ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នឹងបង្កើតមូលនិធិសមធម៌ជួយដល់ពលរដ្ឋកម្ពុជាក្រីក្រ ឱ្យមានឱកាសទទួលបានសេវាថែទាំសុខភាពរបស់រដ្ឋ។
ការបង្កើតមូលនិធិសមធម៌នេះ ក្រសួងជឿជាក់ថា នឹងជួយលើកកម្ពស់ជីវភាពនិងសុខុមាលពលរដ្ឋក្រីក្រ ឱ្យមានលទ្ធភាពទទួលបានការព្យាបាលជំងឺផ្សេងៗ។ ទន្ទឹមគ្នានេះសង្គលស៊ីវិលយល់ឃើញថា យន្តការនេះនឹងមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើក្រសួងសុខាភិបាលមិនពិនិត្យ និងកែប្រែឡើងវិញពីឥរិយាបថ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យជាមុន។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ជាមួយវិទ្យុស្ត្រីអែសអឹម ១០២ ក្នុងនាទីបទសម្ភាសន៍ប្រចាំថ្ងៃ កាលពីថ្ងៃសុក្រកន្លងទៅថា ក្រសួងសុខាភិបាលកម្ពុជា បង្កើតនិងពង្រឹងមូលនិធិសមធម៌ជួយដល់ពលរដ្ឋកម្ពុជាក្រីក្រ ឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យពលរដ្ឋក្រីក្រមានឱកាសទទួលបានសេវាថែទាំសុខភាពរបស់រដ្ឋ ដោយស្មើភាពគ្នាមិនមានការរើសអើង។
លោក ម៉ម ប៊ុនហេង បានបន្តថា មូលនិធិសមធម៌នេះ នឹងជួយដល់ពលរដ្ឋដែលមានជីវភាពក្រីក្រ ពុំមានលទ្ធភាពព្យាបាលជំងឺ ជនពិការ ជាពិសេសជួយដល់ចាស់ជរាគ្មានទីពឹង តាមរយៈការផ្តល់ថវិកាដល់ពលរដ្ឋក្នុងការព្យាបាលជំងឺផ្សេងៗ។ «យើងកំពុងធ្វើយ៉ាងម៉េច អនុវត្តឱ្យបានមូលនិធិសមធម៌ ជួយដល់ពលរដ្ឋ ជួយដល់ពលរដ្ឋដែលមានជីវភាពក្រីក្រពុំមានលទ្ធភាពព្យាបាលជំងឺ ជនពិការ ពិសេសជួយដល់ចាស់ជរាគ្មានទីពឹង មានន័យថា រដ្ឋនឹងផ្តលថវិកាជួសសម្រាប់គ្របដណ្តប់ប្រជាពលរដ្ឋក្រីក្ររបស់យើង ដែលហៅថាមូលនិធិសមធម៌»។
ទន្ទឹមនឹងការអនុវត្តមូលនិធិសមធម៌នេះដែរ លោក ម៉ម ប៊ុនហេង បានឱ្យដឹងទៀតថា ការបង់ថ្លៃសេវាព្យាបាលរបស់ពលរដ្ឋដល់មន្ទីរពេទ្យ ជាការចូលរួមចំណែករបស់ប្រជាពលរដ្ឋ ជួយលើកទឹកចិត្តដល់បុគ្គលិកគ្រូពេទ្យ និងជួយដល់មន្ទីរពេទ្យ។ លោកថា ក្រសួងសុខាភិបាលកំពុងរៀបចំប្រព័ន្ធសេវាបង់ប្រាក់ថ្លៃព្យាបាលជំងឺតាមប្រព័ន្ធគោលនយោបាយថ្មី ជាមួយក្រសួងហិរញ្ញវត្ថុ មិនអនុញ្ញាតិឱ្យគ្រូពេទ្យយកប្រាក់ដោយផ្ទាល់ពីអ្នកជំងឺឡើយ។
លោក សន ជ័យ នាយកប្រតិបតិ្តសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ជាមួយវិទ្យុស្ត្រី នៅថ្ងៃនេះថា ការបង្កើតមូលនិធិសមធម៌របស់ក្រសួងសុខាភិបាលជួយដល់ជនក្រីក្រ គឺជារឿងល្អមួយ ដែលអាចផ្តល់ឱកាសជួយដល់ប្រជាពលរដ្ឋគ្មានលទ្ធភាពព្យាបាលជំងឺ ឱ្យមានឱកាសទទួលបានសេវាព្យាបាលរបស់រដ្ឋ។
