en     km
en     km

នាទីសុខភាព៖ស្វែងយល់អំពីអត្ថប្រយោជន៍នៃកាំរស្មីសម្រាប់ជំងឺមហារីកមាត់ស្បូនរបស់ស្រ្តី

Share

ជំងឺមហារីកមាត់ស្បូន គឺជាការវិវត្តន៍មិនប្រក្រតី និងលឿនខុសធម្មតា នៃកោសិការរបស់មាត់ស្បូនស្រ្តី បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថាជាជំងឺដុំសាច់មហារីក។ វាមាននិន្នាការរាលដាលសរីរាង្គជុំវិញ (Invasion) និងសរីរាង្គនៅឆ្ងាយ (Metastasis)។ ជំងឺនេះឈរលំដាប់ទី១ នៃជំងឺមហារីករបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។

១- តើការព្យាបាលជំងឺមហារីកមាត់ស្បូនមានអ្វីខ្លះ?

ការព្យាបាលជំងឺមហារីកមាត់ស្បូន ធ្វើតាមដំណាក់កាលរបស់ជំងឺ (FIGO classification) ប៉ុន្តែជាទូទៅការព្យាបាលរួមមាន ៖

– ការព្យាបាលដោយកាំរស្មី (ការបញ្ចាំង និងស្អំ)

– ការចាក់ថ្នាំគីមី

– ការវះកាត់

២- ហេតុអ្វីត្រូវការកាំរស្មីក្នុងការព្យាបាល ?

– ជាវិធីសាស្រ្តដើរតួយ៉ាងសំខាន់ដែលជាលក្ខណៈស្តង់ដារក្នុងការព្យាបាលជំងឺមហារីកមាត់ស្បូនចាប់ពីដំណាក់ការ IB3-IVA (ទំហំដុំសាច់ធំជាង ៤ស.ម ឫដុំសាច់រាលដាលដល់សរីរាង្គជាប់មាត់ស្បូន)។

– ការព្យាបាលដោយកាំរស្មីៈ គឺមានគោលដៅសម្លាប់ រឺបំផ្លាញកោសិកាមហារីក ដោយរក្សានូវការប៉ះពាល់ទៅលើសរីរាង្គជិតខាងឱ្យបានតិចតួចបំផុត។

– ព្យាបាលក្នុងគោលបំណងឱ្យជាសះស្បើយ (Curative radiotherapy): ការព្យាបាលដោយកាំរស្មី បូករួមជាមួយនឹងការព្យាបាលដោយការចាក់ថ្នាំគីមី និងការស្អំដោយកាំរស្មី។

– ព្យាបាលក្នុងគោលបំណងពន្យារ រឺសម្រន់ (Palliative radiotherapy): ការព្យាបាលដើម្បីកាត់បន្ថយនូវការឈឺចាប់ ឬ ទប់មិនឱ្យមានការហូរឈាមភ្លាមៗ ដើម្បីពន្យាជីវិត និងគុណភាពជីវិតចុងក្រោយរបស់អ្នកជំងឺ។

៣- តើប្រភេទនៃការព្យាបាលដោយកាំរស្មីក្នុងជំងឺមហារីកមាត់ស្បូនមានអ្វីខ្លះ?

ប្រភេទនៃការព្យាបាលដោយកាំរស្មីក្នុងជំងឺមហារីកមាត់ស្បូនមាន

– ការបញ្ចំាងកាំរស្មី (External Beam Radiotherapy): កាំរស្មីត្រូវបានបញ្ចេញពីម៉ាស៊ីន ដោយមានការឆ្លងកាត់ស្បែក និងសរីរាង្គដទៃទៀតរហូតទៅដល់ដុំសាច់ដែលត្រូវព្យាបាល។

– ការស្អំដោយកាំរស្មី (Brachytherapy): ជាការដាក់បញ្ចូលប្រភពកាំរស្មីឱ្យជិត រឺ ក្នុងដុំសាច់ដែលត្រូវព្យាបាលតែម្តង ដោយកាំរស្មីមិនឆ្លងកាត់ស្បែក និងសរីរាង្គផ្សេងៗ។

រូបភាព៖ហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

“សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីយល់ដឹងបន្ថែមពីការព្យាបាលជំងឺមហារីកមាត់ស្បូនដោយកាំរស្មី”។

បើទោះបីជាបានប្រាប់ពីវិធីព្យាបាល មន្ទីរពេទ្យកាល់ម៉ែតបានណែនាំឱ្យអ្នកសង្ស័យមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ដើម្បីយល់ដឹងបន្ថែមពីការព្យាបាលជំងឺមហារីកមាត់ស្បូនដោយកាំរស្មី៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

Share

ព័ត៌មានទាក់ទង

Image