ប្រជាកសិករកំពុងច្រូតស្រូវ។ រូបថត៖ Oxfam in Cambodia
ភ្នំពេញ៖ អ្នកជំនាញផ្នែកកសិកម្មមើលឃើញយុទ្ធសាស្រ្តផ្សេងទៀតដែលផ្តល់គុណប្រយោជន៍រួម ហើយអជ្ញាធរពាក់ព័ន្ធគួរគិតពិចារណា ទាក់ទងនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់ ជាជាងផ្អាកការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករនៅតាមតំបន់ខេត្តមួយចំនួន។ លើសពីនេះក្តីបារម្ភពី ករណីខ្វះខាតទឹកប្រើប្រាស់នេះប្រធាននាយកដ្ឋានឧតុនិយម លើកឡើងថានេះមិនមែនជាលើកទីមួយទេដែលកម្ពុជាជួបប្រទះបញ្ហានេះ។ លោកអះអាងថាជារៀងរាល់ឆ្នាំការខ្វះខាតទឹកប្រើប្រាស់តែងតែកើតមានឡើង គ្រាន់តែមានលក្ខណៈខុសគ្នាពីមួយឆ្នាំទៅមួយឆ្នាំ។
(កញ្ញា គុជ ស៊ីកុល ជូននូវសេចក្តីរាយការណ៍)
សេចក្តីណែនាំរបស់រដ្ឋបាលខេត្តមួយចំនួនដូចជារដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីធនធានទឹក និងឩតុនិយមខេត្តកំពង់ឆ្នាំ ស្តីពី«ការផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២» ក្រោមហេតុផលថា ការបង្កើនផលស្រូវរបស់ប្រជាករសិករគឺលើសផែនការ ហើយប្រសិនបើប្រជាកសិករនៅតែបន្តបង្កើនផលស្រូវរដូវប្រាំងនេះទៀត ប្រជាកសិករនឹងជួបប្រទះបញ្ហាខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិកាជាក់ជាមិនខាន។ ករណីនេះបណ្តាលឱ្យ មានការចាប់អារម្មណ៍ពីសាធារណជន និងបណ្តាអ្នកលេងបណ្តាញសង្គមមួយចំនួន ចែករំលែក ដោយមានភ្ជាប់និងទស្សនៈលើកឡើងខុសៗគ្នា។ ក្នុងនោះមានអ្នកខ្លះក៏មើលឃើញក្នុងន័យវិជ្ជមាន និងខ្លះទៀតបញ្ចេញមតិរិះគន់ពាក់ព័ន្ធទៅនឹងបញ្ហានេះ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) មើលឃើញ សេចក្តីណែនាំនេះជា យន្តការបណ្តោះអាសន្នរយៈពេលខ្លីដែលជាការឆ្លើយតបទៅនឹងបញ្ហាបង្កបង្កើនផលរបស់ប្រជាកសិករនៅខេត្តពោធិ៍សាត់ ដើម្បីជាដំណឹងជៀសវាសការខូចខាត និងប្រឈមបញ្ហាខ្វះទឹកដូចអ្វីដែលរដ្ឋបាលខេត្តលើកឡើង។ ក៏ប៉ុន្តែលោកចង់ឃើញអជ្ញាធរពាក់ព័ន្ធនៅតាមតំបន់នានា គួរតែចេញជាដំណោះស្រាយផ្សេងទៀតដូចជាការរៀបចំយុទ្ធសាស្រ្តជាប្រព័ន្ធ ដើម្បីជាការឆ្លើយតបឱ្យសមស្របទៅនឹងស្ថានភានរបស់ប្រជាកសិករ និងធានាបាននូវផលចំណេញទាំងសេដ្ឋកិច្ចជាតិ និងតម្រូវការប្រជាកសិករ។
«យើងដឹងគ្រប់គ្នាថាមូលដ្ឋានខេត្តពោធិ៍សាត់គឺនៅពេលរដូវពេលទឺកឡើងខ្លាំង គឺខ្លាំងរហូតដល់លេចផ្លូវរបស់ប្រជាពលរដ្ឋ ពេលដែលស្រកគឺស្រករហូតដល់ខ្វះទឹកប្រើប្រាស់សម្រាប់អាស្រ័យផល តើយើត្រូវរៀនសូត្រនូវការកង្វះទឹកត្រូវរៀបចំយុទ្ធសាស្ត្រយ៉ាងដូចម្តេចក្នុងការស្តុកទឹកដូចជាការស្តារប្រឡាយការស្តាអាង អូ ត្រពាំង ហើយនិងមានការរៀបចំអាងស្តុកទឹកសម្រាប់ធានាបាននូវការប្រើប្រាស់ទឹកសម្រាប់ប្រកបមុខរបរវិស័យកសិកម្ម