ភ្លើងសង្គ្រាមរយៈពេលជិត២ឆ្នាំរវាងអ៊ុយក្រែននិងរុស្ស៊ី នៅតែបន្តឆាបឆេះ និងបង្កជាចលាចលឥតឈប់ឈរដល់ជនស៊ីវិល ដែលកាលពីព្រឹកថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ រុស្ស៊ីបានទម្លាក់គ្រាប់មីស៊ីលមកលើអ៊ុយក្រែន ដែលបណ្តាលឱ្យមនុស្សចំនួន ៥នាក់ស្លាប់និងរងរបួស ១៣០នាក់។
(កញ្ញា កែវ សុជាតា រាយការណ៍)
ឧត្តមសេនីយ Valerii Zaluzhnyi អគ្គមេបញ្ជាការរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលជាច្រើនគ្រាប់មកលើតំបន់មួយចំនួនរបស់អ៊ុយក្រែន។ ក្នុងនោះ កងកម្លាំងយោធាអ៊ុយក្រែនបានបាញ់ទម្លាប់មីស៊ីលចំនួន ១០គ្រាប់ដែលបង្ហោះពីលើអាកាស។
តែជាអកុសល គ្រាប់មីស៊ីលដទៃទៀតបានវាយប្រហារទីក្រុង Kyiv ដែលធ្វើឱ្យមនុស្ស ៤នាក់បានបាត់បង់ជីវិត និង ៧០នាក់ផ្សេងទៀតរងរបួសជាដំណំ។ ចំណែកគ្រាប់មីស៊ីលផ្សេង បានលុកលុយទីក្រុង Kharkiv ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរងរបួសប្រហែល ៦០នាក់។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៣។
ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ ហើយនេះមិនមែនជាករណីដំបូងឡើយ ដ្បិតរុស្ស៊ីនិងអ៊ុយក្រែនវាយតទល់គ្នាអស់រយៈពេលជិត ២ឆ្នាំហើយ ដែលរាប់គិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣មក រុស្ស៊ីបានប្រើប្រាស់មីស៊ីលជិត ៣០០គ្រាប់ និងយន្តហោះគ្មានមនុស្សបើក Shahed ជាង ២០០គ្រឿង ដើម្បីបើកការវាយប្រហារតាមអាកាសមកលើប្រទេសអ៊ុយក្រែន។
ការវាយប្រហារលើកនេះ បានបង្កើតនូវទិដ្ឋភាពដ៏ស្ងាត់ជ្រងំក្នុងទីក្រុង Kyiv ដោយហាងកាហ្វេ និងភោជនីយដ្ឋានភាគច្រើនបានបិទទ្វារ ខណៈមនុស្សជាច្រើនបានភៀសខ្លួន ឬស្វែងរកកន្លែងសុវត្ថិភាពដើម្បីជ្រកកោន។ លោក Dzyhil ស្ថិតនៅក្នុងហេតុការណ៍វាយប្រហារនេះ បាននិយាយថា កងកម្លាំងរុស្ស៊ីមានគោលដៅវាយលុកកន្លែងយោធាអ៊ុយក្រែន ក៏ប៉ុន្តែពួកគេកំពុងវាយប្រហារជនស៊ីវិល និងបានសម្លាប់កូនៗ និងមនុស្សជាទីស្រឡាញ់របស់យើងជាបន្តបន្ទាប់។
ជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា រុស្ស៊ីគ្មានបំណងទម្លាក់មីស៊ីលឱ្យត្រូវជនស៊ីវិលនោះឡើយ ដ្បិតការទម្លាក់គ្រាប់មីស៊ីលនេះធ្វើឡើងដើម្បីកម្ទេចរោងចក្រឧស្សាហកម្មយោធានៅក្នុងទីក្រុង Kyiv ប៉ុណ្ណោះ។ យ៉ាងណា ក្រសួងការពារជាតិរុស្ស៊ីមិនបានបញ្ជាក់ពីសេចក្តីលម្អិតថា គោលបំណងខ្លួនបានសម្រេចឬយ៉ាងណាឡើយ ហើយថាតើរុស្ស៊ីមានផែនការអ្វីបន្តទៀតនៅពេលសង្រ្គាមនៅតែបន្តអូសបន្លាយអស់ជាច្រើនខែឆ្នាំបែបនេះ៕
ប្រភព៖ AP ចុះថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