ខណៈកសិករចិញ្ចឹមសត្វនៅកម្ពុជាកំពុងបាក់ទឹកចិត្ត និងប្រឈមមុខទៅនឹងវិបត្តិក្ស័យធន ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានស្នើឲ្យក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ បិទការនាំចូលសាច់បង្កកមកកម្ពុជាមួយរយៈ ដើម្បីពង្រឹងទីផ្សារនិងតម្លៃក្នុងស្រុក ប៉ុន្តែនាយកដ្ឋានគយ បានតបថាមិនអាចបិទការនាំចូលសាច់បង្កកមកកម្ពុជាបានទេ ព្រោះនេះជាទីផ្សាសេរី ប៉ុន្តែខ្លួននឹងចាត់វិធានការរឹតបន្ដឹងផ្នែកមួយចំនួន។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
តាមការអង្កេតរបស់ប្រធានសមាគអ្នកចិញ្ចឹមសត្វប៉ុន្មានឆ្នាំកន្លងមកនេះ ឃើញថាប្រជាកសិករចិញ្ចឹមសត្វនៅក្នុងស្រុក ពិសេសកសិករចិញ្ចឹមសត្វជ្រូកកំពុងបាក់ទឹកចិត្តជាខ្លាំងដែលអាចក្ស័យធន ព្រោះខាតបង់ផលប្រយោជន៍ច្រើន ដោយសារសាច់ជ្រូករស់ចុះថោក ខណៈការចិញ្ចឹមក៏ដូចជាការផលិតមានតម្លៃថ្លៃ។ លោកស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បញ្ជាក់ថា ជាងមួយឆ្នាំជាងដែលប្រជាកសិករទទួលរងនូវការខាតបង់នៃវិស័យចិញ្ចឹមសត្វ «សង្ឃឹមថា រាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ និងធ្វើយ៉ាងម៉េច ដើម្បីរកទីផ្សារជូនពួកគាត់ តែទទឹមនឹងនេះឃើញដែស! មិនរកទីផ្សារជូនពរគាត់ទេ! បានសេចក្តីថា យើងចិញ្ចឹមសត្វ យើងចិញ្ចឹមថ្លៃ គឺគាត់ឲ្យនាំចូលហើយ(នាំចូលពីក្រៅ) បានន័យថាយើងចិញ្ចឹមម៉េចឲ្យថោក ហើយខ្ញុំសួរថាផលិតផលអីដែលធ្វើឲ្យថោក? បើថៃ វៀតណាម យើងគឺអត់មានខ្លាចប្រកួតប្រជែងទេ គឺខ្លាចតែប្រកួតប្រជែងជាមួយអឺរ៉ុបហ្នឹងហើយ ការផលិតគេថោក ដើមផលិតរបស់គេ1kg ត្រឹមតែ ៩កាក់ ទៅ ១ដុល្លា ដើមផលិតយើង ២ដុល្លា ៣កាក់ អ៊ីចឹងយើងបិទទ្វាដោយខ្លួនឯងAuto»។
ជាមួយគ្នា កត្តាប្រឈមដ៏សំខាន់មួយទៀតនោះ គឺការនាំចូលសាច់បង្កកនៅកម្ពុជាមានស្ដុកច្រើននិងតម្លៃថោក ដែលជាហេតុធ្វើឲ្យកសិករប្រឈមមុខទៅនឹងវិបត្តិកកស្ទះការនាំចេញនិងបង្ខំចិត្តលក់ជ្រូកឡៃឡុងឲ្យទៅឈ្មួញ។
ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កកនេះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានពន្យល់ថា អ្នកចិញ្ចឹមសាច់ គិតគូរអំពីអាជីវកម្មរបស់គាត់ ប៉ុន្ដែរាជរដ្ឋាភិបាលគិតគូរ មិនមែនតែអ្នកចិញ្ចឹមសត្វនោះទេ រាជរដ្ឋាភិបាល ត្រូវគិតគូរពីអ្នកហូបសាច់ផងដែរ។ លោកប្រធានគយរូបនេះលើកហេតុផលថា បើចិញ្ចឹមសត្វមិនគ្រប់ គឺត្រូវតែនាំចូលដើម្បីមកបង្គ្រប់ទីផ្សារ កុំឲ្យអតិផរណាសាច់ ឬសាច់ឡើងថ្លៃ។
«អ៊ីចឹងហើយ រាជរដ្ឋាភិបាលត្រូវគិតគូរទីផ្សារជាសំខាន់ អ្នកចិញ្ចឹមសត្វគិតគូរហើយ!! ត្រូវតែចិញ្ចឹមសត្វទៅ!! ប៉ុន្តែមិនអាចទៅវ៉ៃអ្នកនាំចូលសាច់ ឲ្យរស់ម្ខាង ដល់ហើយចុងក្រោយបំផុតប៉ះពាល់ដល់អ្នកហូបសាច់ជាង១០លាននាក់នោះទេ!! ត្រូវមើលឲ្យមានតុល្យភាពៗ។»
លោក គុណ ញឹម បានគូសបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មអន្ដរជាតិ គឺស្ថិតនៅក្នុងវិធានដែលមានចែងនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះអ្នកនាំចូលសាច់ បើគោរពអនុលោមភាព គឺមានសិទ្ធិនាំចូល មកចែកចាយ។ លោកបន្តថាមិនអាចបិទការធ្វើពាណិជ្ជកម្មបានទេ គឺមានទៅមានមក បើសិនជាយើងដាក់ហាមការនាំចេញពីគេ ក្រែងលោគេហាមដាក់នាំចេញទំនិញពីយើងវិញ ដែលអាចបង្ករឲ្យមានវិវាទពាណិជ្ជកម្ម។ ដូច្នេះត្រូវមានការថ្លឹងថ្លែងខ្លាំងណាស់ មុននឹងដាក់ចេញនូវវិធានការនីមួយៗ ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់មានតុល្យភាពក្នុងបញ្ហាមួយ។