ជាពិសេស ជាជាងការចេញលិខិតអោយប្រជាពលរដ្ឋផ្អាកឫក៏កាត់បន្ថយក្នុងការដាំ ព្រោះប្រជាពលរដ្ឋរស់នៅពិងអាស្រ័យលោវិស័យកសិកម្ម ព្រោះវិស័យកសិកម្មជាមុខរបរជាប្រាក់ចំណូលរបស់ពួកគាត់ប្រចាំថ្ងៃ បើកាលណាយើងមិនទាន់រៀបចំប្រព័ន្ធទឹកបានត្រឺមត្រូវទេគឺបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចជាតិនិងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។»
យ៉ាងណាមិញ ពាក់ព័ន្ធទៅនឹងក្តីបារម្ភដែលរដ្ឋបាលខេត្តពោធិ៍សាត់ បង្ហាញក្នុងសេចក្តីណែនាំពីបញ្ហាប្រឈមនៃការខ្វះខាតទឹកប្រើប្រាស់ លោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹក និងឧតុនិយម លើកឡើងហេតុផលមួយចំនួនរួមមានការកើនកម្តៅខ្លាំងពេកនារដូវប្រាំង និង ការបង្កើនផលស្រូវរបស់ប្រជាករសិករមានបរិមាណលើសផែនការទឹកប្រើប្រាស់ ហើយលោកអះអាងថាទាំងនេះជាមូលហេតុចម្បងបណ្តាលឱ្យមានបញ្ហាខ្វះខាតទឹកសម្រាប់ធ្វើស្រែចម្ការនារដូវប្រាំងក្នុងឆ្នាំ២០២៤នេះ។
លើសពិនេះការខ្វះខាតទឹកប្រើប្រាស់នេះ លោក អ៊ុំ រីណា គូសបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេដែលកម្ពុជាជួបប្រទះបញ្ហានេះ។ លោកអះអាងថាជារៀងរាល់ឆ្នាំការខ្វះខាតទឹកប្រើប្រាស់តែងតែកើតមានឡើង គ្រាន់តែមានលក្ខណៈខុសគ្នាពីមួយឆ្នាំទៅមួយឆ្នាំ។ លោកចង់សំដៅថាក្នុងឆ្នាំខ្លះករណីនេះជាការប្រឈមសម្រាប់ពលរដ្ឋ ជាពិសេសប្រជាកសិករ ក៏ប៉ុន្តែនៅឆ្នាំខ្លះវិញ បញ្ហានេះគ្រាន់តែជារឿងរ៉ាវធម្មជាតិដែលពាក់ព័ន្ធនឹងកត្តាអាកាសធាតុតែប៉ុណ្ណោះ។
ជារៀងរាល់ឆ្នាំយើងតែងតែជួបនូវកង្វះខាតទឺកប្រើប្រាសប្រចាំថ្ងៃសម្រាប់គ្រួសារដំណាំដាំដុះផ្សេងៗនិងធ្វើស្រែប្រាំង គ្រាន់តែការប្រឈម និងការខ្វះខាតទឹកហ្នឹងពីមួយឆ្នាំទៅមួយឆ្នាំវាខុសគ្នា ដូចឆ្នាំកន្លងទៅមានបញ្ហាទាក់ទងនឹងកង្វះទឹកហ្នឹងដូចជាវាមិនមានទេ ឆ្នាំកន្លងទៅហ្នឹងហាស៎បាទ ប៉ុន្តៃដូចឆ្នាំនេះយើងសង្កេតឃើញថាធាតុអាកាសចាប់ផ្តើមប្រែប្រួល អាកាសធាតុក្តៅនៅក្នុងខែប្រាំងហ្នឹង ហើយមិនសូវមានភ្លៀងកក់ខែ ហ្នឹងហើយអាហ្នឹងជាបញ្ហាមួយដែលធ្វើឱ្យពិបាកដែរ បើទោះបីយើងមានសល់ពីរដូវវស្សាតាមស្ទឹងបឹងបួរហ្នឹងវាលើស លើសកម្រិតកំណត់ក្នុងការស្រោចស្រពដំណាំស្រូវហ្នឹងធ្វើឱ្យទឹកមិនអាចផ្គត់ផ្គងបានរហូតដល់ចប់ ឧទាហរណ៍ថាមិនឱ្យធ្វើរដូវប្រាំងទី២ហ្នឹង ប្រសិនបើគាត់ធ្វើទៅទឹកហ្នឹងមិនអាចផ្គត់ផ្គង់គាត់បានរហូតដល់ចប់ចុងចប់ដើមទេបាទ។»
ចំណែក លោកថេង សាវឿន មើលឃើញនូវហេតុផលផ្សេងក្រៅពី លោក អ៊ុំ រីណា។ លោកកត់សម្គាល់ឃើញថា បញ្ហាមួយចំនួនដូចជាកង្វះការលើកទឹកចិត្តបង្កើឱ្យមានការជីកស្រះក្នុងកម្រិតគ្រួសារ សហគមន៍ ការរៀបចំប្រព័ន្ធធារាសាស្រ្តនិងរៀបចំអាងស្តុកទឹកមិនទាន់មានការយកចិត្តទុកដាក់ខ្ពស់ និងមានការបំបាត់ប្រភពទឹក តាមរយៈការលុបបឹងនៅតាមតំបន់មួយចំនួន។
