នាពេលថ្មីៗនេះ មានផ្ទុះការបង្ហោះផ្សាយ ករណីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនមន្ដ្រីជាន់ខ្ពស់ខេត្តកែប២រូប មានតួនាទីជាអភិបាលក្រុងកែប និងនាយករដ្ឋបាលខេត្តកែប។ មន្ដ្រីទាំងពីនេះ ត្រូវបានសារព័ត៌មានមួយចំនួនចុះផ្សាយថាបានចាប់ខ្លួន និងដោះលែងមកវិញ ដោយការភន្ដច្រលំ។
នៅថ្ងៃនេះ លោក សយ ច័ត្តវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ប្រាប់អ្នកសារព័ត៌មានវិទ្យុស្ដ្រីថា មិនមានការចាប់ខ្លួនមន្ដ្រីខេត្តកែបនោះទេ។ ចំណែកការចុះផ្សាយដោយសារព័ត៌មាននានា លោកសុំមិនធ្វើការអធិប្បាយឡើយ។
សូមជម្រាបថា ករណីចាប់ខ្លួន និងដោះលែងអភិបាលក្រុង និងនាយករដ្ឋបាលខេត្តកែប ត្រូវបានចុះផ្សាយព្រោងព្រាតកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ តែនៅថ្ងៃជាមួយគ្នានោះ លើទំព័រហ្វេសប៊ុក រដ្ឋបាលក្រុងកែប ខេត្តកែបបានបង្ហាញសកម្មភាព លោក ខេង យ័ន កំពុងប្រជុំនៅសាលាក្រុងកែប និងនៅថ្ងៃបន្ទាប់លោកក៏បានឡើងអានរបាយការណ៍ ដល់ថ្នាក់ដឹកនាំខេត្តកែប ក្នុងកម្មវិធីបើកការដ្ឋានសាងសង់សាលាបឋមសិក្សាវត្តកំពង់ត្រឡាចផងដែរ។
ជាមួយគ្នា ក៏មានការចុះផ្សាយពីលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបថា មិនមានការចាប់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែបនោះទេ វាជាការភ័ន្តច្រឡំប៉ុណ្ណោះ៕