លោកថា យន្តការបង្កើតមូលនិធិសមធម៌របស់ក្រសួងសុខាភិបាលនៅពេលនេះ នឹងមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើក្រសួងសុខាភិបាលមិនពិនិត្យនិងកែប្រែឡើងវិញពីឥរិយាបថ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យជាមុន។ លោក សន ជ័យ បានសង្កត់ធ្ងន់ថា ការកែប្រែក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ជារឿងសំខាន់បំផុត ដែលតម្រូវឱ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់ និងចាប់ផ្តើមដោះស្រាយឱ្យខាងតែបាន ទើបប្រព័ន្ធសុខាភិបាលកម្ពុជាមានទំនុកចិត្តពីប្រជាពលរដ្ឋ។
ចំណែកអ្នកស្រាវជ្រាវបញ្ហាសង្គម លោក មាស នី បានមានប្រសាសន៍ថា ការបង្កើតមូលនិធិសមធម៌របស់ក្រសួងសុខាភិបាល ជាប្រការល្អមួយជួយដល់ពលរដ្ឋកម្ពុជាក្រីក្រ ឱ្យទទួលបានសេវាព្យាបាលរបស់រដ្ឋដោយមិនគិតថ្លៃ។ ក៏ន្តែលោកយល់ថា ការផ្តល់មូលនិធិសមធម៌នេះ អាជ្ញាធរមូលដ្ឋានគួរតែផ្ដល់ដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ប្រកបដោយមានតម្លាភាព។
ជុំវិញបញ្ហានេះ លោក មាស នី មានប្រសាសន៍បន្តថា ក្រមសីលធម៌វិជ្ជាជីវៈ ឬឥរិយាបថគ្រូពេទ្យក្នុងសង្គមខ្មែរ ក្រសួងសុខាភិបាលត្រូវតែពិនិត្យឡើងវិញ។ លោកថា បើទោះបីជា រដ្ឋាភិបាលបង្កើតមូលនិធិសមធម៌ ដំឡើងបៀរវត្ស បង្កើតប្រព័ន្ធបង់ប្រាក់ដោយគ្រូពេទ្យមិនទទួលដោយផ្ទាល់ពីអ្នកជំងឺក្តី ឬឥរិយាបថគ្រូពេទ្យមិនព្រមកែប្រែ ការរិៈគន់លើវិស័យសុខាភិបាលពីសាធារណជននៅតែបន្តមានដដែល។
សូមជម្រាបថា កន្លងទៅ មានការរិះគន់ជាច្រើន លើបញ្ហាវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យកម្ពុជា ថាក្រុមគ្រូពេទ្យមិនយកចិត្តទុកដាក់ដល់អ្នកជំងឺ។ ជុំវិញបញ្ហានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានទទួលស្គាល់ដែរថា ភាពខ្វះចន្លោះក្រមសីលធម៌វិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ ពិតជាមានមែន ប៉ុន្តែចំពោះតែគ្រូពេទ្យមួយចំនួនប៉ុណ្ណោះ ។ ក្នុងនោះដែរ ចាប់ពីឆ្នាំ ២០១៦ នេះតទៅ ក្រសួងសុខាភិបាលនឹងយកចិត្តទុកដាក់លើមន្ត្រីរបស់ខ្លួន ដំឡើងប្រាក់បៀវត្សដល់គ្រូពេទ្យថ្នាក់ទាបបំផុត ឱ្យបាន ៨០ ម៉ឺនរៀល និងបង្កើតសេវាបង់ប្រាក់តាមប្រព័ន្ធធានារ៉ាប់រងដល់ពលរដ្ឋក្នុងការព្យាបាលជំងឺ ដើម្បីធានា និងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ៕