ក្រុមប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីសហគមន៍ចំនួន ២ រួមមាន សហគមន៍បឹងកក់ និងសហគមន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (SOS) បានប្រមូលផ្តុំហែរក្បួន ចេញពីសហគមន៍បឹងកក់ ឆ្ពោះទៅស្ថានទូតអាមេរិកដើម្បីសុំកិច្ចអន្តរាគមន៍ពីលោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក រឿងបញ្ហាជម្លោះដីធ្លី បញ្ហាសិទ្ធិមនុស្ស និងសុំឲ្យជួយអន្តគមន៍ដោះលែងសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ឃុំក្នុងពន្ធធានាគារនៅព្រឹកថ្ងៃទី ២៦ ខែមករានេះ។ ប៉ុន្តែក្បួនរបស់ពលរដ្ឋត្រូវបានអាជ្ញាធរ មានសមត្ថកិច្ច និងកងសន្តិសុខខណ្ឌដូនពេញរារាំងមិនឱ្យទៅដល់គោលដៅឡើយ។
កញ្ញា សុង ស្រីលាភ តំណាងពលរដ្ឋតំបន់បឹងកក់លើកឡើងថា គោលបំណងដែលសហគមន៍រងគ្រោះដីធ្លីនាំយកញត្តិទៅជួបលោក ចន ឃែរី នៅថ្ងៃនេះ គឺចង់ឲ្យលោកជួយអន្តរាគមន៍ដាក់សំពាធទៅកាន់រដ្ឋាភិបាលកម្ពុជា អំពីបញ្ហាគោរពសិទ្ធិមនុស្ស បញ្ហារំលោភដីធ្លីប្រជាពលរដ្ឋ បញ្ហាការចាប់ខ្លួនសកម្មជនដីធ្លី និងសកម្មជនគណបក្សប្រឆាំងជាដើម។ ជាងនេះទៅទៀតកញ្ញាបន្តថា ការរារាំងរបស់សមត្ថកិច្ចនៅពេលនេះ គឺសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋកំពុងតែត្រូវរងការគាប់សង្កត់ បិទសិទ្ធិសេរីភាព ជាពិសេសនោះគឺសិទ្ធិក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។
សុង ស្រីលាប៖ «ពួកខ្ញុំធ្វើការតស៊ូមតិទាមទារនូវសិទ្ធិទទួលបានដីធ្លីរបស់ពួកខ្ញុំឲ្យស្របតាមច្បាប់ភូបាលចេញឆ្នាំ២០០១ អញ្ចឹងអ្វីដែលពួកខ្ញុំធ្វើ ពួកខ្ញុំអត់មានធ្វើអ្វីខុសច្បាប់ហើយក៏អត់បានទៅរំលោភសិទ្ធិនរណាទេ គឺពួកខ្ញុំទាមទារនូវអ្វីដែលជារបស់ពួកខ្ញុំឲ្យស្របតាមអនុក្រិត្យ ហើយហ្នឹងស្របតាមច្បាប់ភូបាលក្នុងការកាន់កាប់ដីធ្លី»។
ជុំវិញការរារាំងនេះ WMC មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាននោះទេនៅថ្ងៃនេះ។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សបលីកាដូ លោក អំ សំអាត ដែលមានវត្តមាននៅទីនោះមានប្រសាសន៍ថា ការរារាំងប្រជាពលរដ្ឋជាថ្មីទៀតនេះ គឺជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការជួបជុំ សេរីភាពប្រមូលផ្តុំដោយសន្តិវិធីរបស់ប្រជាពលរដ្ឋ។ លោក អំ សំអាត បន្តថា ដើម្បីជៀសវាងការចោទប្រកាន់ទៅលើរដ្ឋាភិបាល ដូច្នេះរដ្ឋាភិបាលគប្បីសម្របសម្រួលជាមួយប្រជាពលរដ្ឋអាចដាក់ញត្តិបានដោយសន្តិវិធី ជាជាងការរារាំងពួកគាត់។
លោក អំ សំអាត៖ «យើងគិតមើលថា ការរារាំងអញ្ចឹងធ្វើទៅវាចេញព័ត៌មានទៅជាតិ អន្តរជាតិដឹងដូចតែគ្នាហ្នឹង ហើយវាប៉ះពាល់កាន់តែធ្ងន់ធ្ងរជាងយើងមានការសម្របសម្រួលណាមួយធ្វើឲ្យប្រជាពលរដ្ឋអាចដាក់ញត្តិបានវិញនោះទេបាទ!»។
ក្រុមប្រជាពលរដ្ឋបានបំបែកគ្នាវិញ នៅម៉ោងជាង ១១ជាងព្រឹក បន្ទាប់ពីបរាជ័យក្នុងការដង្ហែរក្បួននេះ។
សូមបញ្ជាក់ថា ការតវ៉ារបស់ក្រុមពលរដ្ឋមានទំនាស់ដីធ្លីនេះ ស្របពេលដែល លោក ចន ឃែរី (John Kerry)រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កំពុងតែជួបពិភាក្សាជាមួយនឹងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅទីស្តីការក្រសួង៕