en     km
en     km

​ក្រសួងសុខាភិបាល​បង្កើត​មូលនិធិ​សមធម៌​ដើម្បី​ជួយ​ពលរដ្ឋ​ក្រីក្រ​ព្យាបាល​ជំងឺ

Share

​​ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​កម្ពុជា​ នឹង​បង្កើត​មូលនិធិ​សមធម៌​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ក្រីក្រ​ ឱ្យ​មានឱកាស​ទទួល​បាន​សេវា​ថែទាំ​សុខភាព​របស់​រដ្ឋ​។​

​ការ​បង្កើត​មូលនិធិ​សមធម៌​នេះ​ ក្រសួង​ជឿជាក់​ថា​ នឹង​ជួយ​លើកកម្ពស់​ជីវភាព​និង​សុខុមាល​ពលរដ្ឋ​ក្រីក្រ​ ឱ្យ​មាន​លទ្ធភាព​ទទួល​បានការ​ព្យាបាល​ជំងឺ​ផ្សេងៗ​។​ ទន្ទឹម​គ្នា​នេះ​ស​ង្គ​ល​ស៊ី​វិល​យល់​ឃើញ​ថា​ យន្តការ​នេះ​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​ ប្រសិនបើ​ក្រសួងសុខាភិបាល​មិន​ពិនិត្យ​ និង​កែប្រែ​ឡើង​វិញ​ពី​ឥរិយាបថ​ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​ជា​មុន​។​

health-ministry-office-cover

​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​អែ​ស​អឹ​ម​ ១០២​ ក្នុង​នាទី​បទ​សម្ភាសន៍​ប្រចាំ​ថ្ងៃ​ កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថា​ ក្រសួងសុខាភិបាល​កម្ពុជា​ បង្កើត​និង​ពង្រឹង​មូលនិធិ​សមធម៌​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ក្រីក្រ​ ឱ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ឱ្យ​ពលរដ្ឋ​ក្រីក្រ​មានឱកាស​ទទួល​បាន​សេវា​ថែទាំ​សុខភាព​របស់​រដ្ឋ​ ដោយ​ស្មើភាព​គ្នា​មិន​មានការ​រើសអើង​។​
​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​បន្ត​ថា​ មូលនិធិ​សមធម៌​នេះ​ នឹង​ជួយ​ដល់​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​ ពុំ​មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ ជន​ពិការ​ ជា​ពិសេស​ជួយ​ដល់​ចាស់ជរា​គ្មាន​ទីពឹង​ តាម​រយៈ​ការ​ផ្តល់​ថវិកា​ដល់​ពលរដ្ឋ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ​។​ «​យើង​កំពុង​ធ្វើ​យ៉ាងម៉េច​ អនុវត្ត​ឱ្យ​បាន​មូលនិធិ​សមធម៌​ ជួយ​ដល់​ពលរដ្ឋ​ ជួយ​ដល់​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រី​ក្រពុំ​មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ ជន​ពិការ​ ពិសេស​ជួយ​ដល់​ចាស់ជរា​គ្មាន​ទីពឹង​ មាន​ន័យ​ថា​ រដ្ឋ​នឹង​ផ្តល​ថវិកា​ជួស​សម្រាប់​គ្របដណ្តប់​ប្រជាពលរដ្ឋ​ក្រីក្រ​របស់​យើង​ ដែល​ហៅ​ថា​មូលនិធិ​សមធម៌​»​។​

​ទន្ទឹម​នឹង​ការ​អនុវត្ត​មូលនិធិ​សមធម៌​នេះ​ដែរ​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បានឱ្យ​ដឹង​ទៀត​ថា​ ការ​បង់ថ្លៃ​សេវា​ព្យាបាល​របស់​ពលរដ្ឋ​ដល់​មន្ទីរពេទ្យ​ ជា​ការ​ចូលរួម​ចំណែក​របស់​ប្រជាពលរដ្ឋ​ ជួយ​លើកទឹកចិត្ត​ដល់​បុគ្គលិក​គ្រូពេទ្យ​ និង​ជួយ​ដល់​មន្ទីរពេទ្យ​។​ លោក​ថា​ ក្រសួងសុខាភិបាល​កំពុង​រៀបចំ​ប្រព័ន្ធ​សេវា​បង់ប្រាក់​ថ្លៃ​ព្យាបាល​ជំងឺ​តាម​ប្រព័ន្ធ​គោលនយោបាយ​ថ្មី​ ជាមួយ​ក្រសួង​ហិរញ្ញវត្ថុ​ មិន​អនុញ្ញាតិ​ឱ្យ​គ្រូពេទ្យ​យក​ប្រាក់​ដោយ​ផ្ទាល់​ពី​អ្នកជំងឺ​ឡើយ​។​