«សម្រាប់ខ្ញុំការជួបប្រទះនូវតំបន់មួយចំនួនខ្វះខាតកង្វះទឹកគឺទីមួយ ការរៀបចំប្រព័ន្ធធារាសាស្រ្ត ឬក៏ការរៀបចំអាងស្តុកទឹកមួយៗនឹងមិនទាន់ត្រូវបានគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទៅតាមរដូវកាល ហើយនិងភាពសំបូរនៃការរៀបចំដូចជាការស្តាអាងទឺកទន្លេអីហ្នឹងបាទ ឬក៏ព្រែក ប្រឡាយអីហ្នឹងគឺយើងឃើញថាមានកំណើនយឺតមែនទែននៅតំបន់មួយចំនួន ទីពីរយើងឃើញដែរអាងស្តុកទឹកខ្លះនៅតំបន់ខេត្តមួយចំនួនខ្ញុំមិនកំណត់ទៅលើខេត្តពោធិ៍សាត់ប៉ុន្តែបើខេត្តពោធិ៍សាត់មានអាហ្នឹងគឺត្រូវគិតឡើងវិញគឺមានការចាក់លុប ចាក់លុបអាងស្តុកទឺកដែលធ្លាប់ស្តុកទឹកហ្នឹងគឺមានកង្វះខាតព្រោះអត់មានកន្លែង ហើយយកដីហ្នឹងជាកន្លែងវិនិយោគអីជាដើម។»
ជាសំណូមពរ លោក ថេង សាវឿន ស្នើសុំឱ្យអជ្ញាធរ និងមន្ទីធនធានទឹកគ្រប់បណ្តាខេត្តទាំងអស់គួរតែមើលឃើញជាយុទ្ធសាស្រ្តរឹងមាំណាមួយដែលទាញជាផលប្រយោជន៍សម្រាប់ប្រជាកសិករ និងជម្រុញឱ្យ សេដ្ឋកិច្ចឱ្យមានលក្ខណៈប្រសើនៅក្នុងអាណត្តិថ្មីនេះ ជៀសវាងកើតមានបញ្ហាការខ្វះខាតស្បៀង។
«ខ្ញុំសូមអំពាវនាវក៏ដូចជាផ្តាំទៅក្រសួងធនធានទឹក រួមទាំងមន្ទីនិងរាជរដ្ឋាភិបាលគួរតែគិតគូរអំពីនយោបាយទឹកក្នុងការរៀបចំឱ្យមានប្រព័ន្ធធារាសាស្រ្តមិនតែសម្រាប់ខេត្តពោធិ៍សាត់ទេរួមទាំងខេត្តផ្សេងៗទៀតឱ្យបានល្អប្រសើរក្នុងអាណត្តិនេះហើយ ឬក៏ឆ្នាំនេះព្រោះជាកត្តាដែលទាញផលប្រយោជន៍ ឬក៏បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងជួយជម្រុញឱ្យមានការកំណើនសេដ្ឋកិច្ច និងមុខរបររបស់បងប្អូនប្រជាពលរដ្ឋដែរ ហើយកាលណាដែលសេដ្ឋកិច្ចកើនឡើងនេះធ្វើឱ្យគាត់សប្បាយរីករាយ ហើយមានទំនុកចិត្តក្នុងការប្រកបរបរកសិកម្មនៅក្នុងប្រទេសកម្ពុជាក្នុងការលើកម្ពស់ផលិតផល និងការពារសន្តិសុខ ជៀសវាងកង្វះស្បៀងនៅក្នុងប្រទេស ក៏ដូចជានៅក្នុងសហគមន៍ផងដែរបាទ។»
នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ក៏បានចេញសេចក្តីណែនាំ ដោយជូនប្រជាកសិករទាំងអស់ ជាពិសេស ប្រជាកសិករក្នុងតំបន់ប្រព័ន្ធ ធារាសាស្ត្រអាចាំង និងផ្នែកខាងលើនៃដងស្ទឹងជ្រៃបាក់ ឱ្យផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រាំង ក្រោមហេតុផលថា ទឹកមានលំហូរ ឬធារទឹកមានកម្រិតដែលមិនអាចផ្ដល់អោយក្នុងតំបន់ដែលមានផ្ទៃដីធ្វើស្រែវស្សាហើយ បន្តធ្វើស្រែប្រាំងទៀតទេ។ មន្ទីរធនធានទឹកបន្ថែមថាក្នុងករណីបងប្អូនប្រជាកសិករនៅតែបន្តធ្វើស្រែប្រាំងក្នុងចំនួនដ៏ច្រើន លើសពីបរិមាណទឹកនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំង នោះឡើយ៕