en     km
en     km

កម្ពុជាបង្ហាញឆន្ទៈកាត់បន្ថយចំណាកស្រុកខុសច្បាប់ និងការពារសិទ្ធិពលករខ្មែរនៅបរទេស

Share

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេស។ ការថ្លែងនេះធ្វើឡើងក្នុងពិធីបើក ទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករ ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) កាលពីពេលថ្មីៗនេះ។

(កញ្ញា សួ សុវណ្ណិកា រាយការណ៍)

យោងតាមក្រសួងព័ត៌មានបានបង្ហាញថែមទៀតថា លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា បានកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកិច្ចការគាំពារ និងលើកកម្ពស់សិទ្ធិពលករទសន្តប្រវេសន៍ដោយអះអាងក្រសួងមានគំនិតផ្តួចផ្តើម និងយន្តការការពារជាច្រើនទាំងក្នុងប្រទេស កម្រិតតំបន់ និងអន្តរជាតិ។

លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា

ថ្លែងក្នុងទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ លោកស្រីថា៖ «កម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើវិស័យការងារ និងពលករទេសន្តប្រវេសន៍ដែលបានធ្វើឱ្យវិស័យនេះក្លាយជាយន្តការគន្លឹះជាអាទិភាពមួយក្នុងការលើកកម្ពស់ និងការពារសិទិ្ធពលករចំណាកស្រុក។ តាមរយៈយន្តការនេះ កម្ពុជា បានលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនៅជីវភាពរបស់ពលករតាមរយៈគំនិតផ្តួចផ្តើមជាច្រើន និងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ»។

លោកស្រីបានបន្តគូសបញ្ជាក់ថា ពលករចំណាកស្រុកកម្ពុជាគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេចដ្ឋកិច្ចជាតិតាមរយៈចំណូលប្រមាណ២.២ពាន់លាន់ដុល្លារក្នុងរយៈពេល១ឆ្នាំៗ ខណៈដែលកម្ពុជាមានពលរដ្ឋចំណាកស្រុកប្រមាណ១.៣លាននាក់ដែលកំពុងបម្រើការងារនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សឹង្ហបូរី កោះហុងកុង និងរាជាណាចក្រអារ៉ាប៊ីសាវអូឌីត។ សម្រាប់លោកស្រី បើទោះបីជាបញ្ហាពលករចំណាកស្រុកជាបញ្ហាអន្តរជាតិនិងមានភាពស្មុគស្មាញ ប៉ុន្តែក្នុងនាមប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)  និងអង្គការអន្តរជាតិខាងការងារ(ILO) បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងការធ្វើចំណាកស្រុកដោយស្របច្បាប់។

លើសពីនេះក្រសួងការងារ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានក្រមសីលធម៌ និងមនសិកាវិជ្ជាជីវ:ដើម្បីរួមគ្នាសម្រេចបាននូវគោលដៅរួមដែលចង់បានការលើកកម្ពស់ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់នានាជូនពលករទេសន្តរប្រវេសន៍៕

អត្ថបទ៖​សួ សុវណ្ណិកា

Share

ព័ត៌មានទាក់ទង

Image