ថ្មីៗនេះមានទីតាំងកម្សាន្តសម្រាប់កុមារ(Playground)មួយកន្លែង ដែលមានឈ្មោះថា PLAYGROUND BABIE PARK រងការរិះគន់យ៉ាងចាស់ដៃពីមហាជន បន្ទាប់ពីហាងនេះ ដាក់ការហាមឃាត់មិនឱ្យកុមារអូទីស្ស៊ឹមចូលហាងខ្លួន ដោយលើកហេតុផលថា មានការរំខាន និងបង្កភាពមិនប្រក្រតីមួយចំនួន។ ក៏ប៉ុន្តែអ្នកជំនាញអប់រំ បានពន្យល់ឱ្យមហាជនគួរគិតគូរពីហេតុ និងផល ដែលម្ចាស់ទីតាំងកម្សាន្តសម្រាប់កុមារ(Playground) ដាក់ចេញនូវបម្រាបនេះ។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
ការដាក់បម្រាមកុមារអូទីស្ស៊ឹមនេះ ធ្វើឱ្យប៉ះដល់អារម្មណ៍អាណាព្យាបាលកុមារមួយចំនួនជាខ្លាំង ដោយពួកគេមិនសប្បាយចិត្តនោះទេ ដ្បិតយល់ថាការហាមប្រាមនេះបង្ហាញពីការរើសអើងកុមារអូទីស្ស៊ឹមយ៉ាងខ្លាំង។ ប្រធានបណ្តាញអូទីស្ស៊ឹមកម្ពុជា និងជានាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានបង្ហោះសារលើគណនីរបស់ខ្លួនឈ្មោះ «Sarin Chan» ថា បានរំលោភលើសិទ្ធកុមារពិការ ហើយបានអនុវត្តន៍[អនុវត្តឱ្យផ្ទុយស្រឡះទៅនឹងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធជនពិការ និងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការរបស់រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ផងដែរ។ លោកនាយកវិទ្យាល័យអប់រំរូបនេះបានសំណូមពរឱ្យម្ចាស់ហាងខាងលើលុបការបម្រាមនេះ ជាប្រញាប់តាមដែលអាចធ្វើទៅបាន រួមទាំងផ្តល់នូវការណែនាំមួយចំនួនផងដែរ។ ឯអ្នកផ្សេងទៀតបាន ជម្រាបទៅម្ចាស់ហាងតាមរយៈសារលើបណ្ដាញសង្គមថា «កុមារអូទីស្ស៊ឹម ឆ្លងកាត់អ្នកជំនាញ ឬអ្នកឯកទេសដែលបានណែនាំដល់ឪពុកម្តាយឱ្យឧស្សាហ៍នាំពួកគាត់ដែលមានបញ្ហាយឺតក្នុងការអភិវឌ្ឍន៍ ឱ្យចូលរួមក្នុងសង្គមដោយលេងជាមួយក្មេងដទៃ ឬនាំពួកគាត់ទៅចូលរួមបរិយាកាសថ្មីៗ ប្លែកដើម្បីទទួលបានការ រីកចម្រើននៃការលូតលាស់ តែដោយឡែកខាងហាងបានដាក់បម្រាមជាសាធារណៈដោយមិនឱ្យចូលស្មើនឹងការរើសអើងដល់ពួកគេ»។
គួរបញ្ជាក់ថា មហាជនជាច្រើនពុំបានពេញចិត្តនូវទង្វើរបស់ម្ចាស់ហាងខាងលើនោះទេ។ ករណីនេះ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនយល់ថា ការដាក់បម្រាមមិនឱ្យកុមារអូទីស្ស៊ឹមទៅកន្លែងសាធារណៈបែបនេះ គឺបង្ហាញពីការរើសអើង។
