លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាយការណ៍ឱ្យដឹងថា មានបណ្តាញតេឡេក្រោមមួយឈ្មោះថា ISRAEL WORK 2024 ព្យាយាមឆបោកបងប្អូនប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ទៅធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលដោយខុសច្បាប់។ លោកថា ទង្វើនេះប្រៀបដូចជាការជួញដូរមនុស្សខុសច្បាប់ ដែលតម្រូវឱ្យជនល្មើសទទួលទោសតាមនិតិវិធី។ នេះបើយោងតាមតេឡេក្រាមរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហោះសារនៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤។
តាមរយៈខ្លឹមសារនៃការបង្ហោះតាម តេឡេក្រាមរបស់លោក បង្ហាញថា ជនឆបោកមានគណនីតេឡេក្រាមផ្ទាល់ខ្លួនឈ្មោះ MEAN Sodara បានបង្កើតគណនីឆបោក ISRAEL WORK 2024 ដោយមានអ្នកចូលជាសមាជិកចំនួន ៣៥១នាក់ និងព្យាយាមប្រើល្បិចបោកប្រាស់ពលរដ្ឋខ្មែរថា ខ្លួនអាចជួយបញ្ជូនពួកគេទៅធ្វើការនៅប្រទេសអ៊ីស្រាអែលបាន។
ជាមួយគ្នានេះការប្រកាសកុំចាញ់ការបោកប្រាស់នេះ លោក ហេង សួរ អះអាងថា កម្ពុជានិងអ៊ីស្រាអែលមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករខ្មែរទៅធ្វើការចំណាកស្រុកនៅក្នុងប្រទេសអ៊ីស្រាអែលនៅឡើយទេ។ លោករដ្ឋមន្រ្តីបញ្ជាក់ទៀតថា ករណីការចេញទៅធ្វើការនៅប្រទេសអ៊ីស្រាអែលតាមរយៈមេខ្យល់ ក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជាករណីខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស។
ទន្ទឹមគ្នានេះ លោក អំពាវនាវដល់សាធារណជនទាំងអស់ គប្បីប្រុងប្រយ័ត្នកុំចាញ់បោកបុគ្គល MEAN Sodara និងតេឡេក្រាម ISRAEL WORK 2024 ឱ្យសោះ ពិសេសក្រសួងកំពុងធ្វើការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីចាត់វិធានការដល់បុគ្គលពាក់ព័ន្ធតាមនីតិវិធីផ្លូវច្បាប់។ លោក ហេង សួរ ឱ្យដឹងទៀតថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹងជាសាធារណៈនៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀង និងយន្តការគ្រប់គ្រង ការពារ និងគាំពារពលករនៅប្រទេសអ៊ីស្រអែលជាផ្លូវការ៕