ក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ថា ថ្មីៗនេះមាន ឧក្រិដ្ឋជនឆបោកដែលបានប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាដោយបានកែឈ្មោះទៅជា -TRADE.COM ដើម្បីបង្កើតក្រុមតេឡេក្រាម (Telegram Group) ដែលក្រុមនោះមានឈ្មោះថា CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT ហើយមានសមាជិកក្នុងក្រុម សរុបចំនួន ៩.៣៩១ នាក់។
ក្នុងនោះក្រសួងយុត្តិធម៌ បានអះអាងថាក្រុមតេឡេក្រាមនេះ ត្រូវបានបង្កើតឡើងដោយក្រុមឧក្រិដ្ឋជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចូលរួម ក្នុងការធ្វើវិនិយោគខុសច្បាប់ដែលអាចនាំឱ្យខាតបង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ ក្រសួងយុត្តិធម៌បានប្រកាសថា សកម្មភាពដែលកំពុងតែធ្វើឡើងតាមរយៈក្រុមតេឡេក្រាមខាងលើនេះ មិនមានការពាក់ព័ន្ធជាមួយក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ និងកំពុងសហការជាមួយក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការតាម ផ្លូវច្បាប់ចំពោះករណីនេះ។
ទន្ទឹមនេះ ក្រសួងយុត្តិធម៌ បានអំពាវនាវដល់សាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចករណីខាងលើនេះ និងឱ្យចាកចេញពីក្រុមតេឡេក្រាមបែបនេះ ដើម្បីចៀសវាងកុំឱ្យចាញ់បោក ធ្វើឱ្យខាតបង់នូវទ្រព្យធនជាយថាហេតុ៕
អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