​លោក​ សន​ ជ័យ​ នាយក​ប្រ​តិ​ប​តិ្ត​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃនេះ​ថា​ ការ​បង្កើត​មូលនិធិ​សមធម៌​របស់​ក្រសួងសុខាភិបាល​ជួយ​ដល់​ជន​ក្រីក្រ​ គឺជា​រឿង​ល្អ​មួយ​ ដែល​អាច​ផ្តល់​ឱកាស​ជួយ​ដល់​ប្រជាពលរដ្ឋ​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ ឱ្យ​មានឱកាស​ទទួល​បាន​សេវា​ព្យាបាល​របស់​រដ្ឋ​។​

​លោក​ថា​ យន្តការ​បង្កើត​មូលនិធិ​សមធម៌​របស់​ក្រសួងសុខាភិបាល​នៅ​ពេល​នេះ​ នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​ ប្រសិនបើ​ក្រសួងសុខាភិបាល​មិន​ពិនិត្យ​និង​កែប្រែ​ឡើង​វិញ​ពី​ឥរិយាបថ​ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​ជា​មុន​។​ លោក​ សន​ ជ័យ​ បាន​សង្កត់ធ្ងន់​ថា​ ការ​កែប្រែ​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​ ជា​រឿង​សំខាន់​បំផុត​ ដែល​តម្រូវ​ឱ្យ​ក្រសួងសុខាភិបាល​យកចិត្តទុកដាក់​ និង​ចាប់ផ្តើម​ដោះស្រាយ​ឱ្យ​ខាង​តែ​បាន​ ទើប​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​មាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​។​

​ចំណែក​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​ លោក​ មាស​ នី​ បាន​មាន​ប្រសាសន៍​ថា​ ការ​បង្កើត​មូលនិធិ​សមធម៌​របស់​ក្រសួងសុខាភិបាល​ ជា​ប្រការ​ល្អ​មួយ​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ក្រីក្រ​ ឱ្យ​ទទួល​បាន​សេវា​ព្យាបាល​របស់​រដ្ឋ​ដោយ​មិន​គិតថ្លៃ​។​ ក៏​ន្តែ​លោក​យល់​ថា​ ការ​ផ្តល់​មូលនិធិ​សមធម៌​នេះ​ អាជ្ញាធរ​មូលដ្ឋាន​គួរតែ​ផ្ដល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ ប្រកបដោយ​មាន​តម្លាភាព​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ មាស​ នី​ មាន​ប្រសាសន៍​បន្ត​ថា​ ក្រមសីលធម៌​វិជ្ជាជីវៈ​ ឬ​ឥរិយាបថ​គ្រូពេទ្យ​ក្នុង​សង្គម​ខ្មែរ​ ក្រសួងសុខាភិបាល​ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ​។​ លោក​ថា​ បើ​ទោះបីជា​ រដ្ឋាភិបាល​បង្កើត​មូលនិធិ​សមធម៌​ ដំឡើង​បៀរ​វត្ស​ បង្កើត​ប្រព័ន្ធ​បង់ប្រាក់​ដោយ​គ្រូពេទ្យ​មិន​ទទួល​ដោយ​ផ្ទាល់​ពី​អ្នកជំងឺ​ក្តី​ ឬ​ឥរិយាបថ​គ្រូពេទ្យ​មិន​ព្រម​កែប្រែ​ ការ​រិៈ​គន់​លើ​វិស័យ​សុខាភិបាល​ពី​សាធារណជន​នៅ​តែ​បន្ត​មាន​ដដែល​។​

​សូម​ជម្រាប​ថា​ កន្លង​ទៅ​ មានការ​រិះគន់​ជា​ច្រើន​ លើ​បញ្ហា​វិជ្ជាជីវៈ​របស់​ក្រុម​គ្រូពេទ្យ​កម្ពុជា​ ថា​ក្រុម​គ្រូពេទ្យ​មិន​យកចិត្តទុកដាក់​ដល់​អ្នកជំងឺ​។​ ជុំវិញ​បញ្ហា​នេះ​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ក៏​បាន​ទទួលស្គាល់​ដែរ​ថា​ ភាព​ខ្វះចន្លោះ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ក្រុម​គ្រូពេទ្យ​ ពិតជា​មាន​មែន​ ប៉ុន្តែ​ចំពោះតែ​គ្រូពេទ្យ​មួយ​ចំនួន​ប៉ុណ្ណោះ​ ។​ ក្នុង​នោះ​ដែរ​ ចាប់ពី​ឆ្នាំ​ ២០១៦​ នេះ​តទៅ​ ក្រសួងសុខាភិបាល​នឹង​យកចិត្តទុកដាក់​លើ​មន្ត្រី​របស់​ខ្លួន​ ដំឡើង​ប្រាក់បៀវត្ស​ដល់​គ្រូពេទ្យ​ថ្នាក់ទាប​បំផុត​ ឱ្យ​បាន​ ៨០​ ម៉ឺន​រៀល​ និង​បង្កើត​សេវា​បង់ប្រាក់​តាម​ប្រព័ន្ធ​ធានា​រ៉ាប់រង​ដល់​ពលរដ្ឋ​ក្នុង​ការ​ព្យាបាល​ជំងឺ​ ដើម្បី​ធានា​ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​៕

Share

Image
Image
Image