មន្ត្រីការិយាល័យអភិវឌ្ឍន៍គម្រោងសហគមន៍ នៃមន្ទីបរិស្ថានខេត្តកំពង់ស្ពឺនិយាយថា រឿងដីព្រៃសហគមន៍ឧត្តមស្រែពស់ ក្នុងឃុំត្រពាំងជោ បានបញ្ចប់ហើយមិនមានអ្វីត្រូវលើកយកមកនិយាយទៀតទេ។ ប៉ុន្តែពលរដ្ឋសហគមន៍ឧត្តមស្រែពស់ ជាអ្នកការព្រៃមេត្តាធម្មជាតិថារឿងនេះមិនទាន់ទទួលបានដំណោះស្រាយណាមួយទេ ហើយអះអាងថាពួកគេកំពុងរងឈូសឆាយដណ្តើមយកពីក្រុមទាហាន។ តែទោះយ៉ាងណា ពួកគេនៅតែប្តេជ្ញាតស៊ូការពារ ដីព្រៃនេះ និង អំពាវនាវទាមទារកដំណោះស្រាយ ។
(លោក អ៊ុក ដែន សូមជូននូវសេចក្តីរាយការណ៍)៖
មន្ត្រីការិយាល័យអភិវឌ្ឍន៍គម្រោងសហគមន៍ នៃមន្ទីបរិស្ថានខេត្តកំពង់ស្ពឺមានប្រសាសន៍ថា ចំពោះរឿងដីព្រៃសហគមន៍ឧត្តមស្រែពស់ គឺមិនមានអ្វីអាចពណ៌នាទៀតទេ ព្រោះថ្នាក់ដឹកនាំបានសម្របសម្រួលចប់សព្វគ្រប់អស់ហើយ។
តែពលរដ្ឋអ្នកការពារព្រៃសហគមន៍ឧត្តមស្រែពស់ នៅតែអះអាងថា ពួកគេនៅមិនទទួលបានការដោះស្រាយណាមួយទេ ខណៈពេលនេះសហគមន៍កំពុងបន្តជម្លោះប្រទាញប្រទង់គ្នានៅឡើយ ឯដីព្រៃមេត្តាធម្មជាតិដែលពួកគេខំការពារ ក៏កំពុងរងការឈូសឆាយទន្ទ្រានពីសំណាក់ក្រុមទាហាន និងការប្រើហិង្សាដោយពាក្យសំដី និងការប្តឹងផ្តល់ជាដើម។ ទោះជាយ៉ាងណា ក៏ពួកគេនៅតែប្តេជ្ញាតស៊ូការពារព្រៃមេត្តាធម្មជាតិ រហូតទាល់តែមានដំណោះស្រាយណាមួយសមស្រប ដែលពួកគេអាចទទួលយកបាន។
លោក លាង ប៉ន អាយុ ៤៨ឆ្នាំរស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាសមាជិកសហគមន៍ ការពារព្រៃឈើឧត្តមស្រែពស់ បានប្រាប់វិទ្យុស្ត្រីថា ពលរដ្ឋការពារសម្បត្តិរួមរបស់ជាតិ ព្រោះពលរដ្ឋទាំងបីភូមិយល់ថា គ្រាន់តែការពារមរតកវប្បធម៌សាសនា ព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិ ដូចជាមិនមានអ្វីខុសច្បាប់ទេ។
« ពួកយើងខ្ញុំមុននឹងតស៊ូ ការពារដីនេះព្រោះមាន អាជ្ញាធរឃុំ និងអាជ្ញាធរស្រុក និងលោកអភិបាលខេត្ត វ៉ី សំណាង គាត់បានជួយឲ្យពលរដ្ឋហ្នឹង ការពារព្រៃធនធានធម្មជាតិនិងជម្រកសត្វព្រៃ បានអញ្ចឹងពួកយើងខ្ញុំមានឯកសារយោងផ្សេងៗជាច្រើន អ៊ីចឹងទោះបីប្រឈមនឹងច្បាប់យ៉ាងណាក៏ពួកយើងខ្ញុំនៅតស៊ូដែរ។ ព្រោះពួកយើងខ្ញុំនឹកឃើញថាពលរដ្ឋការពារដើម្បីសមូហភាព មិនមែនជារបស់យកឯកជនទេ ព្រោះជាគោលសហគមន៍ ទីមួយគឺ បរិស្ថាន ទីពីរជម្រកសត្វ ទីបីគឺមរតកព្រះពុទ្ធសាសនា »។
