en     km
en     km

យុវតីម្នាក់ស្នើឱ្យពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក ជាជាងទទួលទានសាច់បង្កកប៉ះពាល់សុខភាព

Share

ប្រជាពលរដ្ឋខ្មែរមួយចំនួនគឺពឹងផ្អែកទាំងស្រុងទៅលើដំណាំ និងផលដែលទទួលបានពីការចញ្ចឹមសត្វ តែជាក់ស្ដែងការនាំចូលសាច់បង្កកពីខាងក្រៅមានការកើនឡើងជាលំដាប់ដែលជាហេតុធ្វើឱ្យមានការប៉ះពាល់ដល់ចំណូលរបស់ពួកគាត់ ដោយចៀសមិនរួច។ ពាក់ព័ន្ធករណីនេះយុវតីម្នាក់ស្នើឱ្យពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក ជាជាងទទួលទានសាច់បង្កកប៉ះពាល់សុខភាព។

(កញ្ញា សួ សុវណ្ណិកា រាយការណ៍)

ជាទូទៅប្រជាពលរដ្ឋភាគច្រើននៅតាមបណ្ដាលភូមិមួយចំនួនធំ មិនថាពួកគាត់រស់នៅទីណាទេ គឺតែងតែមានការប្រកបរបរជាកសិករ ដាំដំណាំ ដាំស្រូវ ចញ្ចឹមសត្វ លក់ដូរបន្លែបន្តិចបន្តួច ដើម្បីទទួលបានកម្រៃបន្ថែមសម្រាប់ចញ្ចឹមជីវិតប្រចាំថ្ងៃ។ តែបើនិយាយទាក់ទងទៅនឹងការងារក្រៅពីនេះ អាចជាការងារដែលប្រើកម្លាំង រួមមានពលករគេនៅក្រៅប្រទេស និងធ្វើការងាររោងចក្រជាដើម។ ប្រជាពលរដ្ឋគឺពឹងផ្អែកទាំងស្រុងទៅលើដំណាំ និងផលដែលទទួលបានពីការចញ្ចឹមសត្វ តែជាក់ស្ដែងការនាំចូលសាច់បង្កកពីខាងក្រៅមានការកើនឡើងជាលំដាប់ដែលជាហេតុធ្វើឱ្យមានការប៉ះពាល់ដល់ចំណូលរបស់ពួកគាត់។ ចំពោះរឿងរ៉ាវទាំងនេះ កើតឡើងនៅក្នុងភូមិទទឹម ឃុំវត្តអង្គរខាងត្បូង ស្រុកបន្ទាយមាស​ ខេត្តកំពត។

យុវតី ស៊ុន លីដា អាយុ ១៩ឆ្នាំ ជាពលរដ្ឋរស់នៅភូមិខាងលើ បានប្រាប់នូវរឿងរ៉ាវមួយចំនួនបន្ថែមមកកាន់វិទ្យុស្រ្តីថា«ការនាំចូលសាច់សឹងតែ១០០%ទៅហើយមកពីខាងក្រៅ ចឹងសួរថាអោយប្រជាកសិករសង្ឃឹមអ្វីទៀត បើពូកគាត់មិនគាំទ្រផលិតផលក្នុងស្រុកផងហ្នឺង»

យុវតីរូបនេះបានបញ្ជាក់ថែមទៀតថា ទោះបីជាប្រជាកសិករ ចិញ្ចឹមសត្វបានផលច្រើនក៏ពិតមែន តែនៅតែមិនឈ្នះផលិតផលសាច់បង្កកដែលនាំចូលពីក្រៅនោះទេ ដែលធ្វើអោយមិនមានទីផ្សារ ពេលខ្លះលក់បានក្នុងតម្លៃទាបថែមទៀតផង។