«អ៊ីចឹង! ច្បាប់មានចែងហើយមិនអាចរើសអើងកុមារឬអ្នកដែលមានសតិបែបណានោះទេ!ចា! បញ្ជាក់ឱ្យខ្លីនេះជាការរើសអើងពលរដ្ឋគ្រប់រូបហើយចា៎!។ ធម្មតាអ្វីក៏ដោយឱ្យតែមានការរើសអើងគឺប៉ះពាល់ដល់សង្គមហើយ ព្រោះអីច្បាប់ចែងថាមិនឱ្យរើសអើងចំពោះកុមារភាពឬកុមារបែបណានោះទេចា! ត្រូវតែផ្តល់សិទ្ធផ្តល់សេរីភាពដល់ពួកគាត់ ក្នុងការចូលរួមគ្រប់សកម្មភាពចា៎!»។
ពាក់ព័ន្ធនឹងករណីនេះ លោក សេងថៃ ខន្តី ជាបុគ្គលិកស្ម័គ្រចិត្តនៅមណ្ឌលកុមារកំព្រាមួយកន្លែងនៅភ្នំពេញ ដោយក្នុងមណ្ឌលខ្លួនក៏មានកុមារអូទីស្ស៊ឹមដែរនោះ បានលើកឡើងថាបម្រាមដែលហាមកុមារ មានអាការៈអូទីស្ស៊ឹមមិនឱ្យចូលហាងរបស់ខ្លួនបែបនេះ ធ្វើឱ្យលោកមានអារម្មណ៍ដូចស្រងេះស្រងោចដល់ក្មេងដែលគាត់មានអាការៈបែបនេះ។
«យើងត្រូវយល់ថាក្មេងនៅពេលដែលគាត់កើតមកហើយ គ្នាមិនចង់ឱ្យបែបហ្នឹងទេ តែធ្វើម៉េចធម្មជាតិបង្កើតគ្នាមកបែបហ្នឹងឯង ហើយនៅពេលដែលមានកន្លែងណាមួយហាមគាត់ឬហាមអាណាព្យាបាលដែលមានកូនបែបហ្នឹងមិនឱ្យចូលកន្លែងគាត់ អាហ្នឹងគឺបង្ហាញពីការរើសអើងមួយសម្រាប់កុមារកម្ពុជារបស់យើង ហើយប៉ះពាល់ដល់អារម្មណ៍ខ្ញុំដែរ បើសិនជាខ្ញុំយកកូនទៅលេងកន្លែងគាត់ ហើយបែបជាគាត់ដាក់បម្រាមបែបហ្នឹង យើងសាកស្រម៉ៃមើល៍! ទឹកចិត្តក្នុងនាមយើងជាឪពុកម្តាយបែបណា! ទៅពេលដែលគាត់មានបញ្ហាកូនគាត់អ៊ីចឹងហើយៗសង្គមខាងក្រៅរើសអើងកូនគាត់ទៀត តើគាត់មានអារម្មណ៍ មានន័យថាវាទ្វេដងហ៎ាណាស់ បាទ!»។
អ្នកស្ម័គ្រចិត្តនៅមណ្ឌលកុមារកំព្រារូបនេះ ជំរុញឱ្យមនុស្សទូទៅកុំរើសអើងកុមារប្រភេទអូទីស្ស៊ឹម ព្រោះកុមារអូទីស្ស៊ឹមគាត់អាចជជែកគ្នាបាន អាចនិយាយបាន អាចញុំាបានដូចកុមារទូទៅដែរ ដូច្នេះប្រសិនបើមានការដាក់បម្រាមមិនឱ្យចូលលេងកន្លែងកម្សាន្តណាមួយ នឹងបង្កជារូបភាពមួយមិនល្អ។
«ចូលរួមទាំងអស់គ្នាកុំឱ្យមានការរើសអើងដល់កុមារ មិនថាកុមារអូទីស្ស៊ឹម ឬកុមារជនរងគ្រោះទេ ពាក្យថាក្មេង ឬកុមារគឺមានចរិតលក្ខណៈ ចង់បាន ចង់ឃើញ ចង់ស្គាល់ អ៊ីចឹងឯង។»
ជុំវិញភាពតានតឹងនេះ អ្នកជំនាញផ្នែកអប់រំម្នាក់បានផ្តល់បទសម្ភាសដល់វិទ្យុស្ត្រី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយលោកយល់ស្របថា អាណាព្យាបាល ដែលមានកូនកើតជំងឺអូទីស្ស៊ឹម នឹងមិនសប្បាយចិត្តឡើយនៅពេលដែលឃើញការហាមប្រាមបែបនេះ។ ប៉ុន្តែលោកបានណែនាំឱ្យពិចារណាពីបញ្ហាសុវត្ថិភាព។ លោកបានលើកឡើងក្នុងសម្ដីដើមថា៖
