ផ្អែកតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចដកហូតមុខតំណែង ឋានន្ដរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌ លើមន្ដ្រីម្នាក់មានឈ្មោះថា សួន តុសិតពិទូរ្យ ដោយលោកបានល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
មន្ដ្រីដែលត្រូវបានលោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បណ្ដេញចេញពីក្របខណ្ឌនោះ មានតួនាទីជានាយករងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកបានជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។ នេះបើតាមការឱ្យដឹងពីលោក ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
នេះមិនមែនជាលើកទីមួយទេ ដែលលោក ស សុខា សម្រេចបណ្ដេញមន្ដ្រីក្រោមឱវាទចេញពីក្របខ័ណ្ឌ ករណីរកឃើញថា ប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ និងច្បាប់ជាតិ ។ កន្លងមក លោកធ្លាប់បានបញ្ជាឱ្យធ្វើតេស្ដទឹកនោមលើមន្ដ្រីតាមពន្ធធនាគារផងដែរ ប្រសិនបើរកឃើញថាជាប់ព័ន្ធនឹងគ្រឿងញៀន ទាំងការរក្សាទុក ប្រើប្រាស់ និងជួញដូរ នោះនឹងត្រូវបណ្ដេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ។
សង្គមស៊ីវិលធ្លាប់បានលើកឡើងថា មានករណីការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមពន្ធធនាគារ។ ចំពោះចំណាត់ការពីក្រសួងមហាផ្ទៃបែបនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានសារទរថាជារឿងល្អមួយក្នុងការបង្រា្កបបញ្ហាគ្រឿងញៀន។
ក្នុងអាណត្តិទី៧នេះ លោករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃប្ដេជ្ញាចិត្តកម្ចាត់គ្រឿងញៀន ឱ្យបានចន្លោះពី២០%ទៅ៣០% ដោយលោកចាត់ទុកបញ្ហាគ្រឿងញៀននេះ គឺជា “មេគ្រោះ”មួយដែលត្រូវការកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីឈានទៅប្រយុទ្ធប្រឆាំងនឹងវា៕