ម្យ៉ាងវិញកសិករចិញ្ចឹមសត្វនៅកម្ពុជាកំពុងបាក់ទឹកចិត្ត និងប្រឈមមុខទៅនឹងវិបត្តិក្ស័យធន។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានស្នើឱ្យក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ បិទការនាំចូលសាច់បង្កកមកកម្ពុជាមួយរយៈ ដើម្បីពង្រឹងទីផ្សារនិងតម្លៃក្នុងស្រុក ប៉ុន្តែនាយកដ្ឋានគយ បានតបថាមិនអាចបិទការនាំចូលសាច់បង្កកមកកម្ពុជាបានទេ ព្រោះនេះជាទីផ្សាសេរី ប៉ុន្តែខ្លួននឹងចាត់វិធានការរឹតបន្ដឹងផ្នែកមួយចំនួន។ ជាមួយគ្នានេះ ស្របពេលមានការនាំចូលសាច់បង្កកនៅកម្ពុជាមានស្ដុកច្រើននិងតម្លៃថោក ដែលជាហេតុធ្វើឱ្យកសិករប្រឈមមុខទៅនឹងវិបត្តិកកស្ទះការនាំចេញនិងបង្ខំចិត្តលក់សាច់ឡៃឡុងឱ្យទៅឈ្មួញ។ ហេតុនេះយុវតី ស៊ុន លីដា ក៏បានធ្វើការសំណូមពរផងដែរថា៖

« ខ្ញុំចង់ស្នើសុំឱ្យរាជរដ្ឋាភិបាលនិងថ្នាក់លើៗ ក៏ដូចជាអ្នកដែលពាក់ព័ន្ធជួយសម្រួល ដល់ប្រជាជន ជួយសម្រួលដល់ទីផ្សាររបស់គាត់ ដោយចញ្ចឹមមកមានទីផ្សារ ។ មួយទៀតចង់ឱ្យមានការបញ្ឈប់ការនាំចូលសាច់បង្កកពីខាងក្រៅមកផងដែរ ព្រោះវាធ្វើឱ្យប៉ះពាល់តម្លៃនៃការលក់ក្នុងស្រុករបស់យើង ហើយវាធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនយើងទៀត ព្រោះថាយើងដឹងហើយថាសាច់បង្កកហ្នឹងយើងយកមកញ៉ាំវាអត់ល្អ ហើយប៉ះពាល់ដល់សុខភាព» ។

ជាការកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ សាច់​បង្កក​ខុសច្បាប់រាប់រយ​តោន ​ដែល​ឈ្មួញ​នាំចូល​ពីក្រៅ​ប្រទេស ​ត្រូវ​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិតកម្ម​សត្វ ​រកឃើញនិងបង្ក្រាប ​។ ​សាច់​បង្កក​ទាំងនោះមានដូចជា​សាច់មាន់ ​គ្រឿងក្នុង​មាន់ ​សាច់ជ្រូក ​និង​សាច់​ក្របី​ជាដើម ហើយករណីបង្ក្រាបខ្លះ​មិនត្រូវ​បាន​បញ្ជាក់​ពី​ប្រភព​នាំចូល​នោះទេ​។ ​ការ​រកឃើញ​សាច់​បង្កក​ខុសច្បាប់ ​ត្រូវ​អ្នក​តាមដាន​សង្គម​នានា​មើលឃើញថា​បាន​កើតឡើង​ដដែល​ៗ​​។

បន្ថែមពីនេះបន្តិច យុវតីរូបនេះបានអំពាវនាវ និងជំរុញឱ្យប្រជាពលរដ្ឋ យើងក្រឡេកមក គាំទ្រផលិតផលក្នុងស្រុកវិញ​​ ត្បិតប្រជាជនដាំសុទ្ធតែតាមធម្មជាតិទាំងអស់ ទាំងស្រូវ ទាំងដំណាំ ទាំងសាច់ ដូច្នេះពេលយកទៅបរិភោគ វាជំនួយដល់សុខភាព និងការរស់នៅរបស់ប្រជាជនផងដែរ៕

អត្ថបទ៖សួ សុវណ្ណិកា

Share

ព័ត៌មានទាក់ទង

Image