« បើយើងគិតក្នុងសង្គមបរិយាបន្ន នេះជាផ្នែកមួយដែលគាត់អត់យល់ពីបរិយាបន្ន ហើយអាចយើងគិតថាជាការរើសអើងក៏ថាបាន តែលោគាត់អត់ហ៊ាន ដោយសារមានកត្តាផ្សេងទៀត ឧទាហរណ៍ ពេលមានគ្រោះថ្នាក់ទៅ តើនរណាទទួលខុសត្រូវ? ជួនកាលគេអត់មានអ្នកជំនាញគេអត់ហ៊ានទទួល នេះជារឿងដែលគួរឱ្យពិចារណាដែរ។ ប៉ុន្តែបើកន្លែងហ្នឹងគាត់ដាក់ពាក្យថា បើមានកូនលក្ខណៈអូទីស្ស៊ឹមអាចចូលលេងបាន ប៉ុន្តែត្រូវមានអាណាព្យាបាលនៅមើលនៅចាំ អាហ្នឹងប្រហែលល្អជាងគាត់ដាក់ការហាមបែបហ្នឹង ព្រោះជាការយកកុមារចេញពីសង្គម ការរើសអើង ហើយជាការទុកកុមារបែបហ្នឹងនៅដាច់ដោយឡែក។»
ជាមួយគ្នា ក៏មានការបញ្ចេញមតិដោយចោទជាសំណួរតាមបណ្ដាញសង្គមផងដែរថា «ហេតុអ្វីត្រូវរើសអើង វាមិនមែនជាជំងឺឯណា? ត្រូវដឹងថាគ្រប់យ៉ាងវាមិនល្អឥតខ្ចោះនោះឡើយ»។ ក្នុងនោះស្រ្តីម្នាក់បានចូលរួមផ្តល់មតិថា «ខ្ញុំក៏ជាម្តាយម្នាក់ដែលមានកូនតម្រូវការពិសេសផងដែរ។ តាមពិតទៅទទួលស្គាល់ពួកគាត់អាចពិបាកបន្តិច មានការរំខានបន្តិចមែន ទៅតាមបែបផែនរបស់ក្មេងនីមួយៗ ហើយក្មេងទាំងអស់ក៏មិនមែនបង្កបញ្ហាឱ្យមនុស្សជុំវិញខ្លួនទាំងអស់ដែរ (បើក្មេងគាត់បង្កបញ្ហាណាមួយ អាចជម្រាបទៅអាណាព្យាបាល ឬអ្នកមើលថែគាត់បាន)ខ្ញុំជឿជាក់ថាជាក្មេងពិសេសនីមួយៗ ប៉ាម៉ាក់របស់គាត់មិនទុកឱ្យគាត់លេងម្នាក់ឯងនោះទេ តែបើធ្វើបែបនេះ គឺជាការរើសអើងពួកគាត់ហើយ»។
បន្ទាប់ពីមានការប្រតិកម្មពីមហាជនលើបណ្តាញសង្គម ខាងហាងខាងលើក៏បានចេញនូវលិខិតសុំទោសជាសាធារណៈ ចំពោះការបិទបម្រាម លើកុមារអូទីស្ស៊ឹមក្នុងពេលថ្មីៗនេះ ហើយរហូតមកដល់ពេលនេះ នៅហាងរបស់ខ្លួនមិនមានបម្រាមនេះទៀតឡើយ។ ខ្លឹមសារនៃសារសុំទោសនោះបង្ហាញថាហាងសោកស្តាយនូវកំហុសដោយអចេតនាមួយនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សាធារណៈជន ជាពិសេសអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ដែលមានជំងឺអូទីស្ស៊ឹម ហើយខ្លួនសន្យាថានឹងកែតម្រូវកំហុសមួយនេះ និងអះអាងថា ខ្លួនគ្មានចេតនាណាមួយរើសអើងដល់កុមារដែលមានជំងឺអូទីស្ស៊ឹមនោះឡើយ៕
អត្ថបទ៖ងិន ស៊ាងលីម