ផ្អែកតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានអោយដឹងថា សមត្ថកិច្ចជំនាញនៃខាងមន្ទីរបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនបរទេសចំនួន ៤នាក់ ដោយរឹបអូសគ្រឿងញៀនជិត៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម។ការបង្ក្រាបនេះអនុវត្តតាមបញ្ជាអគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញ (ក១១)បានេធ្វើការទៅលើពីរគោលដៅផ្សេងគ្នា ទី១៖ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទី២៖ បុរីមួយកន្លែង ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ៖ ១. ឈ្មោះ XIE JIE ភេទប្រុស ជនជាតិចិន ២.ឈ្មោះ LE MINH HUY ភេទប្រុស ជនជាតិវៀតណាម ៣.ឈ្មោះ TRAN NGOC PHAT ភេទប្រុស ជនជាតិវៀតណាម និង៤. ឈ្មោះ ZANG PEIPEI ភេទប្រុស ជនជាតិចិន ។
ចំណែកវត្ថុតាងដែលចាប់យកបានរួមមាន៖ សារធាតុញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២៦ គីឡូក្រាម និង៤៦ក្រាម, សារធាតុញៀនមេតំហ្វេតាមីន (ICE) ទម្ងន់ ២៨ គីឡូក្រាម និង ៣៨០ក្រាម, សារធាតុញៀនកេតាមីន (Ketamine) ទម្ងន់ ៨៣២ ក្រាម, សារធាតុញៀននីមេតាហ្សេប៉ាម ទម្ងន់ ២ គីឡូក្រាម ៩៦៦ក្រាម។ សរុបគ្រឿងញៀន ទម្ងន់ ៥៨ គីឡូក្រាម និង២២៤ ក្រាម ជាមួយសារធាតុផ្សំបង្កើនបរិមាណ ទម្ងន់ ៣៣៦.៤០ គីឡូក្រាម និងសារធាតុមិនច្បាស់ ៣ គីឡូក្រាម និង៩៦៦ ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងរឹបអូសបាន ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