ចំណែកលោក ជា ចាន់ អាយុ ៤៣ឆ្នាំ ជាសមាជិកសហគមន៍ការពារព្រៃមេត្តាធម្មជាតិម្នាក់ទៀត ដែលរស់នៅភូមិជាមួយលោក លាង ប៉ន បានប្រាប់វិទ្យុស្ត្រីថា ព្រៃនេះជាកន្លែងសក្ការៈបូជារបស់ពួកលោក ហើយមានព្រះសង្ឃគង់នៅតាំងពីយូរមកហើយ។ តែនាចុងឆ្នាំ២០២១ ក្រុមទាហានគេមកឈូសឆាយបំផ្លាញខ្ទេចខ្ទី និងបង្កឱ្យមានជម្លោះរហូតមកដល់សព្វថ្ងៃ។
«បាទពួកខ្ញុំចង់ការពារ ព្រោះដីហ្នឹងវាមានព្រះនៅហ្នឹង កន្លែងពួកខ្ញុំគោរពបូជាហ្នឹង ហើយមានព្រះសង្ឃអីនៅ ហើយដីហ្នឹងយើងការពារជារបស់រួមទេ ទុកគោរពបូជាអ៊ីចឹងណាលោកគ្រូ ពួកហ្នឹងដែលគេមកឈូសឆាយហ្នឹង គេលើកគេស្ទូចយកព្រះមកដាក់នៅនិងដី នៅអីអ៊ីចឹងណាទៅ គេសម្លុតគំរាមបាញ់ដល់អ៊ីចឹងពួកខ្ញុំខានមួយរយៈទៅ។ ដល់ពេលបានច្បាប់ (“ស ជ ណ” របស់ក្រសួងមហាផ្ទៃ)មកអ៊ីចឹង ខ្ញុំហ្នឹងក៏នាំគ្នាយកព្រះទៅដាក់នៅលើបាល័ង្គនឹងវិញទៅ។ ពេលហ្នឹងមាននិស្សិត សម្តេច ហ៊ុន សែន សម្ដេច ហ៊ុន ម៉ាណែត គាត់អត់ទាន់ឡើងផង គាត់មកគាត់ថា គាត់នឹងជួយសហគមន៍ មិនបានទាំងអស់វិញក៏បានខ្លះដែរ »។
តំណាងសហគមន៍ឧត្តមស្រែពស់ លោក ឃន សារិត អាយុ ៤៣ឆ្នាំ រស់នៅភូមិ ឃុំខាងលើដែរ បានប្រាប់វិទ្យុស្ត្រីថា កាលក្រុមការងារចំរុះបានចុះដើរវាស់វែង ពលរដ្ឋឃើញមានភាពមិនប្រក្រតីជាច្រើន ទើបពលរដ្ឋមិនសុខចិត្ត ក៏បានស្នើ ក្រុមយុវជន ខ្មែរថាវរៈ ដែលមានជំនាញប្រើប្រាស់ G P S ឱ្យជួយវាស់វែងម្តងទៀត។ ក្រុមយុវជន បានដើរវាស់ឃើញដីដែលក្រុមទាហានឈូសឆាយលើសពីចំនួនដែលបានកំណត់ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ ហើយក្រុមយុវជនថានឹងនាំយកសំណើរបស់សហគមន៍ទៅដាក់ជូនសម្តេច ហ៊ុន សែន ដោយផ្ទាល់។ ក្រោយមកមានការជូនដំណឹងថាដំណោះស្រាយអាចនឹងមាន។ ទើបតែចុងក្រោយថ្មីៗនេះ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបក្រុមយុវជនខ្មែរថាវរៈផ្ដល់ដំណឹងមកទៀតថា មិនអាចជួយបានទៅវិញ។
«គាត់បានលើកឡើងថា សម្ដេចគាត់មានប្រសាសន៍ថា បើសិនជាឱ្យលុបអនុក្រឹត្យតែម្ដងគឺអត់អាចទេ។ ដោយសារគាត់បានកាត់ជ្វាលដីហ្នឹងទៅឲ្យក្រុមទាហានហើយ។ ហើយគាត់បានប្រាប់យើងថាបើសិនជាយើងអាច គេក៏បានខ្លះសហគមន៍យើងក៏បានខ្លះ អាហ្នឹងដំណោះស្រាយវាអាចនឹងឆាប់ចប់ ។ ទើបតែចុងក្រោយថ្មីៗនេះ ថ្ងៃទី២២ ខែ១១នេះទើបមាន គាត់ឆ្លើយតបមកទៀតថា ឲ្យយើងឈប់តវ៉ាឈប់ទៅទាមទារអីទៀតទៅ ប្រយ័ត្នគេប្ដឹងហើយ ប្រយ័ត្នគេចាប់ដាក់គុកដាក់អីអញ្ចឹងណា»។
