នាវាកងទ័ពជើងទឹកឥណ្ឌូនេស៊ីនៅខេត្ត Aceh បានបើកទូកដឹកអ្នកដំណើរជនជាតិរ៉ូហ៊ីងយ៉ាចេញពីឥណ្ឌូនេស៊ី ខណៈដែលចំនួនជនភៀសខ្លួនបានកើនឡើង និងកំពុងមានជម្លោះប្រឈមជាមួយនឹងនិស្សិតឥណ្ឌូនេស៊ីផងដែរ។
(កញ្ញា សៃ ចន្ធី រាយការណ៍)
អ្នកនាំពាក្យយោធាឥណ្ឌូនេស៊ី លោក Nugraha Gumilar បាននិយាយថា ទូកឈើដែលដឹកជនជាតិរ៉ូហ៊ីងយ៉ាចេញពីប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នកំពុងស្ថិតនៅលើដែនទឹកក្បែរកោះ Weh នៃកោះស៊ូម៉ាត្រា ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀតថា មិនមានការប៉ាន់ស្មានណាមួយច្បាស់លាស់ថាតើមានជនជាតិរ៉ូហ៊ីងយ៉ាប៉ុន្មាននាក់នៅលើទូកនេះនោះទេ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។
ក្រសួងការបរទេសឥណ្ឌូនេស៊ី បានបញ្ជូនការស៊ើបអង្កេតទៅកាន់ក្រសួងសម្របសម្រួលសម្រាប់កិច្ចការនយោបាយ ច្បាប់ និងសន្តិសុខ ដែលមិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះការស្នើរសុំយោបល់លើករណីនៃការដឹកជញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាចេញពីប្រទេសឥណ្ឌូនេស៊ី ខណៈទូកឈើនោះ កំពុងស្ថិតនៅខាងក្រៅដែនទឹកឥណ្ឌូនេស៊ី ដោយមិនមានក្ដីរំពឹងថានឹងអាចត្រឡប់មកវិញនោះឡើយ។
ជាមួយគ្នានេះ ក្រុមប៉ូលិសឥណ្ឌូនេស៊ីបានជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាលើជនមូស្លីមរ៉ូហ៊ីងយ៉ា។ ក្រុមប៉ូលិសអះអាងទៀតថា ខ្លួននឹងបង្រ្កាបលើជនសង្ស័យទាំងឡាយណាដែលប្រព្រឹត្តអំពើជួញដូរមនុស្ស ក្រោយភៀសខ្លួនមកកាន់ប្រទេសឥណ្ឌូនេស៊ី។
តាមទិន្នន័យពីស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNCHR) បានឱ្យដឹងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១,៥០០នាក់បានភៀសខ្លួនមកឥណ្ឌូនេស៊ីចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ ដែលក្នុងជំរំ មានជនភៀសខ្លួនចំនួន ១៣៧នាក់បានស្នាក់អាស្រ័យ។
កាលពីថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ និស្សិតសាកលវិទ្យាល័យឥណ្ឌូនេស៊ីរាប់រយនាក់ បានរត់សម្រុកចូលទៅក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្នុងគោលបំណងបង្ខំឱ្យពួកគេចាកចេញពីជំរំជាបន្ទាន់ ដោយសារមានព័ត៌មានមិនពិតជាច្រើនបានផ្សព្វផ្សាយលើបណ្តាញសង្គម ដែលបានបង្ហាញការរើសអើង និងនិយាយបែបបណ្តុះបង្អាប់ឱ្យស្អប់និងប្រឆាំងនឹងជនភៀសខ្លួនទាំងនេះ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមានប្រជាជនមូស្លីមធំជាងគេលើពិភពលោក ដែលមិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ ប៉ុន្តែឥណ្ឌូនេស៊ីមានប្រវត្តិបើកទទួលស្វាគមន៍ជនភៀសខ្លួនមកកាន់ឥណ្ឌូនេស៊ីក្រោមរូបភាពជាអ្នកជិតខាង។ ជនជាតិរ៉ូហ៊ីងយ៉ាភាគច្រើន ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌូនេស៊ី ឬប្រទេសជិតខាងម៉ាឡេស៊ី ចាប់ពីខែវិច្ឆិកា ដល់ខែមេសា ឆ្នាំ២០២៣ នៅពេលដែលសមុទ្រស្ងប់ស្ងាត់។ ជនជាតិរ៉ូហ៊ីងយ៉ាត្រូវបានគេចាត់ទុកថា ជាជនជាតិភាគតិចមកពីអាស៊ីខាងត្បូងដែលមិនមានសញ្ជាតិពេញលេញ ថែមទាំងទទួលរងការរំលោភបំពាន និងភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាជាញឹកញាប់៕
ប្រភព៖Bangkok Post ចុះថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