en     km
en     km

មេដឹកនាំកូរ៉េខាងជើងអំពាវនាវឱ្យពន្លឿនការរៀបចំត្រៀមធ្វើសង្រ្គាមប្រឆាំងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង

Share

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅប្រទេសកូរ៉េខាងជើងបានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធា រួមទាំងអ្នកផលិតអាវុធនុយក្លេអ៊ែរទាំងអស់ ធ្វើយ៉ាងណាត្រូវពន្លឿននិងត្រៀមខ្លួនជាស្រេចក្នុងការធ្វើសង្រ្គាមការពារបូរណភាពទឹកដីរបស់ខ្លួន។

(កញ្ញា សៃ ចន្ធី រាយការណ៍)

​លោក គីម ជុងអ៊ុន បាន​ព្រមានពីទីក្រុង​​ ព្យុងយ៉ាង (Pyongyang) នៃប្រទេសកូរ៉េខាងជើងរបស់លោក​​ថា ​លោកនឹង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការបាញ់​​ប្រហារ​អាវុធនុយក្លេអ៊ែរចេញពីទីក្រុងនេះនោះទេ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការរបស់ទីក្រុង ​​ ព្យុងយ៉ាង (Pyongyang)  បានឱ្យដឹងថា លោក គីម ជុងអ៊ុន បានស្នើឱ្យភាគីពាក់ព័ន្ធបង្កើនល្បឿនបន្ថែមទៀតក្នុងការរៀបចំធ្វើសង្រ្គាម នៅគ្រប់វិស័យ រួមទាំងឈានដល់ការប្រើអាវុធនុយក្លេអ៊ែរ និងការការពារសង្គ្រាមស៊ីវិលទាំងមូល។ នេះបើយោងតាមសារព័ត៌មាន AFP ចុះផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣។

ស្ថានភាពយោធានៅលើឧបទ្វីបកូរ៉េខាងជើង បានរៀបចំយ៉ាងតឹងរ៉ឹង និងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដោយជោគជ័យ។ ក្នុងនោះ កូរ៉េខាងជើងបានកំណត់ឋានៈរបស់ខ្លួននៅក្នុងរដ្ឋធម្មនុញ្ញថា ជាមហាអំណាចនុយក្លេអ៊ែរ ហើយបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ទំនើបបំផុតនៅក្នុងឃ្លាំងអាវុធរបស់ខ្លួនផងដែរ។ នេះគឺជាការប្រឈមមុខដាក់គ្នាដែលមិនធ្លាប់មានពីមុនមករវាងប្រទេសផ្ដាច់ការកូរ៉េខាងជើងជាមួយនឹងប្រទេសមហាអំណាចសហរដ្ឋអាមេរិក។

ទន្ទឹមនឹងការបង្ហាញឥទ្ធិពលសព្វាវុធរបស់កូរ៉េខាងជើងនេះ ងាកមក ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកវិញ បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីសាកល្បងអាវុធដ៏ទៃទៀត និងគាំពារគ្នាទៅវិញមក ប្រសិនណាបើកូរ៉េខាងជើងបើកការបាញ់ប្រហារ។ ប្រព័ន្ធចែករំលែកទិន្នន័យមួយចំនួន ក៏បានប្រាប់ពីពេលវេលាជាក់ស្តែង​ចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើងទៅកាន់ប្រទេសទាំងនេះផងដែរ។

កន្លងមក កូរ៉េខាងជើងជាប្រទេសមួយ ដែលចោទប្រកាន់ថា សហរដ្ឋអាមេរិកប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-៥២ នៅក្នុងសមយុទ្ធរួមគ្នានៅលើឧបទ្វីបកូរ៉េថាជាចលនាបង្កហេតុនៃសង្គ្រាមនុយក្លេអ៊ែរដោយចេតនារបស់សហរដ្ឋអាមេរិក។ កាលពីដើមខែនេះ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានមកដល់កំពង់ផែទីក្រុង ប៊ូសានរបស់កូរ៉េខាងត្បូង ហើយទីក្រុងវ៉ាស៊ីនតោនបានបង្ហោះយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់ខ្លួនក្នុងសមយុទ្ធយោធាជាមួយទីក្រុងសេអ៊ូល នៃកូរ៉េខាងត្បូង និងទីក្រុងតូក្យូ នៃប្រទេសជប៉ុន៕

ប្រភព៖ AFP ចុះថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image