នៅក្នុងសង្គមមួយរយៈចុងក្រោយនៃចុងឆ្នាំ២០២៣នេះ មានការវែកនិងប្រតិកម្មជាខ្លាំង ទាក់ទិននិងការអប់រំប្រៀនប្រដៅកុមារ។ ការដែលមហាជនផ្ទុះការវែកញែកច្រើនបែបនេះ ដោយសារតែកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០:០០នាទីនៅភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានវីឌីអូបង្ហោះចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពជនសង្ស័យទាំងពីររួមមានម្តាយមីងនិងជីដូន បានជួយគ្នាចង់ដៃចង់ជើងលើជនរងគ្រោះ និងបានទះកំផ្លៀងបន្ថែមលើផ្ទៃមុខផងនោះថា ជាការប្រៀនប្រដៅកូនក៏ដូចជាវីធីអប់រំជាដើម។ ករណីនេះធ្វើលេចចេញជាសំណួរថា តើរូបភាពបែបណា ទើបជាការអប់រំកុមារ ឱ្យបានប្រសើរ?
(កញ្ញា ងិន ស៊ាង លីម រាយការណ៍)
យោងតាមវីឌីអូនោះ មហាជនមួយចំនួនបានលើកឡើងថា ការចងដៃចងជើងក្មេងហើយទះកំផ្លៀងដាក់ចោលក្រៅផ្ទះបែបនេះ ពុំមែនជារបៀបប្រដៅកុមារនោះទេ តែជាករណីប្រើអំពើហិង្សាលើកុមារឬអនីតិជន និងជាការបំពានសិទ្ធកុមារ ។ មហាជនមួយចំនួនទៀត បានចូលរួមផ្តល់មតិថា «ការចិញ្ចឹមក្មេងនិងម្តាយចាស់រាល់ថ្ងៃពិតជាការលះបង់ធំណាស់ ចំពោះរឿងប្រដៅអប់រំក្មេងវិញក៏ជារឿងដែលលំបាកដែរ បើករណីក្មេងរឹង និងមានៈ»។ ទទឹមគ្នានេះ ក៏មានមតិថា «ពាក្យថាក្មេងគឺមានន័យថា មិនទាន់ដឹងអីខុស អីត្រូវទេ ទាល់តែតែមនុស្សធំប្រាប់ឱ្យស្គាល់ឲ្យដឹង តែអាយុប៉ុណ្ណឹងក៏គ្នាមិនទាន់ដឹងអី១០០%ដែរ ហេតុអ្វីបានជាធ្វើបាបដល់ថ្នាក់ ចងដៃចងជើង យកដាក់នៅថ្នល់? ចុះបើមានឡានបើកមកអត់បានមើលនឹងមានរឿងអី?» ជាមួយគ្នា មនុស្សជាច្រើន «មិនបានគាំទ្រការប្រដៅដោយប្រើទារុណកម្មបែបនេះទេ»។ នេះជាសម័យទំនើបវិធីអប់រំកុមារមានច្រើនណាស់ មិនសេរីភាពដូចការពីមុនដែលប្រដៅតោងប្រើទារុណកម្មនោះទេ។
ទាក់ទិងនឹងបញ្ហានេះ លោកស្រីស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមន៍គ្រូបង្រៀនមានប្រសាសន៍ថា៖
«ការប្រដៅកូនដូចខ្ញុំជម្រាបខាងដើមអ៊ីចឹងចា៎!! ការប្រដៅកូនយើងមើលតាមបែបផែនកូនហើយក៏មិនឱ្យហួស របត់នៃការទទួលយកហ្នឹងដែរ។ យើងឃើញហើយថាពាក្យចាស់ពោលថាប្រដៅកូនត្រូវប្រើរំពត់ៗហ្នឹងមិនវ៉ៃឱ្យបាក់ឆ្អឹងកូនឬក៏រំពត់ធំ គេប្រើគ្រាន់តែសម្ញើញក្មេងតែបន្តិចប៉ុណ្ណឹងទេ។ ហើយបើក្មេងតូចដែលៗឃើញថាវ៉ៃចងដៃទៅក្រោយអី អាហ្នឹង ជាការដាក់ទណ្ឌកម្មដ៏ក្មេងធ្ងន់ធ្ងរហើយចា៎!! តែបើសិនជាយើងប្រើប្រាស់តែរំពត់តូចដោយគ្រាន់តែសម្ញើញអីតិចតួច អាហ្នឹងអត់មានការខុសច្បាប់ ហើយអត់មានការធ្វើទណ្ឌកម្មកុមារទេចា៎!!»។
ជុំវិញបញ្ហាការអប់រំកុមារក៏ដូចជាវីធីអប់រំនេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់បានលើកឡើងថា៖
« ចំពោះខ្ញុំមើលឃើញករណីហ្នឹងអើ! មើលឃើញរូបភាពវាជាអំពើហិង្សាឃោឃៅដល់កុមារហ្នឹងវាជាបញ្ហាមួយដែលយើង សង្គមយើងក៏យើងត្រូវតែបទបែនទៅតាមនៃការអប់រំនៃវិទ្យាសាស្ត្រផងដែរ។ អ៊ីចឹង! ឪពុកម្តាយមួយៗទាល់តែយើងមានភាពទន់ភ្លន់ មានភាព សុភាពរាបសារចំពោះកូន ព្រោះឥឡូវហ្នឹង មនុស្សយើងទាំងចាស់ទាំងក្មេងរស់នៅក្នុងបរិបទ Globalization នៃបច្ចេកវិទ្យា អ៊ីចឹងការអប់រំទាមទារភាពអត់ធ្មត់ ទាមទារនូវភាពចិត្តទុកដាក់ចំពោះក្មេង ទោះបីជាក្មេងពេលខ្លះមានៈមែន ប៉ុន្តែយើងជាឪពុកម្តាយមានភាពអត់ធ្មត់ណាស់ រឿងអស់ហ្នឹង ចឹងមានតែការចូលរួមបំបាត់អំពើរហិង្សាលើកុមារផងដែរ។ ចំពោះចាស់ៗយើងពីសម័យមុន ការអប់រំរាងក្តៅតិច ឥឡូវហ្នឹងគឺទាមទារឱ្យមានការគោរពសិទ្ធកុមារ អ្វីដល់សំខាន់ហ្នឹងគឺយាយតាចង់ឱ្យតែក្មេងហ្នឹងល្អ តែពេលខ្លះ បញ្ហាទៅក៏មានការជ្រុលជ្រោះផងដែរ។»
ទន្ទឹមនឹងការផ្ដល់នូវទស្សនៈខាងលើនេះ លោករ័ត្ន សណ្តាប់ បានបន្ថែមថា ករណីទាំងអស់ហ្នឹងក៏ទាមទារការយកចិត្តទុកនូវការរួមគ្នាពីស្ថាប័នផ្សេងៗ៕
អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