ជុំវិញរឿងនេះ លោក ជូ ចន្ទដារាឫទ្ធិ ប្រធានការិយាល័យអភិវឌ្ឍន៍គម្រោងសហគមន៍ ប្រចាំមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុស្ត្រី ថា លោកមិនអាចពណ៌នាអ្វីទៀតបានទេ ព្រោះកាលពីចុងឆ្នាំ២០២២ មានការចុះពិនិត្យជាក់ស្តែងដល់ទីតាំងដីផ្ទាល់ ដោយក្រុមការងារអន្តរក្រសួង រួមទាំងក្រុមយុវជនខ្មែរថាវរៈ ហើយថ្នាក់ដឹកនាំក៏បានសម្រេចសម្រួលចប់សព្វគ្រប់អស់ហើយដែរ។
លោកមានប្រសាន៍ថា៖
« ខាងក្រុមយុវជន ខ្មែរថាវរៈ លោកបានរាយការដូចប្អូននិយាយអញ្ចឹង ថាលើស អញ្ចេះ លើសអញ្ចុះ ប៉ុន្តែនៅពេលដែលយើងទៅពិនិត្យទៅឃើញថាមិនមានការលើសទេ អញ្ចឹងអ្វីៗគឺយើងបានយល់គ្នាតាំងពីថ្ងៃនោះ ហើយក៏បានបញ្ចប់រួចហើយ ខ្ញុំគិតថារឿងហ្នឹងមិនគួរណា នឹងលើកឡើងមកទៀត ដោយសារយើងអត់មានអីត្រូវធ្វើទៀតទេ។ ខ្ញុំអត់ដឹងថាប្រជាពលរដ្ឋយ៉ាងណា ព្រោះឥឡូវលោកមិនសុខចិត្ត តែអត់ឃើញមានលិខិតអីមកមន្ទីទៀតទេ បើសិនជាលោកមិនសុខចិត្ត ក៏គួរមានអ្វីជាបន្ទាល់ទៀត លើសពីអ្វីដែលលោកមិនសុខចិត្តហ្នឹង បាទគាត់គួរតែធ្វើអ្វីដែល…. មិនមែនថាឱ្យគាត់ធ្វើទេ ប៉ុន្តែសំខាន់ថាខ្ញុំទើបតែទទួលបានពត៌មានពីខាងប្អូន ថាគាត់មិនសុខចិត្ត ប៉ុន្តែខ្ញុំគិតថារឿងនេះបានបញ្ចប់ហើយ»។
ក៏ប៉ុន្តែលោក ឈន ធា អាយុ ៤៧ឆ្នាំ ជាប្រជាសហគមន៍ឧត្តមស្រែពស់ រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោដែរ បានប្រាប់វិទ្យុស្ត្រីថា មិនមានការចុះមកសម្របសម្រួលជាមួយប្រជាសហគមន៍ទេ ការដែលចុះមកវាស់គឺវាស់តែគ្នាគេ ពេលប្រជាសហគមន៍ដឹងក៏ស្កាត់ទៅជួបនៅក្នុងព្រៃ ហើយស្នើឱ្យវាស់វែង និងដោះស្រាយដីមានទំនាស់ជាមួយទាហាន តែគណៈកម្មការចំរុះនោះ គេមិនព្រមតាមសំណូមពររបស់ពលរដ្ឋឡើយ។
«ការសម្របសម្រួលជាមួយសមាជិក គឺអត់មានទេគ្រូ ក្រែងលោសម្រួលជាមួយគណកម្មការប៉ុន្មាននាក់ហ្នឺងខ្ញុំក៏អត់ដឹងដែរគ្រូ កាលឃើញហ្នឹង គឺឃើញគេដើរវាស់ក្នុងព្រៃ ប្រជាសគមន៍ក៏ទៅជំទាស់មិនឱ្យវាស់វែងតាមតែអជ្ញាធរអញ្ចឹងណាលោកគ្រូ ចង់ឱ្យការដោះស្រាយអាដីឈូសឆាយទាំងអម្បាលម៉ានហ្នឹង ដែលបានប៉ះពាល់ជាមួយទាហាន និងដីព្រៃដែលខំការពារ ដើម្បីឱ្យបានដោះស្រាយអាកន្លែងហ្នឹង តែគណៈកម្មការអជ្ញាធររដ្ឋចំរុះហ្នឹង អត់ឯកភាព អត់ធ្វើតាមការស្នើរសុំរបស់ប្រជាសហគមន៍ណាលោកគ្រូ»។
អ្នកសម្របសម្រួលគម្រោងនៃសមាគមន៍បណ្ដាញយុវជនកម្ពុជា លោក អូត ឡាទីន យល់ថា រដ្ឋាភិបាលគួរអនុវត្តគោលនយោបាយអភិវឌ្ឍន៍មួយដែលគិតពីសុខទុក្ខ និងផលប្រយោជន៍រាស្ត្រជាធំ។