ក៏ប៉ុន្តែករណីនេះ លោក ស្រ៊ុន ពៅ បានលើកឡើងថា ដោយសារខាងថ្នាក់លើចង់នាំចូលជាងចិញ្ចឹម ដូច្នេះវិស័យចិញ្ចឹមសត្វក្នុងស្រុកមិនសង្ឃឹមថាជោគជ័យទេ នឹងបរាជ័យនាពេលខាងមុខ។
«ដោយសារគាត់ប្រជុំមក មានប្រសាសន៍ក៏ដូចជាអនុសាសន៍ គាត់ចង់នាំចូលជាចិញ្ចឹមអ៊ីចឹងហាណាស់ អ៊ីចឹងវិស័យយើងចិញ្ចឹមនៅក្នុងស្រុកមិនសង្ឃឹមថាជោគជ័យទេ បើតាមកសិដ្ឋាន ក៏ដូចជាក្រុមហ៊ុនគាត់ក៏មិនសង្ឃឹមដែរ គាត់សង្ឃឹមថានឹងបរាជ័យនាពេលខាងមុខក្នុងការងារនេះ។ តាមការអនុសាសន៍របស់ថ្នាក់លើកដែលនិយាយមកហ្នឹង ខាងកសិដ្ឋានក៏ដូចជាក្រុមហ៊ុនពួកគាត់បានត្រៀមចិត្តថា នឹងមើលទៅមានការលំបាកហើយ គ្មានថ្ងៃណាមួយដែលអាចល្អប្រសើឡើងវិញទេ ដោយសារយើងមើលទៅកន្លែងដែលគេនាំចេញមកហ្នឹង តម្លៃគេនាំចេញថោកណាស់បាទ! ថោកណាស់! ជាពិសេសជនខិលខូចមួយចំនួនក្លែងបន្លំរបស់ក្លែងក្លាយនាំមកចូលទៀត ជាកត្តាធ្វើឲ្យប៉ះពាល់កាន់តែធ្ងន់ឡើង។»
ចំពោះវិធានការពាក់ព័ន្ធសាច់បង្កក លោកគុណ ញឹមបានលើកឡើងថា ចំពោះមុខ អគ្គនាយកដ្ឋានគយ និងកម្ពុជា នឹងបន្ដធ្វើការងារនៅក្នុងការបង្ក្រាប ការនាំចូលសាច់ ដែលខូចគុណភាព និងខុសច្បាប់។
«ទទឹមនឹងនោះត្រូវរៀបចំឲ្យមានភាពប្រទាក់គ្នា អ្នកដែលមានសិទ្ធនាំចូលសាច់បង្កក ត្រូវតែឆ្លើយតបនឹងលក្ខខណ្ឌដែលបានកំណត់ ត្រូវតែមានឃ្លាំងត្រជាក់ បញ្ជាក់អំពីអាជីវកម្មច្បាស់លាស់ ដើម្បីជៀសវាងអ្នកណា ក៏អាចសុំនាំចូលសាច់បង្កកបាន»។
ទាក់ទងនឹងបញ្ហានេះ លោក ស្រ៊ុន ពៅ បានផ្តល់បទសម្ភាសដល់ វិទ្យុស្ត្រីថា បញ្ហាដំណោះស្រាយដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ហាក់ដូចមានការលំបាក ដ្បិតថាអាជ្ញាធរដែលធ្វើការលើការងារនេះ តែតែងបើកឱ្យមានការនាំចូល។
«គាត់ចង់និយាយថា ឲ្យតែនៅក្រៅថោកជាងដឹងតែនាំចូលហាស់!! អ៊ីចឹងគាត់អត់គិតថា វិស័យចិញ្ចឹមសត្វក្នុងស្រុកហ្នឹងនឹងមានលទ្ធផលយ៉ាងណាទេ គាត់គិតគូរតែពីរឿងហូប បានសេចក្តីថាមនុស្សជាង១០លាននាក់ហូប អ៊ីចឹងអ្នកឯងចិញ្ចឹមសត្វត្រឹមតែប៉ុន្មានម៉ឺននាក់ឬ១លាននាក់នៀក វាអត់មានអីជាសំខាន់ហាស់! ចង់និយាយថាគាត់អត់ចាត់ទុកវិស័យចិញ្ចឹមសត្វហ្នឹងជាសំខាន់ហ្មងហាស់! បើតាមខ្ញុំស្តាប់»។
ដោយសារតែមិនអាចទ្រាំទ្រនឹងការខាតបង់បាន ជាដំណោះស្រាយរបស់ប្រជាកសិករកន្លងមកនិងពេលនេះគឺកាត់បន្ថយការចិញ្ចឹម ឈានដល់ការបិទកសិដ្ឋានទាំងមូលតែម្តង ដោយសារតែតម្លៃជ្រូកនៅពេលនេះចុះថោក។ លោក ស៊ុន ពៅបញ្ជាក់ថា ប្រសិនបើរាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ក្នុងវិស័យចិញ្ចឹមសត្វនេះទេ នោះកសិករដែលប្រកបរបរនេះ នឹងដួលរលំដោយខ្លួនឯង។ លោកបានបន្ថែមថា លោកមិនទាន់អាចសន្និដ្ឋានបាន រង់ចាំពេលគេប្រជុំអន្តរក្រសួងម្តងទៀត ជាមួយនឹងសមាគម កសិដ្ឋាន និងជាមួយនឹងអ្នកនាំចូល នៅពេលឆាប់ៗខាងមុខ៕
អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