en     km
en     km

អាជ្ញាធរខេត្តសៀមរាបស្នើក្រុមហ៊ុនព្រលានយន្តហោះថ្មី បន្ថយតម្លៃផ្លូវចូលព្រលាន

Share

ក្រោយពីមានការតវ៉ារបស់អ្នកបើកបរតាក់ស៊ីនិងមហាជន ស្នើឱ្យអាជ្ញាធរខេត្តសៀមរាបជួយរកដំណោះស្រាយចំពោះតម្លៃផ្លូវចូលព្រលានយន្តហោះថ្មីកាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប រួមនឹងមន្ត្រីពាក់ព័ន្ធ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) និងអ្នកប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់ ធ្វើការលើកឡើងពីបញ្ហាតម្លៃផ្លូវដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

(កញ្ញា ចាន់រ៉ាត់ សៀវមិញ រាយការណ៍)

រដ្ឋបាលខេត្តសៀមរាបបានស្នើឱ្យក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពិចារណាលើការយកថ្លៃសេវា ក្នុងរយៈពេល ១៥នាទី គួរពុំគិតថ្លៃ ឬបន្ធូបន្ថយ ក្នុងកម្រិតណាមួយ សមស្របដែលអាចដោះស្រាយបញ្ហានេះរួមគ្នាបាន ដើម្បីលើកទឹកចិត្ត និងសម្រួលជូនដល់អ្នកដឹកភ្ញៀវចេញចូលអាកាសយានដ្ឋាន។ នេះបើតាមគេហទំព័រមន្ទីរព័ត៌មានខេត្តសៀមរាប ចុះផ្សាយល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

យ៉ាងណាមិញ ក្រៅពីការស្នើសុំ លោក លី សំរិទ្ធ បានផ្ដល់ឱកាសឲ្យពលរដ្ឋដែលជាតំណាងអ្នកបើកបរតាក់ស៊ី លើកជាសំណើដែលពួកគេចង់បាននៅចំពោះមុខនេះ ដើមី្បរដ្ឋបាលខេត្ត លើកយកនូវសំណើទាំងនោះ ដាក់ជូនទៅរាជរដ្ឋាភិបាល ធ្វើការដោះស្រាយជូន ព្រោះអាជ្ញាធរខេត្តមិនមានសិទ្ធសម្រេចនោះឡើយ គឺមានតែរាជរដ្ឋាភិបាល និងក្រុមហ៊ុននោះទេ។

ក្នុងនោះអ្នកបើកបរតាក់ស៊ីបានលើកឡើងនូវសំណើ និងសំណូមពរមួយចំនួន ដោយផ្តោតទៅលើកម្រៃសេវាផ្លូវ និងចំណតនៅព្រលានតម្លៃខ្ពស់, សុំឱ្យធ្វើចំណតរថយន្តនៅក្រៅព្រលានសម្រាប់រងចាំដឹកភ្ញៀវចេញពីព្រលាន និងពេលចេញពីចំណតរងចាំចូលទៅដឹកភ្ញៀវកុំឱ្យគិតថ្លៃម្តងទៀត សំណូមពរសុំបញ្ឈប់ការជួលម៉ូតូ កង់ឱ្យភ្ញៀវបរទេសចរជិះ ដែលធ្វើឱ្យបាត់ចំណូលរបស់បងប្អូនរ៉ឺម៉កកង់បី និងផាស្អាប់(Pass app) និងករណីទីចំណតនៅទីប្រជុំជនក្នុងក្រុង មិនទាន់បានរៀបរយ។

សូមជម្រាបថា ផ្លូវហាយវេចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប បានបើកដំណើរការសាកល្បងដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១៦ ខែតុលា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។

យ៉ាងណាចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ការយកសេវារថយន្តបើក កាត់ផ្លូវកៅស៊ូទៅព្រលានយន្តហោះសៀមរាបអង្គរ (SIA)បានចាប់ផ្ដើមដំណើរការ។ សេវាទាំងនោះបែងចែកជា៤ផ្នែកតាមប្រភេទរថយន្ត ដែលតម្លៃសម្រាប់រថយន្តលក្ខណៈគ្រួសារ និងរថយន្តដឹកទំនិញធុនតូច តម្លៃ៣ដុល្លារ, រថយន្តដឹកអ្នកដំណើរក្រោម១៩កៅអី និងរថយន្តដឹកទំនិញក្រោម៩តោន តម្លៃ៦ដុល្លារ, រថយន្តដឹកអ្នកដំណើរចាប់ពី២០កៅអីឡើង និងរថយន្តដឹកទំនិញចាប់ពី៩ដល់១០តោន តម្លៃ៩ដុល្លារ និងរថយន្តដឹកទំនិញទម្ងន់ពី១០ទៅ២០តោន តម្លៃ១២ដុល្លារ។ តម្លៃនេះមិនរាប់បញ្ចូលពីថេរវេលា​ដែលចូលចត​​ក្នុងចំណោតរបស់ព្រលានយន្តហោះឡើយ។នេះបើតាមការបញ្ជាក់ពី ក្រុមហ៊ុនវិនិយោគចិនកន្លងមក។

ទោះយ៉ាងណាតាមកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ រួចមក ជាលទ្ធផលគឺរួមគ្នាបន្តពិនិត្យ និងពិភាក្សាលើតម្លៃសេវារថយន្តដឹកភ្ញៀវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីរកដំណោះស្រាយសមស្របសម្រាប់សម្រួល និងកាត់បន្ថយលើការចំណាយនៃសេវាប្រើប្រាស់ផ្លូវ និងចំណត។

បន្ថែមពីនេះ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រាល់សំណើ និងសំណូមពរដែលបងប្អូនបានលើកឡើង ថ្នាក់ដឹកនាំខេត្ត នឹងរាយការណ៍ជូនទៅថ្នាក់ជាតិ ដើមី្បដាក់ប្រជុំនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ដើមី្បធ្វើការសម្រេច។ លោកថាប្រសិនបើមានបញ្ហាអ្វីកើតឡើង សូមបងប្អូនធ្វើសំណើរ ឬសំណូមពរដល់អាជ្ញាធរខេត្ត ដើមី្បធ្វើការដោះស្រាយជូនបងប្អូន ព្រោះទុក្ខកង្វល់របស់បងប្អូនក៏ដូចជាទុក្ខលំបាករបស់អាជ្ញាធរផងដែរ៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

Share

Image Not Found
Image

ព័ត៌មានទាក់ទង