« សហគមន៍ការពារព្រៃមេត្តាធម្មជាតិនេះគឺគាត់បានជួបប្រទះនៅបញ្ហាដូចជាការគំរាមកំហែងនិងយូរហើយ ទាំងការប្រើអំពើហិង្សា ទាំងការចោទប្រកាន់ផ្លូវតុលាការ ហើយទាំងការយារយីពីអាជ្ញាធរនៅក្នុងមូលដ្ឋាន ។ ព្រៃមេត្តាធម្មជាតិឬព្រៃឧត្តមស្រែពស់នេះ មែនទែនទៅប្រជាសហគមន៍ហើយនិងព្រះសង្ឃ ខិតខំការពារជាយូជាណាស់មកហើយ បើសិនជារាជរដ្ឋាភិបាល ជារដ្ឋាភិបាល របស់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ រាជរដ្ឋាភិបាលត្រូវតែ ធ្វើការអភិវឌ្ឍន៍មួយ ដែលគិតអំពីសមិទ្ធផលដែលពលរដ្ឋបានខិតខំការពារ ខិតខំថែរក្សា»។
លោក សា រិត បានសំណូមពរដល់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធ មេត្តាជួយរកដំណោះស្រាយ ហើយការដោះស្រាយសូមចុះមកដោះជាមួយពលរដ្ឋមូលដ្ឋាន និងអ្នករងផលប៉ះពាល់ផ្ទាល់ ទើបពលរដ្ឋទទួលបានដំណោះស្រាយពិតប្រាកដ។
«ខ្ញុំសំណូមពរដល់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធ មេត្តាជួយរកដំណោះស្រាយ ហើយការដោះស្រាយនិងគួរណាដោះស្រាយចាមួយប្រជាពលរដ្ឋដោយផ្ទាល់ដើម្បីឱ្យគាតទទួលយកបាន បើដោះស្រាយតែជាមួយអ្នកដែលមិនទាមទា មិនប៉ះពាល់អញ្ចឹង គាត់ចេះតែទទួលយកហើយ តែអ្នកដែលប៉ះពាល់គាតនៅតែទាមទា អញ្ចឹងដោះអត់ចប់ទេ បើចងដោះចប់ លុះត្រា អ្នកដែលពាក់ព័ន្ធ ហៅអ្នកដែលទាមទាហ្នឹងដោះស្រាយពិក្សាគ្នាអ្វីដែលគាត់ទទួលយកបានអាហ្នឹងបានចប់ ហើយបើអត់ទេគាត់នៅតែដោះស្រាយជាមួយអ្នកអត់ទាមទានឹងជម្លោះហ្នឹងវាអត់ចប់ទេ ហើយពេលដែលដោះស្រាយចប់ហើយគួរតែបោះបង្គោលបោះព្រំអីឱ្យត្រឹមត្រូវថាត្រឹមណាដីទាហាន ត្រឹមណាដីសហគមន៍»។
ព្រៃមេត្តាធម្មជាតិ ជាកន្លែងដែលប្រជាពលរដ្ឋគោរពទុកជាទីសក្ការៈបូជា និងមានព្រះសង្ឃគង់នៅថែរក្សាជាយូរមកហើយ។ ពួកគេអះអាងថា នៅចុងឆ្នាំ២០២១ ក្រុមទាហានកងរថក្រោះ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក (ង៧០)បានឈូសទន្ទ្រានយកបន្ទាប់រដ្ឋាភិបាល បានចេញអនុក្រឹត្យ កាត់ជ្វាលផ្ទៃដីប្រមាណជាង ២៦២ហិកតាចេញពីដែនជម្រកសត្វព្រៃស្រុកឱរ៉ាល់។ ហើយចាប់ពីពេលនោះមក ប្រជាពលរដ្ឋរាប់រយនាក់នៅឃុំត្រពាំងជោ បានតវ៉ាប្រឆាំងនឹងក្រុមទាហានមិនឱ្យឈូសឆាយដីព្រៃមេត្តាធម្មជាតិ ហើយប៉ះទង្គិចគ្នានិងបន្តជម្លោះរហូតដល់សព្វថ្ងៃ៕