ការប្រែប្រួលអាកាសធាតុជាបញ្ហាដ៏ធំមួយសម្រាប់ពិភពលោក ដែលក្នុងនោះបញ្ហាបរិស្ថាននៅតែជាចំណុចដ៏រសើបសម្រាប់មេដឹកនាំកំពូលៗ ពិសេសបណ្តាប្រទេសទាំងអស់ត្រូវយកចិត្តទុកដាក់លើការរកដំណោះស្រាយ។ ក្នុងនោះ ក្រុមហ៊ុនមួយរបស់កម្ពុជាបានផ្តួចផ្តើមគំនិតវេចខ្ចប់ផលិតកម្មពីប្លាស្ទិកប្តូរទៅជារក្សាទុកនៅក្នុងប្រអប់ជំនួសវិញ។
(លោក ឡាក់ ច័ន្ទតារា រាយការណ៍)
ការប្រែប្រួលអាកាសធាតុជាគំហុកនៅលើសកលលោកក្នុងឆ្នាំ២០២៣នេះ ក្លាយជាកត្តាគួរឱ្យព្រួយបារម្ភ និងបង្កជាភាពស្មុគស្មាញសម្រាប់មេដឹកនាំកំពូលៗនៅលើសកលលោក បើទោះបីជាពិភពលោកមានភាពចម្រូងចម្រាសជុំវិញបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន សង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ សង្រ្គាមផ្ទៃក្នុងនៅមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូងក៏ដោយ។ ជារៀងរាល់ឆ្នាំ បញ្ហាគ្រោះមហន្តរាយដូចជាទឹកជំនន់ គ្រោះរាំងស្ងួត និងរញ្ជួយដីជាដើម តែងប៉ះពាល់ដល់ជីវិតមនុស្ស សត្វ បំផ្លាញដំណាំដាំដុះរបស់ប្រជាកសិករ ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសង្គមជាតិជាដើម។
ជាមួយគ្នានេះ កម្ពុជាសម្រេចដាក់ឱ្យប្រើប្រាស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានសម្រាប់ឆ្នាំ២០២៣-២០២៨ ស្របតាមការអនុលោមតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍបៃតង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានស្តីពី«ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព» ចងក្រងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជាងនេះទៀត ក្រសួងបរិស្ថានទើបតែដាក់និន្នាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀន លំនៅស្ថាន និងភូមិ-ឃុំ គ្មានសំរាមប្លាស្ទិក។ យោងតាមការបង្ហោះលើទំព័រហេ្វសប៊ុករបស់ក្រសួងបរិស្ថាន សាលារៀនជាច្រើននៅក្នុងប្រទេសកម្ពុជា បាននិងកំពុងអនុវត្តនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដ្បិតដើម្បីចូលរួមធ្វើឱ្យបរិស្ថានស្អាត សុខភាពល្អ និងរួមចំណែកចូលរួមជាមួយនឹងសកលលោក។
ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុននៅកម្ពុជាមួយចំនួនកំពុងចាប់ផ្តើមកែច្នៃយុទ្ធសាស្រ្ត និងចក្ខុវិស័យរបស់ខ្លួនជុំវិញការកាត់បន្ថយការប្រើប្រាស់ និងចែកចាយប្លាស្ទិកជូនទៅអតិថិជន ឬឈ្មួញជួញដូរបន្ត។ ក្រុមហ៊ុន MG PACIFIC COMPANY LIMITED ជាក្រុមហ៊ុនផលិតក្រដាសអនាម័យ បាននិងកំពុងផ្តួចផ្តើមគម្រោង «ផ្តើមចេញពីអ្នក» ដោយកែច្នៃការវេចខ្ចប់ក្រដាសអនាម័យប្រើប្រាស់នៅក្នុងបន្ទប់ទឹក ពីការប្រើប្លាស្ទិកទៅជាការប្រើប្រអប់ជ័រជំនួសវិញ។
លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់ វិទ្យុស្រ្តីថា ក្រុមហ៊ុនរៀបចំគម្រោងនេះឡើង ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពក្នុងនាមជាក្រុមហ៊ុននៅក្នុងស្រុក និងជាស្នាដៃរបស់កូនខ្មែរ។ លោកបញ្ជាក់ទៀតថា គម្រោងឈ្មោះ «ផ្តើមចេញពីអ្នក» ចូលរួមលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងសហគមន៍ ក្នុងរូបភាពកែប្រែខ្សែសង្វាក់វេចខ្ចប់ក្រដាសប្រភេទកងបន្ទប់ទឹកដោយប្រើប្រាស់ប្លាស្ទិកជំនួសឱ្យប្រើប្រអប់ជ័រជំនួសវិញ ខណៈប្រអប់ជ័រនេះអាចយកមកប្តូរវិញបាន។
លោក តាំង សុបិន បន្តទៀតថា ក្រុមហ៊ុន MG នឹងសម្រួលដល់ការផ្លាស់ប្តូរប្រអប់ដាក់ក្រដាសជូនអតិថិជន ដោយក្រុមហ៊ុនមានសេវាកម្មប្តូរជូនដល់ទីតាំងផ្ទាល់ ដែលអតិថិជនមិនចាំបាច់ត្រូវមកយកនៅទីតាំងផ្ទាល់នោះទេ។ លើសពីនេះ លោកអះអាងថា ផែនការនេះក៏រួមចំណែកមួយផ្នែកក្នុងការចែកចាយចំណេះដឹង និងការយល់ដឹងរបស់មនុស្សពីម្នាក់ទៅម្នាក់ទៀតឱ្យដឹងពីគុណវិបត្តិនៃការប្រើប្រាស់ប្លាស្ទិក ពិសេសរួមគ្នាកាត់បន្ថយការប្រើប្រាស់នូវអ្វីដែលអាចធ្វើទៅបាន។
ដ្បិតតែក្រុមហ៊ុន MG ជាក្រុមហ៊ុនផលិតក្រដាសអនាម័យក៏ពិតមែន តែក្រុមហ៊ុននេះមានចក្ខុវិស័យជួយដល់សង្គមជាតិតាមរយៈការប្តូរការវេចខ្ចប់ ពិសេសជាក្រុមហ៊ុនមួយដែលមានអ្នកគ្រប់គ្រងជាជនជាតិខ្មែរ និងមានទីតាំងផ្ទាល់នៅក្នុងប្រទេសកម្ពុជាផងដែរ៕