភាពវិញ ដោយលោកអះអាងថា លោក នី ណាក់ មិនបានធ្វើអ្វីខុសច្បាប់ ដែលត្រូវចាប់ខ្លួននោះឡើយ។
ការចាប់ខ្លួនលោក នី ណាក់ កើតឡើងបន្ទាប់ពីលោកសម្តែងសកម្មភាពរិះគន់ភាពអវិជ្ជរដ្ឋាភិបាលតាមរយៈការប្រើប្រាស់បណ្តាញសង្គមខ្លួនឈ្មោះ Iman-KH ជុំវិញព័ត៌មានអំពីការកាត់ដីឱ្យលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយលោកសរសេរក្នុងសំណេរដើមថា «កាត់ដីឲ្យ លោក ហេង សួរ ប្រហែលជាទុកសង់រោងចក្រ២០០០ និងធ្វើការរិយាល័យឲ្យមន្ត្រីក្រសួងការងារ ព្រោះឃើញថា គាត់ធ្វើការរហូតគ្មានថ្ងៃសៅរ៍ អាទិត្យ»។

ពាក់ព័ន្ធបញ្ហានេះ តំណាងអយ្យការអមសាលាដំបូងចាត់ទុក ការបង្ហោះសារបែបនេះគឺជាការមួលបង្កាច់ និងប៉ះពាល់ដល់កិត្តិយស លោក ហេង សួរ និងមានចេតនាឲ្យមានការភាន់ច្រឡំ។ នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានពន្យល់ពីការចាប់និងឃុំខ្លួន លោកនី ណាក់ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។

នេះមិនមែនជាលើកទីមួយទេដែលលោក នី ណាក់ ត្រូវបានជាប់ពន្ធធនាគារ។ កន្លងមក នៅឆ្នាំ២០២០ តុលាការបានផ្តន្ទាទោសលោកឱ្យជាប់ពន្ធធនាគារ រយៈពេល១៨ ខែ ក្រោមបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋទាក់ទិននឹងការប្រកាសពីផែនការទិញម៉ាស់មកពាក់ឱ្យសត្វមាន់ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ហើយលោកបានចេញពីពន្ធនាគារកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង